អានតួអត្ថបទ
កម្ពុជា

សហ​ព្រះ​រាជ​អាជ្ញា​ជាតិ​និង​អន្តរជាតិ​បន្ត​ខ្វែង​យោបល់​គ្នា​លើ​ករណី​អោ ​អាន ​

សហ​ព្រះ​រាជអាជ្ញា​ជាតិ ​និង​សហ​ព្រះ​រា​ជ្ញ​អាជ្ញា​អន្តរជាតិ​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​បាន​បន្ត​ខ្វែង​យោបល់​គ្នា​ជុំវិញ​សំណុំ​រឿង​០០៤​វគ្គ​២ ​ដែល​មាន ​អោ អាន ​ជា​ជន​សង្ស័យ​។ ​ការ​ខ្វែង​គំនិត​គ្នា​របស់​សហ​ព្រះរាជ​អាជ្ញា​នៅ​ពេល​នេះ ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សហ​ចៅក្រម​ស៊ើប​អង្កេត ​បាន​បញ្ចប់​កិច្ច​ស៊ើបសួរ​របស់​ខ្លួន​ទៅ​លើ​ជន​សង្ស័យ ​អោ អាន​ ហើយ​សហ​ព្រះ​រាជអាជ្ញា​ជាតិ​និង​អន្តរជាតិ​បាន​ដាក់​ដីការ​សន្និដ្ឋាន​ស្ថាពរ​រៀង​ៗ​ខ្លួន​កាល​ពី​ថ្ងៃទី​១៨​និង​ថ្ងៃ​ទី​២១​សីហា​កន្លង​ទៅ​។

សាលាក្តីខ្មែរក្រហម។
សាលាក្តីខ្មែរក្រហម។ @Google
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ចំនួន​៨​ទំព័រ​ដែល​ចេញ​ផ្សាយ​ដោយ​សាលាក្តី​ខ្មែរ​ក្រហម​នៅ​ថ្ងៃ​នេះ សហ​ព្រះ​រាជអាជ្ញា​ជាតិ​បាន​លើកឡើង​ថា ​យោងតាម​លទ្ធផល​តាំង​ពី​ដំបូង​នៃ​ការ​ស៊ើបអង្កេត​បឋម ​និង​រហូត​មក​ដល់​ការ​បិទ​កិច្ច​ស៊ើបសួរ​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត ​សហ​ព្រះ​រាជអាជ្ញា​ជាតិ​បាន​ពិនិត្យ​និង​មាន​ជំហរ​យ៉ាង​ច្បាស់​ថា ​មានតែ​ជន​ជាប់ចោទ​ដែលមាន​ស្រាប់​នៅ​សាលាក្តី​ខ្មែរ​ក្រហម​ប៉ុណ្ណោះ ​ដែល​ជា​មេ​ដឹកនាំ​ជាន់ខ្ពស់​និង​ជា​អ្នក​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត​នៃ​របប​កម្ពុ​ជា​ប្រជាធិបតេយ្យ​។

សហ​ព្រះរាជអាជ្ញា​ជាតិ​ក៏​បាន​យោង​ផងដែរ​ទៅលើ​ច្បាប់​នៅ​ក្នុង​សាលា​ក្តី​ខ្មែរ​ក្រហម ​និង​កិច្ចព្រមព្រៀង​ដែល​អង្គការ​សហប្រជាជាតិ​បាន​ទទួល​ស្គាល់​ការ​ព្រួយ​បារម្ភ​ពេញ​ច្បាប់​របស់​រដ្ឋាភិបាល​ក​ម្ពុ​ជា ​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌ ​ការ​បង្រួបបង្រួម​ជាតិ ​សន្តិភាព ​គឺ​តម្រូវ​ឲ្យ​សហ​ព្រះរាជអាជ្ញា ​ជ្រើស​រើស​យក​បុគ្គល​តែ​២​ប្រភេទ​ប៉ុណ្ណោះ​មក​ធ្វើការ​វិនិច្ឆ័យ​សេចក្តី​គឺ មេ​ដឹកនាំ​ជាន់ខ្ពស់​កម្ពុជា​ប្រជាធិបតេយ្យ ​និង​ជន​ទាំងឡាយ​ដែល​ទទួល​ខុសត្រូវ​ខ្ពស់បំផុត​ចំពោះ​ឧក្រិដ្ឋកម្ម ​និង​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ទៅលើ​ច្បាប់​ព្រហ្មទណ្ឌ​កម្ពុជា ការ​រំលោភ​ទៅលើ​ច្បាប់​មនុស្សធម៌​អន្តរជាតិ​ និង​ទម្លាប់​អន្តរជាតិ​ព្រមទាំង​រំលោភ​ទៅលើ​អនុសញ្ញា​អន្តរជាតិ ​ដែល​បាន​ប្រព្រឹត្តិ​ក្នុង​អំឡុង​ថ្ងៃ​ទី​១៧​មេសា​ឆ្នាំ​១៩៧៥ ​ដល់​ថ្ងៃ​ទី​០៦​មករា​ឆ្នាំ​១៩៧៩​។​សហ​ព្រះរាជអាជ្ញា​ជាតិ​ប្រកាន់​ជំហរ​ថា ​អោ អាន ​មិន​ស្ថិត​នៅក្នុង​សំណុំ​រឿង​០០៤​វគ្គ​២ ​មិន​ស្ថិត​នៅក្នុង​យុត្តាធិការ​បុគ្គល​របស់​សាលា​ក្តី​ ដែល​ត្រូវ​យកមក​ធ្វើការ​កាត់ទោស​ឡើយ​។

ផ្ទុយ​ទៅវិញ​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ ​បាន​ទទូច​ថា ​អោ អាន ​គួរ​ត្រូវ​ប​ញ្ចូ​ន​ខ្លួន​ទៅ​ជំនុំ​ជម្រះ និង​កាត់​សេចក្តី​ចំពោះ​បទ​ប្រល័យ​ពូជ​សាសន៍​លើ​ជនជាតិ​ចាម ​និង​ចំពោះ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​នៃ​អំពើ​មនុស្សឃាត ​ការសម្លាប់​រង្គាល ​ការ​ធ្វើ​ឲ្យ​ទៅជា​ទាសករ ​ការ​ដាក់​ក្នុង​មន្ទីរឃុំឃាំង​ ការ​ធ្វើ​ទារុណកម្ម ​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ខាង​សាសនា​និង​នយោបាយ ​និង​អំពើ​អមនុស្សធម៌​ផ្សេង​ៗ​ទៀត​។

សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​បាន​បង្ហាញ​ពី​ទឡ្ហីករណ៍​ជាច្រើន​ទាក់ទង​ទៅនឹង​អោ អាន ​ដោយ​ចាត់ទុក​ថា​កម្រិត​នៃ​ការ​ទទួល​ខុសត្រូវ​រប​ស់​គា​ត់ ចំពោះ​ឧក្រិដ្ឋកម្ម​គឺ​ខ្ពស់​ណាស់​។ ​ខ្ពស់​ដោយសារ​សហ​ព្រះ​រាជអាជ្ញា​អន្តរជាតិ ​លើកឡើង​ពី​ចំណុច​ជាច្រើន​ដែល​បាន​ទាក់ទង​នឹង​អោ​អាន ​ដូចជា​មានមុខ​ងារ​ជា​អនុ​លេខា​ភូមិភាគ ​ គ្រប់គ្រង​មន្ទីរ​សន្តិសុខ​ចំនួន​២១​នៅ​ភូមិភាគ​កណ្តាល​ គ្រប់គ្រង​ទីតាំង​សម្លាប់​ និង​ការដ្ឋាន​ការងារ​ផង​ដែរ​។

ជុំវិញ​ការ​ខ្វែង​យោបល់​គ្នា​នេះ ​តាម​នីតិវិធី​សហ​ព្រះ​រាជអាជ្ញា​ទាំងពីរ​ត្រូវ​បញ្ជូន​សេចក្តី​សន្និដ្ឋាន​របស់​ខ្លួន​ទៅកាន់​សហ​ចៅក្រម​ស៊ើប​អង្កេត ​ដើម្បី​ធ្វើការ​វាយតម្លៃ និង​រុញ​ទៅ​មេធាវី​ការពារ​ក្តី​ជន​ត្រូវ​ចោទ​ដើម្បី​ធ្វើការ​តវ៉ា​។ ​ទីបំផុត​សំណុំ​រឿងនេះ​ នឹងត្រូវ​បញ្ជូន​ទៅ​កាន់​អង្គ​បុ​រេ​ជំនុំ​ជម្រះ ដើម្បី​សម្រេច​ថា​នឹងត្រូវ​បញ្ជូន​ករណី​នេះ​ទៅ​ជំនុំជម្រះ​ឬ​ក៏​មានការ​លើកលែង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ