អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

តំណាង​កម្ពុជា​ប្រចាំ​UN ច្រាន​ចោល​ការ​រិះគន់​របស់​UN ជុំវិញ​ការ​បោះឆ្នោត​នៅ​កម្ពុជា​

មួយ​ថ្ងៃ​បន្ទាប់​ពី​ការិយាល័យ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ (OHCHR) ​រិះគន់​ពី​ការ​បោះ​ឆ្នោតនៅ​កម្ពុជា។ ស្ថាន​បេសកកម្មអចិន្រ្តៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ បាន​ចេញ​មុខ​បដិសេធ និង​ប្រតិកម្ម​ការ​លើក​ឡើង​នេះ ដោយ​ចាត់​ទុក​ជា​ការ​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន និង​ថា​ការបោះឆ្នោត​ខែ​កក្កដា​អាច​ត្រូវ​បាន​ចាត់ទុក​ថា​ជា​ «​ព្រឹត្តិការណ៍​មិន​ធ្លាប់​មាន​ពី​មុន​ក្នុង​ប្រវត្តិសាស្ត្រ​ទំនើប​របស់​កម្ពុជា​»​។

លោកស្រី Ravina Shamdasani អ្នក​នាំពាក្យ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ (OHCHR)
លោកស្រី Ravina Shamdasani អ្នក​នាំពាក្យ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ (OHCHR) @សហការី
ផ្សាយពាណិជ្ជកម្ម

នៅ​មួយ​ថ្ងៃប​ន្ទាប់​ពី​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ (OHCHR)  តំណាង​កម្ពុជា​ប្រចាំ​នៅ​អង្គការ​សហ​ប្រជាជាតិ​ បាន​ចេញ​មុខ​ប្រតិកម្ម ថែម​ទាំង​ហៅ​ការ​លើក​ឡើង​ទាំង​អំបាលម៉ាន​ ​ថា​ធ្វើ​ឡើង​ដោយ​គ្មាន​មូល​ដ្ឋាន​ និង​បាន​តបទៅ​ ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ (OHCHR) ថា​ការបោះឆ្នោត​អាណត្តិទី៦ ​អាច​ត្រូវ​បាន​ចាត់ទុក​ថា​ជា​ «​ព្រឹត្តិការណ៍​មិន​ធ្លាប់​មាន​ពី​មុន​ក្នុង​ប្រវត្តិសាស្ត្រ​ទំនើប​របស់​កម្ពុជា​»​ ដោយ​សំអាង​ទៅ​លើ​ចំនួន​អ្នក​ទៅ​ចូលរួម​ទៅ​បោះ​ឆ្នោត​ខ្ពស់ រហូត​ដល់​ទៅ​ ៨៣,០២ ភាគរយ ដំណើការ​បោះ​ឆ្នោត​ប្រពឹ្រត្ត​ទៅ​ដោយ​រលូន និង​គ្មាន​អំពើហិង្សា​ ទាំង​មុន អំឡុង​ពេល និង​ក្រោយ​ថ្ងៃ​បោះ​ឆ្នោត​។

កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​អ្នក​នាំពាក្យ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ (OHCHR)លោកស្រី Ravina Shamdasaniបាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ ដោយវាយតម្លៃ​ថា ប្រជាជន​កម្ពុជា​​មួយ​ផ្នែក​ធំ​មិន​ត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​តំណាង​របស់​ខ្លួន​ បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​​មិន​ឲ្យ​ចូលរួម​ការបោះឆ្នោត​ជាតិ​កាលពី​ចុង​ខែ​កក្កដា​។ បើតាមលោកស្រី Ravina Shamdasani ដំណើរការ​មុន​ការបោះឆ្នោត​មាន​ការ​បំភិតបំភ័យ ការទិញ​សន្លឹកឆ្នោត ការដាក់​កំហិត​លើ​អង្គការ​សង្គម​ស៊ីវិល។ ការបិទគេហទំព័រ​ចំនួន ១៧ នៅ​​ថ្ងៃ​បោះឆ្នោត និង​ចំណាត់ការ​ផ្លូវ​ច្បាប់​លើ​អ្នក​អំពាវនាវ​ ឬ​បង្ហាញ​ការធ្វើ​ពហិការ​មិន​ទៅ​បោះឆ្នោត​។

យ៉ាង​ណា​ក៏ដោយ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី ១៨ ខែសីហា តំណាង​កម្ពុជា​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ​ បាន​លើក​ឡើង​ថា​ ការរិះគន់​របស់ OHCHR អំពី​ការ​បោះឆ្នោត​នៅ​កម្ពុជា ដោយ​គ្មាន​វត្តមាន​អតីត​បក្ស​ប្រឆាំង​ គឺ​ជា​ការ​មើល​រំលង​នូវ​កិច្ច​ខិត​ខំ​ប្រឹងប្រែង​របស់​គណបក្ស​នយោបាយ​ចំនួន ២០ ផ្សេងទៀត ព្រម​ទាំង​ចំណេះដឹង​ផ្នែក​សិទ្ធិ​មនុស្ស​ប្រកប​ដោយ​ភាព​ចាស់​ទុំ​របស់​កម្ពុជា​។

ក្រៅ​តែ​ពី​រិះគន់​ការ​បោះឆ្នោត​អាណត្តិទី​៦​នៅ​កម្ពុជា ការិយាល័យ​ឧត្តមស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ក៏​បាន​ជម្រុញ​ឱ្យ​ដោះលែង អតីត​ប្រធាន​បក្ស​ប្រឆាំង អ្នក​សារព័ត៌មាន អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​ពលរដ្ឋ​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយសារ​ការ​អនុវត្ត​សិទ្ធិមនុស្ស​របស់​ពួកគេ ។ ថ្លែង​ដោយ​ការពារ​ចំណាត់ការ​ផ្លូវ​ច្បាប់​របស់​កម្ពុជា​ ស្ថាន​បេសកកម្ម​អចិន្រ្តៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាតិ ថា​ការ​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​យ៉ាង​ដូច្នេះ គឺ​ជា​ការ​ជ្រៀត​ជ្រែក​ទៅ​ក្នុង​សមត្ថកិច្ច​តុលាការ​ដែល​ជា​ស្ថាប័ន​ឯករាជ្យ​របស់​កម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ