ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/01 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/01 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/01 12h00 GMT
កម្ពុជា

ក្រុម​បច្ចេកទេស​របស់​UN នឹង​ផ្តើម​ប្រតិបត្តិ​ការ​រក​គ្រាប់​បែក​គីមី​ចាប់​ពី​ថ្ងៃ​ស្អែក​ក្នុង​ខេត្ត​ចំនួន​ ៣​របស់​កម្ពុជា

media  
រូបភាព​តំណាង៖ ក្រុមការងារនៃអាជ្ញាធរមីនកម្ពុជា @facebook/cmac

ក្រុម​បច្ចេកទេស​របស់​អង្គការ​ហាម​ឃាត់​អាវុធ​គីមី​នៃ​អង្គការ​សហប្រជាជាតិ (United Nation-Organization for the Prohibition of Chemical Weapons) ឬ ហៅ​កាត់​ថា (UN-OPCW) បាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ កាល​ពី​យប់​ថ្ងៃ​ទី ១០​ធ្នូ។ ដូច​នេះ ចាប់​ពី​ថ្ងៃ​ទី​ ១២​ធ្នូ​ត​ទៅ ក្រុម​បច្ចេកទេស​នេះ នឹង​ផ្តើម​ប្រតិបត្តិ​ការ​រុក​រក និង​ដោះ​គ្រាប់​បែក​គីមី ក្នុង​ខេត្ត​ចំនួន ៣​នៃ​ប្រទេស​កម្ពុជា រួម​មាន ស្វាយរៀង មណ្ឌលគិរី និង​ត្បូង​ឃ្មុំ។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​ពី​លោក ​ទៀ បាញ់ ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ។

លោក​ ទៀ បាញ់ បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ពិធី​ផ្សព្វ​ផ្សាយ​ផែនការ​សកម្មភាព​ជាតិ​គីមី ជីវសាស្ត្រ វិទ្យុ​សកម្ម និង​នុយក្លេអ៊ែរ នៅ​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី ១១​ធ្នូ​នេះ​ថា ក្រុម​បច្ចេកទេស​របស់​រដ្ឋាភិបាល​កម្ពុជា នឹង​ចូល​រួម​អម​ដំណើរ​ជាមួយ​ក្រុម​បច្ចេកទេស​​ OPCW របស់​អង្គការ​សហប្រជាជាតិ ដើម្បី​ស្វែង​រក​គ្រាប់​បែក​គីមី ដោយ​យោង​តាម​សភាព​ជាក់​ស្តែង ឥត​មាន​កំណត់​ពេល​នោះ​ទេ។ គ្រាប់​បែក​គីមី ដែល​លោក​ទៀ បាញ់ បាន​លើក​ឡើង​ថា មាន​សកម្មភាព​ក្តៅ​ៗ និង​មាន​ច្រើន​កន្លែង​ជាង​គេ​ ក្នុង​ខេត្ត​ស្វាយ​រៀង។

​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា រំពឹង​ថា ខាង​អង្គការ​សហប្រជាជាតិ នឹង​បង្ហាញ​អត្តសញ្ញាណ​នៃ​គ្រាប់​បែក​គីមី​នោះ ឲ្យ​ពិភព​លោក​បាន​ស្គាល់​ច្បាស់ ដើម្បី​ឲ្យ​អាមេរិក អាច​ទទួល​ស្គាល់​ការ​ពិត ហើយ​ឈប់​ដាក់​គំនាប​លើ​កម្ពុជា​បន្ត​ទៀត។ តាម​លោក ទៀ បាញ់ កន្លង​មក​កម្ពុជា ​ជា​ប្រទេស​ដែល​តែង​តែ​រក្សា​សន្តិភាព ហើយ​ប្រឹង​ប្រែង​អនុវត្ត​ប្រជាធិបតេយ្យ។ ប៉ុន្តែ​សហរដ្ឋ​អាមេរិក​ឯណោះ​ទេ ដែល​តែង​លាក់​បាំង ហើយ​បង្ក​អសន្តិសុខ​ដល់​កម្ពុជា ហើយ​បំលែង​ថា​ខ្លួន​ជា​ប្រទេស​ដែល​គិត​គូ​ដល់​កម្ពុជា​ទៅ​វិញ តួ​យ៉ាង​ដូច​ជា ការ​ទម្លាក់​គ្រាប់​បែក​គីមី ដោយ​អាមេរិក ក្នុង​សម័យ​ខ្មែរ​ក្រហម​​ ហើយ​​បែរ​ជា​​បង្ខំ​ឲ្យ​កម្ពុជា​សង​បំណុល​ទៅ​វិញ។

គួរ​ជម្រាប​ជូន​ថា ការ​សម្រេច​បញ្ជូន​ក្រុម​បច្ចេកទេស​របស់​អង្គការ OPCW មក​កម្ពុជា​នេះ ធ្វើ​ឡើង ក្រោយ​ពេល​រដ្ឋាភិបាល​កម្ពុជា ដាក់​លិខិត​ផ្លូវ​ការ ស្នើ​ឲ្យ​អង្គការ​មួយ​នេះ បញ្ជូន​ក្រុម​បច្ចេកទេស​ខាង​អាវុធ​គីមី មក​ពិនិត្យ​វាយ​តម្លៃ និង​ចូល​រួម​បោស​សម្អាត​គ្រាប់​បែក​គីមី ដែល​រក​ឃើញ​នៅ​លើ​ទឹក​ដី​ខេត្ត​ស្វាយ​រៀង នៃ​ប្រទេស​កម្ពុជា ស្រប​តាម​អនុសញ្ញា​ស្តី​ពី​អាវុធ​គីមី របស់​អង្គការ​សហប្រជាជាតិ។

រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​អាជ្ញាធរ​គីមី និង​អាជ្ញាធរ​កំចាត់​មីន​កម្ពុជា (ស៊ីម៉ាក់) បាន​បញ្ជាក់​ថា គេ​បាន​រក​ឃើញ មាន​គ្រាប់​បែក​គីមី ដែល​ទម្លាក់​ដោយ​សហរដ្ឋ​អាមេរិក ចំនួន ២២​ទី​តាំង​ថ្មី​ទៀត នៅ​ក្នុង​ឃុំ​គគីរ និង​ឃុំ​ផ្សេង​ទៀត ក្នុង​ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង។ ហើយ​ក៏​មាន​គ្រាប់​បែក​១​គ្រាប់ ត្រូវ​បាន​បញ្ជាក់​ថា បាន​រក​ឃើញ​នៅ​ក្នុង បរិវេណ​សាលា​បឋម​សិក្សា​គគីរ។ គ្រាប់​បែក​ទាំង​នោះ ត្រូវ​បាន​រដ្ឋាភិបាល​ប្រកាស​ថា កំពុង​តែ​ធ្វើ​ទុក្ខ​បុក​ម្នេញ​សុខភាព​របស់​ប្រជាជន​ក្នុង​តំបន់​នោះ​យ៉ាង​ខ្លាំង ដោយ​សារ​តែ​សារធាតុ​គីមី​របស់​វា។ យ៉ាង​ណា​ក៏​ដោយ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ធ្លាប់​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថា នោះ​មិន​មែន​ជា​គ្រាប់​បែក​គីមី​ទេ វា​គ្រាន់​តែ​ជា​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ប៉ុណ្ណោះ។

សូម​រម្លឹក​ជូន​ដែរ​ថា អាមេរិក មាន​ប្រវត្តិ​ទម្លាក់​គ្រាប់​បែក ក្នុង​ប្រទេស​កម្ពុជា កាល​ពី​សម័យ​​សង្គ្រាម​ទស្សវត្ស​ ៧០ ហើយ​មាន​ទិន្នន័យ​មិន​ពេញ​លេញ​របស់​អាជ្ញាធរ​ជាតិ​កំចាត់​មីន​កម្ពុជា អះអាង​ថា ​គ្រាប់​បែក​ដែល​ទម្លាក់​នោះ មាន​ជាង ២​លាន​៥​សែន​គ្រាប់។ យ៉ាង​ណា​មិញ អាមេរិក នៅ​តែ​បន្ត​ទាមទារ​បំណុល​ពី​កម្ពុជា ដែល​បាន​ជំពាក់​ក្នុង​សម័យ​នោះ ខណៈ​រដ្ឋាភិបាល​កម្ពុជា យល់​ថា​ ហេតុ​អ្វី​ប្រទេស​រង​គ្រោះ ត្រូវ​សង​បំណុល​ប្រទេស​បង្ក​គ្រោះ?

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ