អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

អង្គការ​សហប្រជាជាតិ ព្រួយ​បារម្ភ​ពី​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​បោះ​ឆ្នោត​ឆ្នាំ​ក្រោយ​នៅ​កម្ពុជា

អ្នក​ជំនាញ​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ កាល​ពី​ម្សិល​មិញ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​សម្តែង​ពី​ក្តី​បារម្ភ​អំពី​ដំណើរ​ការ​ឈាន​ទៅ​រំលាយ​គណក្ស​ប្រឆាំង​ធំ​ជាង​គេ​កម្ពុជា ថា​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ឆ្នាំ​ក្រោយ​នេះ។ យ៉ាង​ណា​ក៏​ដោយ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈរដ្ឋមន្រ្តី បាន​ច្រាន​ចោល​ការ​លើក​ឡើង​នេះ និង​អះ​អាង​ប្រាប់​វិទ្យុ​បារាំង​ថា ការ​លើក​ឡើង​នេះ មិន​មែន​ជា​រឿង​ថ្មី​ទេ​សម្រាប់​កម្ពុជា។

លោកស្រី រ៉ូណាស្មីត អ្នក​​រាយការណ៍​​ពិសេស​​របស់​​អង្គការ​​សហប្រជាជាតិ​​ប្រចាំ​​កម្ពុជា​
លោកស្រី រ៉ូណាស្មីត អ្នក​​រាយការណ៍​​ពិសេស​​របស់​​អង្គការ​​សហប្រជាជាតិ​​ប្រចាំ​​កម្ពុជា​
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​សេចក្តី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​១២​តុលា លោក​ស្រី​រ៉ូណា ស្មីត (Rhona Smith) អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ បាន​លើក​ឡើង​ថា សិទ្ធិ​ស៊ីវិល និង​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​តែ​ដុន​ដាប​ខ្លាំង ដែល​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ចំពោះ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ និង​អនាគត​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​មួយ​នេះ។

ការ​លើក​ឡើង​របស់​លោក​ស្រី​រ៉ូណាស្មីត ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​មហា​ផ្ទៃ​កម្ពុជា​បាន​ដាក់​ពាក្យ​ប្តឹង​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ ខណៈ​ដែល​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​មួយ​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​អំពើ​ក្បត់​ជាតិ និង​កំពុង​ត្រូវ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​ក្បែរ​ប្រទេស​វៀត​ណាម។ លោក​ស្រី ស្មីត ថ្លែង​ទៀត​ថា ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ជះ​ឥទ្ធិពល​ដល់​សំឡេង​និង​ជម្រើស​របស់​ប្រជាជន​កម្ពុជា នៅ​គ្រប់​កម្រិត​ក្នុង​ជួរ​រដ្ឋាភិបាល ដែល​ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ភាព​ជា​តំណាង​របស់​រដ្ឋាភិបាល។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ដដែល​នោះ លោក​ស្រី ស្មីត ក៏​បារម្ភ​ផង​ដែរ អំពី​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បន្ថែម​ទៀត​របស់​តំណាង​រាស្ត្រ​គណបក្ស​កាន់​អំណាច ដែល​មាន​រូប​មន្ត​ចែក​អាសនៈ​គណបក្ស​ដែល​ត្រូវ​រំលាយ​ទៅ​ឲ្យ​គណបក្ស​ផ្សេង​ទៀត។

ចំណែក លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្រ្តី បាន​ហៅ​សេចក្តី​ថ្លែងការណ៍​ជា​បន្ត​បន្ទាប់​ទាក់​ទង​ទៅ​នឹង​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​គឺ​ជា​សិទ្ធិ​បញ្ចេញ​មតិ ក៏​ប៉ុន្តែ​កម្ពុជា​ចង់​បាន​ប្រជាធិបតេយ្យ​មួយ​ដែល​មិន​ស្ថិត​ក្រោម​ការ​ជ្រៀត​ជ្រែក​របស់​បរទេស​ណា​មួយ​ឡើយ។ លោក​ផៃ ស៊ីផាន គូស​បញ្ជាក់​ថា កម្ពុជា​នៅ​តែ​ព្យាយាម​ពន្យល់​បរទេស​ទាំង​នោះ ខណៈ​ដែល​ពួក​គេ​គឺ​ជា​ដៃគូ​ពិភាក្សា​និង​ជា​ដៃ​គូ​អភិវឌ្ឍន៍​របស់​កម្ពុជា។

ជា​ការ​កត់​សម្គាល់​សេចក្តី​ថ្លែងការណ៍​របស់​មន្រ្តី​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អូស្ត្រាលី​នៅកម្ពុជា និងបន្ទាប់​ពី​ស្ថានឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​ឡើង​វិញ នូវ​អ្វី​ដែល​បណ្តុំ​ប្រទេស​អឺរ៉ុប​២៨​ប្រទេស យល់​ថា​ជា​ការ​ដក​យក​ចេញ​ដោយ​បង្ខំ​ពី​ឆាក​នយោបាយ​នៃ​គណបក្ស​មួយ​ដែល​បាន​ឈ្នះ​សម្លេង​ឆ្នោត​ប្រជាពលរដ្ឋ​ជាង​៤០% នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់ កាល​ពី​ពេល​ថ្មីៗ​នេះ និង​អាច​ជា​ការ​វាយ​បក​យ៉ាង​ធ្ងន់​ធ្ងរ​លើ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​និង​អាច​បាត់​បង់​នូវ​កិត្យានុភាព​នៃ​ដំណើរ​ការ​បោះ​ឆ្នោត​បច្ចុប្បន្ន។

ការ​ព្រួយ​បារម្ភ​ពី​សហគមន៍​អន្តរជាតិ​ជា​បន្ត​បន្ទាប់​នេះ ក៏​ធ្លាក់​មក​ខណៈ​ពេល​ដែល​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា កំពុង​តែ​ពិភាក្សា​ទៅ​លើ​វិសោធនកម្ម​ច្បាប់​ចំនួន​បួន​ ដោយ​​នៅ​ក្នុង​នោះ​​គឺ​ទាក់​ទង​នឹង​ការ​បែង​ចែក​អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ឲ្យ​គណបក្ស​តូចៗ​ផ្សេង​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ