ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/08 12h00 GMT
កម្ពុជា

សំណុំ​រឿង​ក្បត់​ជាតិៈ លោក​ហ៊ុន សែន និង​លោក​សម រង្ស៊ី ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក

media  
​ រូបភាព​ចាស់៖ លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក សម រង្ស៊ី @សហការី

បន្ទាប់​ពី​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​ និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន នៃ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចោទ​ប្រកាន់​លោក​សម រង្ស៊ី ពី​បទ «ក្បត់​ជាតិ ឃុប​ឃិត​ចង់​កាត់​ទឹក​ដី​ឲ្យ​វៀតណាម» លោក​សម រង្ស៊ី បាន​ចេញ​ប្រតិកម្ម​តប​វិញ​ភ្លាម​ថា លោក​ហ៊ុន សែន កំពុង​តែ​ដើរ​តាម​គន្លង​របស់​ប៉ុល ពត ដែល​រក​លេស​គ្រប់​បែប​យ៉ាង​ចោទ​គេ​ឯង​ថា ជា​ជន​ក្បត់​ជាតិ។ លោក​សម រង្ស៊ី ​បញ្ជាក់​ថា ការ​ពិត​ទៅ លោក​ហ៊ុន សែន ទេ ដែល​ជា​ជន​ក្បត់​ជាតិ កាត់​ដី​ឲ្យ​វៀតណាម​នោះ។ យ៉ាង​ណា​មិញ អ្នក​វិភាគ​បញ្ហា​សង្គម និង​នយោបាយ​ បាន​លើក​ឡើង​ថា ការ​ចោទ​ប្រកាន់​គ្នា​របស់​អ្នក​នយោបាយ​ខ្មែរ​បែប​នេះ នាំ​តែ​ធ្វើ​ឲ្យ​ប្រទេស​វៀតណាម សើច​ចំអក​ទៅ​វិញ​ទេ។

តាម​រយៈ​សារ​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មួយ​ចំនួន​ទៀត លោក​សម រង្ស៊ី អតីត​ប្រធាន​អតីត​បក្ស​ប្រឆាំង និង​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ បាន​លើក​ឡើង​ថា «លោក​ហ៊ុន សែន​ កំពុង​រក​លេស​គ្រប់​បែប​យ៉ាង ចោទ​ប្រកាន់ លោក កឹម សុខា និង​រូប​លោក​ ដើម្បី​កម្ចាត់​អ្នក​ទិតៀន​ទាំង​អស់ ដែល​ហ៊ាន​ប្រឆាំង​គាត់។ ហើយ​មិន​យូរ​ទេ លោក​ហ៊ុន សែន នឹង​ចោទ​ប្រកាន់​ថែម​ទៀត​ថា លោក កឹម សុខា និង​លោក​ ជា "ជន​ក្បត់" ដែល​ធ្វើ​ការ​ឲ្យ​ប្រទេស​អាល្លឺម៉ង់ ពេល​ណា​គាត់​ដឹង​ថា​កម្មវិធី​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​រៀប​ចំ​ឡើង​ដោយ​មាន​ការ​ផ្គត់​ផ្គង់ ពី​អង្គការ​អាល្លឺម៉ង់​២ គឺ មូលនិធិ Konrad Adenauer និង​មូលនិធិ Friedrich Naumann។»

ឆ្លើយ​តប​នឹង​បទ​ចោទ​នេះ លោក​សម រង្ស៊ី​ ក៏​និយាយ​វិញ​ថា «លោក​ ហ៊ុន សែន ជា​ជន​ក្បត់​ជាតិ ដែល​បាន​កាត់​ទឹក​ដី​ខ្មែរ​ឲ្យ​ទៅ​ប្រទេស​វៀតណាម យ៉ាង​ជាក់​ស្តែង មិន​អាច​ប្រកែក​បាន តាម​រយៈ​សន្ធិសញ្ញា​ព្រំដែន ដែល​ពួក​អាយ៉ង​យួន បាន​ចុះ​ហត្ថលេខា​ឲ្យ​គេ ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៨០។ »

គួរ​ជម្រាប​ជូន​ថា កាល​ពី​ថ្ងៃ​ទី ១៤​មីនា នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​នៃ​អគ្គស្ន​ងការដ្ឋាន​នគរបាល​ជាតិ បាន​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​លោក សម រង្ស៊ី ពី​បទ «អំពើ​ក្បត់​ជាតិ ឃុប​ឃិត​កាត់​ទឹក​ដី​ឲ្យ​ជន​បរទេស» ​ដោយ​យោង​ទៅលើ​វីដេអូ​តាម​បណ្តាញ​ហ្វេសប៊ុក ដែល​បើតាម​រដ្ឋាភិបាល វា​បង្ហាញ​ពី​​ការ​ចុះកិច្ចព្រមព្រៀង​កាត់ទឹកដី​កម្ពុជា​នៅ​ភាគឦសាន ទៅ​ឲ្យ​ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា។

ប៉ុន្តែ​កន្លង​មក លោក​សម រង្ស៊ី បាន​បដិសេធ លោក​មិន​បាន​ចុះ​ហត្ថលេខា​កាត់​ដី​ឲ្យ​ទៅ​វៀតណាម​ឡើយ ហើយ​ឯកសារ​ដែល​លោក​ចុះ​ហត្ថលេខា​ជាមួយ​លោក Kok Ksor មេ​ដឹក​នាំ​ចលនា​ម៉ុង​តាញ៉ា នៅ​ឆ្នាំ​២០១៣​នោះ គឺ​មាន​ខ្លឹម​សារ​ចង់​ឲ្យ​មាន​ការ​ទទួល​ស្គាល់​សិទ្ធិ​ស្រប​ច្បាប់​របស់​ជន​ជាតិ​ភាគ​តិច​ម៉ុងតាញ៉ា ដែល​រស់​នៅ​ខេត្ត​ភាគ​ឦសាន​ប្រទេស​កម្ពុជា ដូច​ជា​ខេត្ត​មណ្ឌលគិរី រតនគិរី ក្រចេះ និង​ស្ទឹង​ត្រែង តែ​ប៉ុណ្ណោះ។ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​បញ្ជាក់​ថា លោក​នឹង​យក​បញ្ហា​នេះ ទៅ​សាក​សួរ​នាយក​រដ្ឋមន្ត្រី​វៀតណាម​តែ​ម្តង ក្នុង​ជំនួប​អាស៊ាន-អូស្ត្រាលី នៅ​សប្តាហ៍​នេះ។

យ៉ាង​ណា​ក៏​ដោយ ក្រោយ​ការ​ដាក់​ពាក្យ​បណ្តឹង​នេះ និង​បើ​ទោះ​បី​ជា​មិន​ទាន់​មាន​ការ​កាត់​ក្តី​បែប​ណា​ពី​តុលាការ​ក៏​ដោយ ក៏​​ក្រសួង​ស្ថាប័ន​នានា​ និង​ថ្នាក់​ដឹក​នាំ​តាម​សមាគម​ខ្លះ ដែល​គាំទ្រ​រដ្ឋាភិបាល​​ បាន​នាំគ្នា​ចេញ​ញ្ញត្តិ​ ឬ ​សេចក្តី​ថ្លែងការណ៍​យ៉ាង​ព្រោង​ព្រាត នៅ​ថ្ងៃ​ទី ១៦​មីនា​នេះ ប្រកាស​ថ្កោល​ទោស​លោក​សម រង្ស៊ី ថា​ជា​ជន​ក្បត់​ជាតិ។

លោក​បណ្ឌិត​ មាស នី អ្នក​វិភាគ​បញ្ហា​សង្គម និង​នយោបាយ បាន​លើក​ឡើង​ថា ការ​ចោទ​គ្នា​របស់​អ្នក​នយោបាយ​ខ្មែរ​ដែល​គ្មាន​ភាព​ជាក់​លាក់​របៀប​នេះ នាំ​តែ​ធ្វើ​ឲ្យ​ប្រទេស​វៀតណាម​សើច​ចំអក​ទៅ​វិញ​ទេ។ ម្យ៉ាង​ទៀត លោក​មាស នី បាន​មើល​ឃើញ​ថា ស្ទើរ​តែ​ជា​ទម្លាប់​ទៅ​ហើយ ដែល​មុន​ពេល​បោះ​ឆ្នោត អ្នក​នយោបាយ តែង​តែ​នាំ​គ្នា​ធ្វើ​ប្រជាភិថុត ឬ នាំ​គ្នា​ធ្វើ​ការ​ឃោសនា​ពី​បក្ស​របស់​លោក​តាម​រយៈ​រូបភាព​បែប​នេះ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ