អានតួអត្ថបទ
កម្ពុជា

រដ្ឋមន្ត្រីទេសចរណ៍៖ បុណ្យ​ទន្លេលើកទី៣ ជោគជ័យ​លើសពីការ​រំពឹងទុក

ពិធី​បុណ្យ​ទន្លេ​លើក​ទី​៣ ដែល​រៀបចំ​ធ្វើ​នៅ​ខេត្ត​ស្ទឹងត្រែង រយៈពេល​៣ថ្ងៃមកនេះ គឺបា​ន​ទទួល​​ជោគជ័យ​លើសពី​ការ​រំពឹង​ទុក។ នេះគឺជា​បញ្ជាក់ប្រាប់​វិទ្យុ​បារាំង របស់​​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​។ លោក​ថ្លែងដោយ​ក្តីរំភើប​ថា ពលរដ្ឋ​និងអ្នក​ទេសចរ​នៅទីនោះ សប្បាយនឹង​លេង​កម្សាន្ត ព្រមទាំង​ចាយវាយហូប​ចុក​ ហើយ​សន្តិសុខ​សណ្តាប់​ក៏​ល្អ។

ព្រឹត្តិការណ៍​ក្នុង​បុណ្យ​ទន្លេ
ព្រឹត្តិការណ៍​ក្នុង​បុណ្យ​ទន្លេ @AKP
ផ្សាយពាណិជ្ជកម្ម

ជាការ​សរុប ភ្ញៀវ​ទេសចរ​ដែល​ទៅ​ចូលរួម​ទស្សនាព្រឹត្តិការណ៍​បុណ្យ​ទន្លេ​ ក្នុង​៣ថ្ងៃនេះ​ គឺមាន​ប្រហែល​ជាង​១០ម៉ឺន​នាក់។ លោករដ្ឋមន្ត្រី​ទេសចរណ៍ បាន​បញ្ជាក់ថា នៅថ្ងៃទី​១នៃពិធីបុណ្យ គឺមាន​មនុស្ស​ជាង​៣ម៉ឺន​នាក់ ថ្ងៃទី២ ជាថ្ងៃបុណ្យ​ធំ​ លើសពីការ​ស្មាន គឺ​ជាង​៥ម៉ឺននាក់ ហើយ​ថ្ងៃទី​៣នេះ ក៏​មិន​តិច​ជាង​៣ម៉ឺន​នាក់​ដែរ។ ​

មនុស្ស​កើន​​លើសពី​ការ​រំពឹង​ទុក ក៏មានការ​ភ្ញាក់​ផ្អើល​​ដែរ​ចំពោះ​រដ្ឋបាល​ខេត្តស្ទែង​ត្រែង, អ្នកនាំពាក្យ​សាលា​ខេត្ត​ លោក​ ម៉ែន​ គង់ បាន​ត្រេកអរថា ការ​រំពឹង​ស្មានទុក​ពីដំបូង​ឡើយ​ គឺប្រហែលអាច​មាន​មនុស្ស​ត្រឹម​តែ​៣ម៉ឺន ទៅ​៦ម៉ឺន​នាក់​ប៉ុណ្ណោះ​ តែ​លទ្ធផលពេល​នេះ គឺ​​លើស​ពី​ក្តីរំពឹង​ទុក​ច្រើនមែនទែន​​។

ទន្ទឹម​នេះ ទាំងលោក ថោង ខុន ទាំង​​លោក ម៉ែន គង់ គូស​បង្ហាញថា ព្រឹត្តិការណ៍​ប្រព្រឹត្តទៅ​យ៉ាង​ជោគជ័យ ដោយ​រលូនតាម​ការ​គ្រោង​ទុក មាន​សន្តិសុខ សុវត្ថិភាពល្អ ហើយ​ពលរដ្ឋ​សប្បាយរីករាយ​ ព្រោះថា មិន​ដែល​មាន​ការ​រៀប​ចំ​ធ្វើ​ពិធីបុណ្យ​ធំ​ដូច្នេះ​ពីមុន​ទេ​។

ម្យ៉ាងវិញទៀត គឺគ្មានករណីចោរកម្ម ឬ​​គ្រោះថ្នាក់​អ្វីធំដុំ​គួរ​ឲ្យ​កត់​សម្គាល់​នោះទេ គឺមាន​តែ​គ្រោះថ្នាក់​ចរាចរណ៍​តូច​តាច​ដែល​អាច​ដោះស្រាយ​បាន​នៅមូលដ្ឋាន។ ទាំង​នេះ គឺដោយសារតែ មាន​កង​កម្លាំង​ប្រដាប់​អាវុធ​ប្រមាណ​ជិត​៨រយនាក់ ដែលនៅ​​យាម​កាមពង្រឹង​សន្តិសុខ​​តាម​ទី​តាំង​គោល​ដៅ​សំខាន់ៗ។

សូម​បញ្ជាក់ថា ពិធី​បុណ្យ​ទន្លេ​លើក​ទី​៣ រយៈពេល​បីថ្ងៃ ធ្វើ​​នៅ​ខេត្ត​ស្ទឹងត្រែង ​ចាប់​ផ្ដើមតាំង​ពី​​ថ្ងៃ​សុក្រ​ រហូត​ដល់​យប់​ថ្ងៃអាទិត្យ​​ ក្រោម​ប្រធានបទ ទន្លេ​ផ្សារ​ភ្ជាប់​ប្រជាជន ទេសចរណ៍ វប្បធម៌ និង បរិស្ថាន​។ មានការ​ប្រគំ​តន្ត្រី និង​មាន​ស្តង់​ពិព័រណ៌​ជាង​៦០០កន្លែង ដែល​ពលរដ្ឋ​មូលដ្ឋាន សិប្ប​ករ​ខ្នាត​តូច បាន​នាំយក​ផលិតក្នុងស្រុក​របស់​ខ្លួន​ទៅតាំង​បង្ហាញ​និង​សម្រាប់​លក់ដូរ។ ក៏មាន​ដែរ ស្តង់របស់​ថៃ ជាង​២០ ស្តង់លក់របស់​ឡាវនិង​ស្តង់វៀតណាម ខ្លះ​ដែរ។

ដោយ​ឡែក ចំពោះសកម្មភាពកីឡា គឺមាន​ការ​ប្រកួត​កីឡា ​ចំនួន​១១ប្រភេទ ផ្នែក​ខ្លះ មាន​ប្រកួត​ជាលក្ខណៈ​មិត្ត​ភាព​រវាង​ឡាវ​-កម្ពុជា​! លោក ថោង ខុន ក្នុងនាម​ជា​​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ​បានចុះទៅ​អង្គុយ​មើល​បាល់​ទាត់​ដោយ​ផ្ទាល់ និង​បាន​គូស​បង្ហាញថា កីឡាករខេត្ត​​ស្ទឹង​ត្រែង​ល្អៗ​និង​ខ្លាំងៗ ដែល​គួរ​តែមាន​ការលើកទឹកចិត្ត​​បណ្តុះបណ្តាល​បន្ថែម។

ជារួមចំពោះអ្នក​រៀបចំ​កម្មវិធី,​​ បុណ្យទន្លេ​ឆ្នាំនេះ បាន​ជោគជ័យ​យ៉ាងល្អ ហើយ​បុណ្យទន្លេ​ឆ្នាំ​ក្រោយ នឹង​រៀប​ចំ​នៅ​ខេត្ត​កណ្តាល​ វិញ​ម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ