អានតួអត្ថបទ
កម្ពុជា-អឺរ៉ុប

​តួកគី​ស្នើ​ជា​ថ្មី​ឲ្យ​កម្ពុជា​បញ្ជូន​ជន​ពាក់​ព័ន្ធ​នឹង​រដ្ឋ​ប្រហារ​ឆ្នាំ​២០១៦​ទៅ​រដ្ឋា​ភិបាល​តួក​គី​វិញ​

តួកគី​នៅ​ថ្ងៃ​អង្គារ ទី០២ ខែតុលា បាន​ស្នើ​ជាថ្មី​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​បត្យាប័ន​មនុស្ស​សំខាន់​បី​នាក់ ជា​សមា​ជិក​ចលនា​សង្គម​អ៊ីស្លាម​សេរី​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​រដ្ឋ​ប្រហារ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៦​កន្លង​ទៅ​។ សំណើ​នេះ ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​រដ្ឋ​មន្ត្រី​ការ​បរទេស​កម្ពុជា និង​រដ្ឋ​មន្ត្រី​ការបរទេស​តួកគី​នៅ​ក្នុង​ប្រទេស​តួកគី​។ 

ជំនួបរវាង លោក ម៉េវលុត ឆាវូស៊ូលុ និង​ លោក ប្រាក់ សុខុន
ជំនួបរវាង លោក ម៉េវលុត ឆាវូស៊ូលុ និង​ លោក ប្រាក់ សុខុន @សហការី
ផ្សាយពាណិជ្ជកម្ម

លោក ម៉េវលុត ឆាវូស៊ូលុ (Mevlut Cavusoglu) រដ្ឋ​មន្ត្រី​ការបរទេស​តួកគី ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​ជា​មួយ​លោក ប្រាក់ សុខុន រដ្ឋ​មន្ត្រី​ការបរទេស​កម្ពុជា បាន​បញ្ជាក់​ថា តួកគី​បាន​ស្នើ​ជា​ថ្មី​ម្តង​ទៀត​ឲ្យ​ភាគី​កម្ពុជា​ធ្វើ​បត្យាប័ន​មនុស្ស​៣នាក់ ដែល​ជា​សមាជិក​ជាន់​ខ្ពស់​នៃ​អង្គការ​ភេរវកម្ម Fetullah (FETO)។ លោក​បន្ត​ថា ​“ក្រុម​ភេរវកម្ម​នេះ មិន​មែន​គំរាម​កំហែង​ត្រឹម​តែ​តួកគី​ទេ ប៉ុន្តែ​ក៏​អាច​គំរាម​កំហែង​ដល់​ប្រទេស ដែល​ពួក​គេ​កំពុង​ធ្វើ​ប្រតិបត្តិការ​ដែរ។” នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​របស់​រដ្ឋ​តួកគី Anadolu កាល​ពីថ្ងៃ​ទី០២ ខែ​តុលា។

ប្រមុខការទូត​តួកគី​បន្តថា FETO ជ្រាប​ចូល​ក្នុង​ស្ថាប័ន​រដ្ឋ ដោយ​ប្រើ​ប្រាស់​សាលា​រៀន​ជា​ការ​លាក់​បាំង ហើយ​បន្ទាប់​មក​ព្យាយាម​គ្រប់​គ្រង​នយោបាយ​នៅ​ក្នុង​ប្រទេស​នោះ​តែ​ម្តង។ លោក​បញ្ជាក់​ថា​តួកគី​ត្រៀម​រួចជា​ស្រេច​ក្នុង​ការ​បោស​សម្អាត​សាលា​រៀន ដែល​គ្រប់គ្រង​ដោយ​បណ្តាញ​របស់ FETO ឬ​មូលនិធិ Maarif។

គួរ​រំឭក​ថា រដ្ឋាភិបាល​តួកគី បាន​ចោទ​ប្រកាន់​បណ្ដាញ FETO ដែល​មាន​លោក ហ្វេធូឡា ហ្គូឡិនជា​មេដឹក​នាំ និង​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ថា​បាន​ធ្វើ​រដ្ឋប្រហារ​កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​តួកគី ប៉ុន្តែ​ត្រូវ​បរាជ័យ។ សម្រាប់​រដ្ឋាភិបាល​តួកគី ​ចលនា​សង្គម​អ៊ីស្លាម​សេរី របស់​លោក ហ្វេធូឡា ហ្គូឡិន គឺជា​អង្គការ​ភេវរកម្ម ឬ​អង្គការ​ភេរវកម្ម Fetullah​។

វិទ្យុបារាំង​អន្តរជាតិ​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​ក្រសួង​ការបរទេស​កម្ពុជា​បាន​ទេ នៅ​ថ្ងៃទី​០៤ ខែ​តុលានេះ​។ ប៉ុន្តែ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​តួកគី​ដដែល លោក ប្រាក់ សុខុន អះអាង​ថា​កម្ពុជា​បាន​ធ្វើ​ការ​សហការ​យ៉ាង​ជិត​ស្និត​ជា​មួយ​រដ្ឋាភិបាល​តួកគី ជុំវិញ​បញ្ហា​អង្គការ​ភេរវកម្មFetullah។ លោក​បន្តថា ក្នុង​នាម​ជា​មិត្ត​របស់​តួកគី កម្ពុជា​នឹង​បន្ត​គាំទ្រ​តួកគី ដើម្បី​ប្រឆាំង​នឹង​អង្គការ​ភេរវកម្ម Fetullah។

សូម​ជម្រាប​ជូន​ថា កាល​ពី​ខែ​កក្កដា​ ឆ្នាំ២០១៦ អគ្គរដ្ឋ​ទូត​តួកគីប្រចាំ​កម្ពុជា បាន​ចោទ​ប្រកាន់​ សាលា​ហ្សាម៉ាន់ នៅ​កម្ពុជា ថា​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​ សមាជិក​ចលនា​សង្គម​អ៊ីស្លាម​សេរី របស់​លោក ហ្វេធូឡា ហ្គូឡិន និង បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការ​គាំទ្រ​គ្រប់​រូបភាព និង​ចង់​ឃើញ សាលា​ហ្សាម៉ាន់ បញ្ចប់​សកម្មភាព​គ្រប់​យ៉ាង​នៅ​កម្ពុជា។ ជា​ការ​ឆ្លើយ​តប សាលាហ្សាម៉ាន់ បាន​ចេញ​សេចក្តី​ថ្លែងការណ៍ ចាត់​ទុកការ​ចោទ​ប្រកាន់​របស់​ឯកអគ្គរដ្ឋទូត​តួកគីនៅ​កម្ពុជា ​ថាធ្វើ​ឡើង​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់ ហើយ​មាន​បំណង​បង្ខូច​កេរ្តិ៍ឈ្មោះ​ក្រុមហ៊ុនរបស់​ខ្លួន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ