ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 26/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/07 12h00 GMT
កម្ពុជា

សាល​ក្រម​សំណុំ​រឿង​ពរ​ពោះ​ជំនួស​នឹង​ត្រូវ​ប្រកាស​នៅ​ដើម​ខែ​ក្រោយ

media  
រូបភាពឯកសារ

ចៅក្រម​ជំនុំ​ជម្រះ​សាលា​ដំបូង​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី​១៧​កក្កដា​នេះ ​បាន​សម្រេច ​ប្រកាស​សាលក្រម​លើ​សំណុំ​រឿង​ពរ​ពោះ​ជំនួស​ទៅ​ថ្ងៃ​ទី​៣​ខែ​សីហា​ខាងមុខ ​និង​ប្រាប់​ឲ្យ​អនុរក្ស​នាំ​ជនសង្ស័យ​ទៅកាន់​ពន្ធនាគារ​វិញ​។ ​ការ​ប្រកាស​សាលក្រម​លើ​សំណុំ​រឿង​ដែល​មាន​ជន​សង្ស័យ​ចំនួន​៣​នាក់ ​ក្នុងនោះ​ ម្នាក់​ជា​ជនជាតិ​អូស្ត្រាលី​ នៅ​ដើម​ខែ​ក្រោយ ​គឺ​ធ្វើឡើង​បន្ទាប់​ពី​មាន​ការ​ចំណាយ​ពេល​សវ​នា​ការ​អស់​រយៈពេល​ពេល​ពេញ​មួយ​ព្រឹក​។

ជន​សង្ស័យ​ចំនួន​៣​នាក់ ​រួមមាន​ស្ត្រី​ជនជាតិ​អូស្ត្រាលី ​CHALES ​ Tammy ​Alayne ​អាយុ​៤៩​ឆ្នាំ ​និង​ជន​ជា​ខ្មែរ២នាក់​មាន​ឈ្មោះ ​សំរិទ្ធ ចាន់​ចរិយា ​ជា​ស្ត្រី ​និង​បុរស​ឈ្មោះ ​ពេញ រិទ្ធី ​ទាំង​៣​នាក់ ត្រូវបាន​ចោទប្រកាន់​ពីបទ​ធ្វើជា​អន្តរការី​នៃ​អំពើ​ពរ​ពោះ​ជំនួស ​និង​បទ​សុំ​ឲ្យ​ផ្តល់​ឯកសារ​ដោយ​ទុ​ច​ច្ចរិត ​តាម​មាត្រា​៣៣២ ​និង​មាត្រា​៦៣២ ​នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​។

នៅក្នុង​សវនាការ ​ស្ត្រី​ជនជាតិ​អូស្ត្រាលី ​CHALES​ Tammy Alayne ​បាន​សារភាព​ថា​ខ្លួន​បាន​យក​អង្គធាតុ​ញី ​ឈ្មោល​របស់​ប្តី​ប្រពន្ធ​មួយ​នៅ​អូស្ត្រាលី ​មក​កម្ពុជា​ដើម្បី​ឲ្យ​ស្ត្រី​ខ្មែរ​ពរ​ពោះ​ជំនួស រហូត​ដល់​ដំណាក់កាល​ចុងក្រោយ​គឺ​ការ​សម្រាល​កូន​។ ​តម្លៃ​ឈ្នួល​នៃ​កា​រពរ​ពោះ​ជំនួស​នេះ គឺ១​ម៉ឺន​ដុល្លារ​ ដោយ​កន្លង​មក​ស្ត្រី​រូបនេះ ​បាន​ធ្វើ​ជាមួយ​ស្ត្រី​ខ្មែរ​ជាង​១០​នាក់​រួច​មកហើយ ​ក្នុងនោះ​៦​នាក់​បាន​សម្រាល​កូន​រួច ​និង​បញ្ជូន​ទៅ​អូស្ត្រាលី​រួច​ហើយ​ដែរ​។ ​ជាមួយ​គ្នា​នេះ ​បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់ ​ដែល​ជាប់​សង្ស័យ​ដែរ​នោះ​ក៏ត្រូវ​បាន​សាកសួរ ​ដោយ​តុលាការ​និង​បានផ្តល់​ចំលើយ​ដែល​មាន​ការ​ទាក់ទង​គ្នា​នឹង​ជនជាតិ​អូស្ត្រាលី​ខាងលើ​។

សូម​រំលឹក​ថា ​ជន​សង្ស័យ​ទាំង​៣​នាក់ ​ត្រូវបាន​សមត្ថកិច្ច​នៃ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន ​ឃាត់​ខ្លួន​កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៦ ​និង​បាន​បញ្ជូន​ទៅ​កាន់​តុលាការ ​ដើម្បី​ធ្វើការ​សួរ​នាំ​។ ​អ្នក​ទាំង​៣ ​ត្រូវបាន​នាំទៅ​កាន់​តុលាការ​ក្រុង​ដើម្បី​បើក​សវនាការ​ម្តង​រួចហើយ ​កាល​ពី​ថ្ងៃ​ទី​១៣​ខែ​មិថុនា​ឆ្នាំ​២០១៧ ​តែ​មិនទាន់​ចប់​សព្វគ្រប់ ​ហើយ​សវនាការ​នោះ​ត្រូវ​បាន​បន្ត​មក​ថ្ងៃ​ទី​១៧​កក្កដា​ទៀត ​ដើម្បី​សួរ​ដេញដោល​បញ្ចប់​។

សូម​បញ្ជាក់​ដែរ​ថា​ប្រទេស​កម្ពុជា​នៅ​មិនទាន់​មានច្បាប់​ស្តីពី​ការ​ពរ​ពោះ​ជំនួស​នៅ​ឡើយ ហើយ​បញ្ហា​នេះ ​ក្រសួង​យុត្តិធម៌​ទាមទារ​ឲ្យ​មាន​ច្បាប់​នេះ​ផង​ដែរ​។ ​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ នៅក្នុង​ជំនួប​ជាមួយ​តំណាង​អង្គការ ​UNFPA​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​លោក​ប្រាក់ សុខុន ក៏បាន​លើក​ឡើង​ដែរ​ថា បញ្ហា​ដែល​កំពុង​កើត​មាន ​នៅ​កម្ពុជា​បច្ចុប្បន្ន គឺ​កា​រពរ​ពោះ​ជំនួស ​ដោយ​បញ្ហា​នេះ ​ជា​បញ្ហា​ដែល ​មិនទាន់​ស្រប​ច្បាប់​ទេ​។ ​បច្ចុប្បន្ន ​ក្រសួង​មាន​សមត្ថកិច្ច ​របស់​កម្ពុជា ​កំពុង​រៀបចំ​តាក់តែង ​នូវ​ច្បាប់​ស្ដីពី​ការ​ពរ​ពោះ​ជំនួស ដើម្បី​អនុញ្ញាត​ឲ្យ​បញ្ហា​នេះ ​ក្លាយទៅជា​ស្រប​ច្បាប់​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ