អានតួអត្ថបទ
កម្ពុជា

សហ​​​ចៅ​​​ក្រម​​​ខ្មែរ​​​និង​​​បរទេស​ ​​​​ប្រទាញ​​ប្រទង់​​គ្នា​ ​​លើ​​​​​ករណី​​​ អោ អាន

សហ​ចៅ​ក្រម​ស៊ើប​អង្កេត ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ​បាន​ចេញ​ដីកា​ដំណោះស្រាយ​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា ​ក្នុង​សំណុំ​រឿង​ប្រឆាំង ​អោ អាន ​ដោយ​យោង​តាម​កំណត់​ត្រា​ខ្វែង​យោបល់​គ្នា​​អំពី​ថា​តើ ​អោ អាន ​ស្ថិត​នៅក្នុង​យុត្តាធិការ​បុគ្គល​របស់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ​(​អ​.វ​.ត.​ក)​ ជា​មេ​ដឹកនាំ​ជាន់ខ្ពស់ ​ឬ​ជា​បុគ្គល​ម្នាក់​ក្នុង​ចំណោម​អ្នក​ទទួល​ខុស​ត្រូវ​​ខ្ពស់​​បំផុត​ឬ​ក៏​​ទេ​។ ​ការ​ខ្វែង​គំនិត​គ្នា​រវាង​សហ​ចៅក្រម​ស៊ើប​អង្កេត​ខ្មែរ ​និង​បរទេស​បែប​នេះ ​ខុសពី​ករណី​លោក​ស្រី ​អ៊ឹម ចែម ​​ដែល​​​​សហ​ចៅក្រម​ស៊ើប​អង្កេត​មាន​យោបល់​តែ​មួយ​។

អោ អាន​ ជន​សង្ស័យ​មួយ​រូប​​ក្នុង​ចំណោម​ជន​សង្ស័យ៣រូប លើ​សំណុំ​រឿង​០០៤
អោ អាន​ ជន​សង្ស័យ​មួយ​រូប​​ក្នុង​ចំណោម​ជន​សង្ស័យ៣រូប លើ​សំណុំ​រឿង​០០៤ eccc/rfi
ផ្សាយពាណិជ្ជកម្ម

សហ​ចៅក្រម​ស៊ើប​អង្កេត​ជាតិ ​បាន​ពិចារណា​ឃើញ​ថា ​អោ អាន​ មិន​ស្ថិត​នៅ​ក្រោម​យុត្តាធិការ​បុគ្គល​របស់​ អ.​វ.​ត.​ក ​ទាំង​ពីរ​ប្រភេទ ​គឺ​ជា​មេ​ដឹកនាំ​ជាន់​ខ្ពស់ ​ឬ​ជា​បុគ្គល​ម្នាក់​ក្នុង​ចំណោម​អ្នក​ទទួល​ខុស​ ត្រូវ​ខ្ពស់​បំផុត ​ហើយ​សហ​ចៅ​ក្រោម​ស៊ើប​អ​ង្គេ​ត​ជាតិ​សំអាង​លើ​ហេតុផល​នេះ​ លើកលែង​ចោទ​ប្រកាន់​លើ ​អោ អាន​។ ​តាម​សេចក្តី​ប្រកាស​របស់​សាលា​ក្តី​ខ្មែរ​ក្រម​ សហ​ចៅ​ក្រម​ស៊ើប​អង្កេត​ជាតិ ​បាន​ពិចារណា ​ពី​ការ​ចូលរួម​របស់ ​អោ អាន ​ និង​ភាព​ធ្ងន់ធ្ងរ​នៃ​ការប្រព្រឹត្ត​បទ​ល្មើស ​ព្រមទាំង​កត្តា​ជា​ច្រើន​ទៀត ​ដូចជា​ខ្លឹមសារ​នៃ​កិច្ច​ព្រមព្រៀង ​និង ​ច្បាប់ ​ស្តីពី ​អ​.វ​.ត​.ក ព្រមទាំង​ ចេតនា​នៃ​ភាគី​បង្កើត​កិច្ច​ព្រមព្រៀង​និង​ច្បាប់​នេះ​។

ផ្ទុយ​ទៅ​វិញ ​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ ​យល់​ឃើញ​ថា ​អោ អាន ​ស្ថិត​នៅ​ក្រោម​យុត្តាធិការ​បុគ្គល​របស់ ​អ.​វ.​ត.​ក ​ដែល​ជា​បុគ្គល​ម្នាក់​ក្នុង​ចំណោម​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​ ហើយ​មាន​ភស្តុតាង​គ្រាប់​គ្រាន់​ចោទ​ប្រកាន់ ​ប្រឆាំង​គាត់​ពី​បទ​ប្រល័យ​ពូជសាសន៍​ជនជាតិ​ចាម​ និង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ​ក៏​ដូចជា​បទ​ល្មើស​ឧក្រិដ្ឋ ​ផ្សេង​ទៀត​ដែល​ស្ថិតក្រោម​ច្បាប់​កម្ពុជា​។

សូម​បញ្ជាក់​ថា ​សំណុំ​រឿង​០០៤​នេះ ​មាន​ជន​សង្ស័យ​ចំនួន​៣​រូប ​គឺ ​អ៊ឹម ចែម ​យឹម ទិ​ត្យ ​និង​អោ អាន​។ ​ក៏​ប៉ុន្តែ​អ្នក​ស្រី ​អ៊ឹម ចែម ​ត្រូវ​បាន​អង្គ​បុ​រេ​ជំនុំ​ជម្រះ ​សាលា​ក្តី​ខ្មែរ​ក្រហម ​សម្រេច​ជា​ឯកច្ឆ័ន្ទ ​កាល​ពី​ខែ​មិថុនា​ឆ្នាំ​២០១៨ ​ដោយ​លើក​លែង​ការ​ចោទ​ប្រកាន់​លើ​រូបគាត់​។ ​ដោយឡែក ​ករណី ​យឹម ទិ​ត្យ ចៅ​ក្រម​ស៊ើប​អង្កេត​បាន​បិទ​សំណុំ​រឿង​ស៊ើប​អង្កេត​រួច​ហើយ ​ហើយនឹង​ចេញ​ដីការ​ដំណោះ​ស្រាយ​ជា​បន្តបន្ទាប់​ក្នុង​ពេល​ខាង​មុខ​នេះ​។

សូម​រំលឹក​ដែរ​ថា ​អោ អាន ​កាល​ពី​ថ្ងៃ​ទី​១៤​ខែ​មីនា​ឆ្នាំ​២០១៧ ​ត្រូវ​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ពី​បទ​ឧក្រិដ្ឋ​មួយ​ចំនួន​ ដូចជា​អំពើ​ប្រល័យពូជសាសន៍​លើ​ជនជាតិ​ចាម ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ​ការ​រំលោភ​លើ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​ឆ្នាំ​១៩៥៦ ​រួម​មាន​មនុស្សឃាត​ដោយ​ចេតនា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ