អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

អន្តរាគមន៍​របស់​រដ្ឋ​ទៅ​លើ​តម្លៃ​ដឹក​ជញ្ជូន​គួរ​តែ​ធ្វើ​ជា​បន្ត បើ​ចង់​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ពលរដ្ឋ

ចុះផ្សាយ​នៅ​ថ្ងៃ៖

បញ្ហា​ឡើង​ថ្លៃ​រថយន្ត​នៅ​ក្នុង​អំឡុង​បុណ្យ​ធំៗ ឆ្នាំ​ណា​ក៏​បាន​ចោទ​ជា​បញ្ហា​ដែរ ដោយ​ហេតុ​ថា ប្រទេស​កម្ពុជា​បាន​អនុវត្ត​តាម​សេដ្ឋកិច្ច​ទី​ផ្សារ​សេរី។ ក៏​ប៉ុន្តែ​រយៈពេល ២​ឆ្នាំ​ចុង​ក្រោយ​នេះ បញ្ហា​សំបុត្រ​ឡាន​ឡើង​ថ្លៃ ត្រូវ​បាន​ដោះ​ស្រាយ​ជា​បណ្តើរៗ​ហើយ តាម​រយៈ​អន្តរាគមន៍​របស់​ក្រសួង​ដឹក​ជញ្ជូន ខណៈ​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​មួយ​នៃ​កំណែ​ទម្រង់។ មក​ទល់​ឆ្នាំ​នេះ​ជា​ឆ្នាំ​ទី ២​ហើយ​ដែល​ក្រុមហ៊ុន​ដឹក​ជញ្ជូន​រថយន្ត​ក្រុង​ធំៗ ១​ចំនួន​ប្រកាស​មិន​ឡើង​ថ្លៃ​សំបុត្រ​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី។

អន្តរាគមន៍​​របស់​​រដ្ឋ​​ទៅ​​លើ​​តម្លៃ​​ដឹក​​ជញ្ជូន​​គួរ​​តែ​​ធ្វើ​​ជា​​បន្ត បើ​​ចង់​​កាត់​​បន្ថយ​​ភាព​​ក្រីក្រ​​របស់​​ពលរដ្ឋ
អន្តរាគមន៍​​របស់​​រដ្ឋ​​ទៅ​​លើ​​តម្លៃ​​ដឹក​​ជញ្ជូន​​គួរ​​តែ​​ធ្វើ​​ជា​​បន្ត បើ​​ចង់​​កាត់​​បន្ថយ​​ភាព​​ក្រីក្រ​​របស់​​ពលរដ្ឋ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

នៅ​កម្ពុជា អ្នក​ណា​ក៏​ដឹង​ដែរ​ថា ការ​ចំណាយ​ទៅ​លើ​មធ្យោបាយ​ធ្វើ​ដំណើរ នៅ​ក្នុង​ឱកាស​មាន​បុណ្យ​ទាន​ធំៗ ដូច​ជា​បុណ្យ​ចូល​ឆ្នាំ​នេះ​ជា​ដើម គឺ​ជា​បន្ទុក​ដ៏​ធ្ងន់​ធ្ងរ​មួយ​របស់​ពលរដ្ឋ​ខ្មែរ ដែល​ភាគ​ច្រើន​បាន​ធ្លាក់​ទៅ​លើ​អ្នក​ចំណាក​ស្រុក។ បន្ទុក​ធ្ងន់​ធ្ងរ​គឺ​ដោយ​សារ​តែ ភាគ​ច្រើន​នៃ​អ្នក​ធ្វើ​ដំណើរ មិន​មែន​ជា​អ្នក​មាន​ជីវភាព​ធូរ​ធារ ភាគ​ច្រើន​គឺ​ជា​កម្មករ ពលករ ចំណាក​ស្រុក ដែល​ឡើង​ទៅ​ធ្វើ​ការ​នៅ​ទីក្រុង និង​នៅ​ប្រទេស​ជិត​ខាង ដើម្បី​បាន​រស់ និង​ដោះ​បំណុល​គ្រួសារ​ប៉ុណ្ណោះ។ តាម​ការ​ប៉ាន់​ប្រមាណ មាន​ពលករ និង​កម្មករ​ខ្មែរ យ៉ាង​ហោច​ក៏​ ១,៥ លាន​នាក់​ដែរ​ដែល​បាន​ចាក​ចេញ​ពី​ស្រុក​កំណើត​ទៅ​រក​ការងារ​ធ្វើ​នៅ​តាម​ទី​ក្រុង ទី​ប្រជុំ​ជន និង​តំបន់​កំសាន្ត​នានា។

ទោះ​យ៉ាង​ណា តាម​រយៈ​កំណែ​ទម្រង់​របស់​រដ្ឋាភិបាល ដែល​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន បាន​ដឹក​នាំ​ដោយ​រដ្ឋមន្ត្រី​ថ្មី​ ក្រសួង​ដែល​ធ្លាប់​តែ​ងាប់​ស្តូក​មួយ​នេះ មាន​ភាព​រស់​រវើក​ឡើង​វិញ។ រយៈ​ពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ ឃើញ​ថា​បញ្ហា ដែល​គេ​យល់​ថា​ជា​ការ​លំបាក​នោះ ត្រូវ​បាន​ដោះ​ស្រាយ​ជា​បណ្តើរៗ ពោល​គឺ​រដ្ឋាភិបាល​តាម​រយៈ​ក្រសួង​ដឹក​ជញ្ជូន បាន​ជជែក​គ្នា​រក​ច្រក​ចេញ​ជា​បន្ត​បន្ទាប់​ដើម្បី​ជួយ​សម្រាល​បន្ទុក​របស់​ពលរដ្ឋ​ខ្មែរ ដែល​រស់​នៅ​ក្រោម​បន្ទាត់​ក្រីក្រ​នៅ​ឡើយ។

នោះ​គឺ​ការ​សម្រេច​មិន​ដំឡើង​ថ្លៃ​ដឹក​ជញ្ជូន​នា​ឱកាស​បុណ្យ​ប្រពៃណី​ចូល​ឆ្នាំ​ខ្មែរ​នេះ ពី​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ចំនួន ២៩។ ការ​សម្រេច​នេះ បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ​ខណៈ​ដែល​មាន​ការ​ជួប​ប្រជុំ​គ្នា​រវាង​តំណាង​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ និង​ក្រសួង​ដឹក​ជញ្ជូន។ តាម​ពិត បញ្ហា​នេះ គេ​អាច​ធ្វើ​បាន​មិន​មែន​ធ្វើ​មិន​បាន​នោះ​ទេ ហើយ​មតិ​ខ្លះ​គិត​ថា​ជា​រឿង​កំប៉ិក​កំប៉ុក​ទៅ​ទៀត​នៅ​ក្នុង​ដំណាក់​កាល​មួយ​ដែល​ប្រទេស​កម្ពុជា​កំពុង​រៀប​ចំ​ការ​បោះ​ឆ្នោត​ដូច្នេះ។

ជា​ការ​កត់​សម្គាល់​ដំណោះ​ស្រាយ​បែប​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​កំណត់​តម្លៃ​ប្រេង​សាំង ដែល កន្លង​មក​បញ្ហា​តម្លៃ​ប្រេង​សាំង​នេះ រង​ការ​រិះគន់​ខ្លាំង​ក្លា​ដែរ​ពី​រឿង​ឡើង​ថ្លៃ​មិន​ធ្លាក់​ចុះ​សោះ។ ដោយ​ជំនះ​នូវ​ផ្នត់​គំនិត​ទីផ្សារ​សេរី រដ្ឋាភិបាល​បាន​សម្រេច​តាម​រយៈ​រូបមន្ត​មួយ ដ៏​ជោគ​ជ័យ គឺ​ការ​កំណត់​តម្លៃ​ប្រេង​សាំង​រួម​នៅ​លើ​ទីផ្សារ។

ទោះ​យ៉ាង​ណា ការ​មិន​ឡើង​ថ្លៃ​សំបុត្រ​រថយន្ត​នៅ​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ និង​ជា​លើក​ទី ២​ផង​ដែរ គឺ​បាន​បង្ហាញ​ពី​ចំណុច​វិជ្ជមាន​មួយ ដែល​គេ​គួរ​តែ​មាន​ការ​គិត​គូរ​ជួយ​សម្រួល​ដល់​បន្ទុក​ចំណាយ​របស់​អ្នក​ដំណើរ​ខ្មែរ ភាគ​ច្រើន​នៅ​មាន​ជីវភាព​លំបាក​នៅ​ឡើយ។

ម្យ៉ាង​ទៀត វា​ជា​គុណ​សម្បត្តិ ឬ​ក៏​គុណធម៌​មួយ ដែល​បង្ហាញ​ថា ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​ដឹក​ជញ្ជូន​នៅ​ស្រុក​ខ្មែរ នឹង​មិន​គិត​តែ​ពី​ផល​ចំណេញ​តែ​មួយ​មុខ​ដូច​កាល​ពី​មុន​នោះ​ទេ។ នៅ​ក្នុង​ដំណាក់​កាល​ដែល​នយោបាយ​កម្ពុជា​កំពុង​តែ​មាន​ការ​ប្រទាញ​ប្រទង់​គ្នា ជុំវិញ​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់ និង​ការ​បោះ​ឆ្នោត​សកល​នៅ​ពេល​ខាង​មុខ​នេះ ចង់​មិន​ចង់ ឥរិយាបទ​បែប​នេះ វា​ជា​ចំណុច​ដ៏​វិជ្ជមាន​មួយ ដែល​ទាមទារ​ឲ្យ​មាន​ការ​ដោះ​ស្រាយ។

ជាមួយ​គ្នា​នេះ ក៏​មាន​ការ​រិះគន់​ដែរ​ថា ដំណោះ​ស្រាយ​ដូច្នេះ គេ​គួរ​តែ​ចាប់​ផ្តើម​ធ្វើ​ជា​យូរ​មក​ហើយ មិន​មែន​នៅ​ពេល​នេះ​ទេ។ ទោះ​យ៉ាង​នេះ​ក្តី វា​នឹង​មិន​ទាន់​ហួស​ពេល​ទេ សម្រាប់​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន ក៏​ដូច​ជា​រដ្ឋាភិបាល​ដែល​ជា​អ្នក​គ្រប់​គ្រង​លើ​ទីផ្សារ​អាជីវកម្ម។ ដំណាល​គ្នា​នេះ ក៏​មាន​ក្រុមហ៊ុន​លក់​ស្រាបៀរ​ដែល​ផលិត​នៅ​ប្រទេស​អាឡឺម៉ង់​មួយ​ដែរ​នៅ​ឆ្នាំ​នេះ បាន​ចូល​រួម​លើក​ស្ទួយ​ជីវភាព​ជន​ក្រីក្រ តាម​រយៈ​ការ​ចែក​សំបុត្រ​ឡាន​ក្រុង​ប្រមាណ​ជា ៥​ពាន់​សំបុត្រ ដល់​អ្នក​ដំណើរ​នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នេះ។ កាយ​វិការ​នេះ ក៏​បង្ហាញ​ដែរ​ថា​ដើម្បី​តែ​យីហោ​ស្រា​បៀរ​មែន​ពិត តែ​ក្រុមហ៊ុន​ក៏​មាន​ផល​តប​ស្នង​ខ្លះ​ដែរ​ដល់​សាធារណៈជន​វិញ បន្ទាប់​ពី​ពួក​គេ​ចំណាយ​ថវិកា​ទៅ​លើ​ស្រាបៀរ។

ដូច្នេះ​ដរាប​ណា​ពលរដ្ឋ​ខ្មែរ​ដែល​ជា​កម្មករ និង​ពលករ​ចំណាក​ស្រុក នៅ​តែ​មាន​ស្ថានភាព រអ៊ូ​រទាំ​និង​លំបាក​ជុំវិញ​ការ​ធ្វើ​ដំណើរ​ពេល​បុណ្យ​ធំៗ​ទៅ​កាន់​ស្រុក​កំណើត និង​ពី​ស្រុក​កំណើត​ទៅ​កាន់​កន្លែង​ធ្វើ​ការ​វិញ​នោះ គេ​គួរ​តែ​កុំ​បណ្តោយ​ឲ្យ​មាន​ទីផ្សារ​ដឹក​ជញ្ជូន​សេរី បែប​អាណាធិបតេយ្យ។ ក្រុមហ៊ុន​ដឹក​ជញ្ជូន​ប្រមាណ​ជា ៣០​ក្រុមហ៊ុន គួរ​ជ្រើស​រើស​ការ​រក្សា​តម្លៃ​ដឹក​ជញ្ជូន​ដដែល ឬ​តម្លើង​តិច​តួច ចៀសវាង ការ​តម្លើង​ទ្វេរ​ដង​ដូច​កាល​ពី​មុន វា​ជា​បន្ទុក​ធ្ងន់​ធ្ងរ​ណាស់​ដល់​អ្នក​ធ្វើ​ដំណើរ​ក្នុង​ឱកាស​ពិសេស។ ជាមួយ​គ្នា​នេះ រដ្ឋ​ត្រូវ​មាន​កិច្ច​អន្តរាគមន៍​ឲ្យ​បាន​ជាប់​លាប់ និង​ចាត់​ទុក​ថា​បញ្ហា​នេះ ក៏​ជា​ផ្នែក​មួយ​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែរ ក្រៅ​ពី​ផល​ប្រយោជន៍​អ្វី​ផ្សេង​ទៀត​ក្រៅ​ពី​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ