អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

អតិផរណា​ឧកញ៉ា​នៅ​​កម្ពុជា​​៖ បរិមាណ​​កើន​ឡើង តែ​តម្លៃ​ធ្លាក់​ចុះ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ឧកញ៉ា គឺ​ជាគោរម​​ងារ​សម្រាប់​បុគ្គល​ណា ដែល​បាន​បរិច្ចាគ​ធនធាន​ផ្ទាល់​ខ្លួន​ក្នុង​បរិមាណ​កំណត់ ដើម្បី​កសាង​សមិទ្ធផល​ជា​ប្រយោជន៍​ដល់​សង្គម​ជាតិ​។ នៅ​កម្ពុជា បុគ្គល​ដែល​បាន​ទទួល​ងារ​ជា​ឧកញ៉ា មានបរិមាណ​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ​​។ ប៉ុន្តែ​ទន្ទឹម​នឹង​ការ​កើន​ឡើង​នេះ គេ​​​សង្កេត​ឃើញ​​​ថា តម្លៃ​នៃ​បុគ្គល​ជា​ឧកញ៉ា​ ក៏​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់​ដែរ​។   

ផ្សាយពាណិជ្ជកម្ម

ឧកញ៉ា គឺ​ជា​គោរម​ងារ ផ្ដល់​ឲ្យ​សម្រាប់​បុគ្គល​ដែល​បាន​កសាង​ប្រយោជន៍​សម្រាប់​ប្រទេស​ជាតិ​។ នៅ​កម្ពុជា គោរមងារ​ជា​ឧកញ៉ា​មាន​តាំង​ពី​បុរាណមក​ម្ល៉េះ ដោយ​កាល​ណោះ ឧកញ៉ា គឺ​ជា​ឋានន្ដរ​​របស់​មន្ដ្រី​រាជការ ចាប់​តាំង​ពី​ចៅហ្វាយ​ខេត្ត សេនាបតី ស្ដេច​ត្រាញ់ មេ​ទ័ព និង​អ្នក​ជំនួញ​​​ជា​ដើម​។ បុគ្គល​ដែល​មាន​គោរម​ងាជា​ឧកញ៉ា ​​សុទ្ធ​សឹង​តែ​ជា​បុគ្គល​ដែល​មាន​ចំណេះ​ដឹង​ខ្ពង់​ខ្ពស់​ ​មាន​ស្នាដៃ​​បំរើ​ផល​ប្រយោជន៍ជាតិ​​ច្រើន និង​មាន​ការ​គោរព​ស្ញប់ស្ញែង​ពី​សង្គម​ទូទៅ​​។ នៅ​ក្នុង​សង្គម​ខ្មែរ​​នា​សម័យ​មុន​ ឧកញ៉ា មានចំនួន​តិច​តួច​បំផុត។ ជាក់​ស្ដែង នៅ​ក្នុង​​សម័យ​សង្គម​រាស្ត្រ​និយម ​បុគ្គល​​​ដែល​បាន​ទទួល​គោរមងារ​ជា​ឧកញ៉ា​ មាន​ចំនួន​មិន​ដល់​១០​នាក់​ផង​។

ខុស​ពី​សម័យ​មុន នៅ​ក្នុង​សម័យ​ព្រះរាជាណាចក្រ​កម្ពុជា​ទី​២​នេះ សប្បុរសជន​ណា​ដែល​បាន​បរិច្ចាគ​ធនធាន​ផ្ទាល់​ខ្លួនជូន​រដ្ឋ ជា​ថវិកា​ឬ​ជា​សម្ភារៈ ដែល​មាន​តម្លៃ​លើស​ពី​១០​ម៉ឺន​ដុល្លារ​ឡើង​ទៅ នឹង​ត្រូវ​រាជរដ្ឋាភិបាល​ស្នើ​សុំ​ព្រះ​រាជ​យោបល់​ពី​ព្រះ​មហាក្សត្រ ដើម្បី​ទ្រង់​ព្រះ​រាជទាន​គោរមងារ​ជា​ឧកញ៉ា​។

ការ​ស្រាវ​ជ្រាវ​ក្រៅ​ផ្លូវការ ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ជា​សាធារណៈ​លើ​ទំព័រ​កាសែត​ក្នុង​ស្រុក​យ៉ាង​ហោច​ណាស់​៣ បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់ អំពី​កំណើន​ឥត​ឈប់​ឈរ​នៃ​ចំនួន​ឧកញ៉ា​នៅ​កម្ពុជា​។ ចាប់​ពី​ឆ្នាំ​១៩៩៤ ដល់​ឆ្នាំ​២០០៤ កម្ពុជា​មាន​ឧកញ៉ា​យ៉ាង​ហោច​ណាស់​២០០​នាក់​។ រហូត​ដល់​ឆ្នាំ ២០០៩ ចំនួន​ឧកញ៉ាបាន​កើន​ឡើង​ដល់​៤០០​នាក់ និង​បន្ត​កើន​ឡើង​ដល់​៧០០​នាក់ គិត​ត្រឹម​ដើម​ឆ្នាំ​២០១៤​។ នៅ​ក្នុង​រយៈ​ពេល​៤​ខែ​ដើម​ឆ្នាំ​២០១៥​នេះ បុគ្គល​យ៉ាង​ហោច​ណាស់​២០​នាក់ បាន​ទទួល​គោរមងារ​ជា​ឧកញ៉ា​។ នេះ​បើ​ផ្អែក​តាម​សៀវភៅ​ព្រះរាជកិច្ច ចេញផ្សាយ​ចាប់​ពី​ខែ​មករា​ដល់​ចុង​ខែ​មេសា​កន្លង​ទៅ​ថ្មី​ៗ​នេះ​។

កំណើន​នៃ​ចំនួន​ឧកញ៉ា​នៅ​កម្ពុជា ត្រូវ​បាន​អ្នក​វិភាគ​សង្គម​ផ្សារ​ភ្ជាប់​ទៅ​នឹង​កំណើន​នៃ​ចំនួន​ពាណិជ្ជករ​។ ពាណិជ្ជករ ដែល​ចង់​បាន​ងារ​ជា​ឧកញ៉ា ដើម្បី​មុខមាត់ កិត្តិយស និង​ភាព​ងាយ​ស្រួល​នៅ​ក្នុង​ការ​ប្រកប​របរ​រក​ស៊ី​ផ្ទាល់​ខ្លួន​​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ឧកញ៉ា​ខ្លះ​បាន​ប្រើ​ប្រាស់​គោរមងារ​នេះ ទៅតាមអំពើ​ចិត្ត​របស់​ខ្លួន បង្ក​ជា​ផល​វិបាក​យ៉ាង​ច្រើន​ដល់​ប្រជាពលរដ្ឋ​និង​សង្គម​ជាតិ​។

ចុង​ក្រោយ​នេះ អំពើ​របស់​ឧកញ៉ា សុខ ប៊ុន ដែល​បាន​ប្រើ​ប្រាស់​អំពើ​ហិង្សា​លើ​កញ្ញា សាសា បាន​ទទួល​ការ​បរិហារ​រិះ​គន់​យ៉ាង​ខ្លាំង​ពី​​គ្រប់​មជ្ឈដ្ឋាន​។ បើ​ទោះ​បី​ជា​ឧកញ៉ា​នេះ បាន​ទទួល​ស្គាល់​កំហុស និង​បាន​សន្យា​ថា​មិន​ឲ្យ​រឿង​នេះ​កើត​ឡើង​ទៀត​ក៏​ដោយ ក៏​​សាធារណៈ​មតិ​នៅ​តែ​ថ្កោល​ទោសដដែល​។

មិន​មែន​មាន​តែ​ឧកញ៉ា សុខ ប៊ុន ប៉ុណ្ណោះ​​ទេ ដែល​ប្រព្រឹត្ត​​គំរូ​អាក្រក់​​ដល់​សង្គម​កម្ពុជា​។ ក៏​មាន​ផង​ដែរ ឧកញ៉ា ថោង សារ៉ាត់។ ឧកញ៉ា ថោង សារ៉ាត់ ដែល​ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា ជា​មេ​ក្លោង​សម្លាប់​ឧកញ៉ា អ៊ឹង ម៉េងជឺ​។ និង ឧកញ៉ា គឹម ម៉ាវិន្ថា ដែល​បាន​សម្លាប់​ប្រពន្ធ​ចុង ព្រម​ទាំង​កូន​ស្រី​អាយុ​៦​ឆ្នាំ​របស់​ខ្លួន ហើយ​យក​សព​ទៅ​បោះ​ចោល​នៅ​ជ្រោះ​ពេជ្រនិល កាល​ពី​ឆ្នាំ​២០១៤​។

ក្រៅ​ពី​ការ​ប្រព្រឹត្ត​របស់​បុគ្គល ក្រុមហ៊ុន​មួយ​ចំនួន​ដែល​មាន​ម្ចាស់​ជា​ឧកញ៉ា ក៏​បាន​បង្ក​រឿង​រ៉ាវ​ក្ដី​ក្ដាំ​គួរ​ឲ្យ​កត់​សម្គាល់​ដែរ​។ ក្រុមហ៊ុន​កោះកុង SEZ របស់​ឧកញ៉ា លី យ៉ុងផាត់  មាន​ជម្លោះ​ដី​ធ្លី​​រ៉ាំរ៉ៃ​ជាមួយ​ពលរដ្ឋ​ជាង​១៣០​គ្រួសារ អស់​ពេល​យូរ​ឆ្នាំ​ មុន​នឹង​ដោះ​ស្រាយ​បញ្ចប់​កាល​ពី​ដើម​ខែ​កក្កដា​កន្លង​ទៅ​នេះ​។ រី​ឯ​ក្រុមហ៊ុន ឧកញ៉ា ទ្រី ភាព នៅ​តែ​ត្រូវ​សង្គម​ស៊ីវិល​ចោទ​ប្រកាន់​ពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ បើ​ទោះ​បី​ជា​ឧកញ៉ា​រូប​នេះ ធ្លាប់​អះអាង​ពី​ភាព​ត្រឹម​ត្រូវ​ស្អាត​ស្អំ​​របស់​ក្រុមហ៊ុនខ្លួន​ក៏​ដោយ​។

ទង្វើ​មិន​គប្បី​​របស់​ឧកញ៉ា​មួយ​ចំនួន ឬ​ការ​ចោទ​ប្រកាន់​ទៅ​លើ​ឧកញ៉ា​មួយ​ចំនួន​ថា​ប្រព្រឹត្ត​ខុស​ឆ្គង បាន​​ធ្វើ​ឲ្យ​តម្លៃ​របស់​ឧកញ៉ា​នៅ​កម្ពុជា​ធ្លាក់​ចុះ​។ តម្លៃ​របស់​ឧកញ៉ា​​ធ្លាក់​ចុះ មិន​មែន​មាន​ន័យ​ថា ឧកញ៉ា​ទាំង​អស់​នៅ​កម្ពុជា​សុទ្ធ​តែ​ប្រព្រឹត្ត​មិន​ល្អ​នោះ​ទេ​។ ប៉ុន្តែ​ពាក្យ​ស្លោក​ខ្មែរ​ថា ត្រី​មួយ​ត្រក ស្អុយ​មួយ ស្អុយ​ទាំង​អស់​។ បើ​ទោះ​បី​ជា​ឧកញ៉ា​ខ្លះ​ជា​មនុស្ស​ល្អ ហើយ​បាន​ចូល​រួម​កសាង​ជាតិ​អស់​ពី​កម្លាំង​កាយ​ចិត្ត​យ៉ាង​ណា​ក្ដី​ ក៏​អំពើល្អ​ទាំង​នេះ មិន​អាច​ទៅ​លុបលាង​អំពើ​អាក្រក់ ដែល​ឧកញ៉ា​មួយ​ចំនួន​ទៀត​ប្រព្រឹត្ត​នោះ​ឡើយ​។

ដូច្នេះ ដើម្បី​ស្ដារ​តម្លៃ​នៃ​​ឧកញ៉ា​​ឡើង​វិញ បុគ្គល​ដែល​មាន​ងារ​ជា​ឧកញ៉ា គួរ​តែ​ពិចារណា​ពី​ការ​ប្រព្រឹត្ត​របស់​ខ្លួន​ឡើង​វិញ​។ សម្រាប់​សង្គម​កម្ពុជា​សព្វ​ថ្ងៃ ងារ​ជា​ឧកញ៉ា​លែង​មាន​តម្លៃ​ទៀត​ហើយ ប្រសិន​បើ​​​ងារ​នោះ ត្រូវ​បាន​យក​ទៅ​ប្រើ​ប្រាស់​សម្រាប់​បម្រើ​តែផល​ប្រយោជន៍​ខ្លួន​និង​បក្ស​ពួក ដោយ​មិន​ខ្វល់​ពី​ទុក្ខ​លំបាក​របស់​អ្នក​ក្បែរ​ខាង​ទេ​នោះ​។
 

ការ​ប្រព្រឹត្ត​របស់​បុគ្គល​ដែល​មាន​ងារ​ឧកញ៉ា ជា​រឿង​មួយ​។ ប៉ុន្តែ​​នីតិវិធី​នៃការ​ផ្ដល់​គោរមងារ​ជា​រឿង​មួយ​ផ្សេង​ទៀត ដែល​គួរ​តែ​ត្រូវ​បាន​គិតគូរ​ពង្រឹង​ឡើង​វិញ​ដែរ ដើម្បី​ឲ្យ​គោរមងារ​ជា​ឧកញ៉ា​នេះ មាន​តម្លៃ​ពិត​ប្រាកដ​។ ព្រោះ​សូម​កុំ​ភ្លេច​ថា នៅ​ពេល​​​​ប្រព្រឹត្ត​មិន​គប្បី មិន​មែន​មាន​តែ​​ឧកញ៉ា​ទេ ដែល​ត្រូវ​គេ​រិះ​គន់​។ រដ្ឋាភិបាល​ដែល​បាន​ស្នើ​ឈ្មោះ​ឧកញ៉ា​នោះ ក៏​រង​ការ​រិះ​គន់​ផង​ដែរ​៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ