អានតួអត្ថបទ
កម្ពុជា

មនុស្ស​​១ពាន់​៥រយ​នាក់​​ នឹង​​ជួបជុំ​គ្នា​​រាំម៉ាឌីហ្សូន​​ ដើម្បី​​បញ្ឈប់​​អំពើ​ហិង្សា​​លើ​​ស្ដ្រី​

ចាប់ពី​ម៉ោង៣រសៀល​ ដល់​ម៉ោង៦ល្ងាច​នេះ​ មនុស្ស​ប្រមាណ​១ពាន់​៥រយ​នាក់​ នឹង​ជួបជុំគ្នា​នៅ​សួនច្បារ​មុខ​វត្ត​បទុម​ ដើម្បី​រាំ​ចង្វាក់​ម៉ាឌីហ្សូន។​ ជាការ​រាំ​ម៉ាឌីហ្សូន ​ដែលជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​១៦ថ្ងៃ​ ធ្វើ​ឡើង​ក្នុង​គោលដៅ​ផ្សព្វផ្សាយ​ពី​ការ​បញ្ឈប់​អំពើហិង្សា​លើ​ស្ដ្រី​ និង​កុមារី។

ស្លាក​សញ្ញា​របស់​UN​ Woman​ ដែល​មាន​ន័យ​ថា ​បញ្ចប់​អំពើ​ហិង្សា​ទៅ​លើស្រ្តី​។
ស្លាក​សញ្ញា​របស់​UN​ Woman​ ដែល​មាន​ន័យ​ថា ​បញ្ចប់​អំពើ​ហិង្សា​ទៅ​លើស្រ្តី​។ @UN Woman/Facebook
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​សៅរ៍​ទី៦ខែធ្នូ​នេះ​ ចាប់ពី​ម៉ោង​៣រសៀល​តទៅ​ គេ​រំពឹងថា​ មនុស្ស​ប្រមាណ​១ពាន់​៥រយ​នាក់​ នឹងចូលរួម​រាំ​ស្រុសគ្នា​នៅក្នុង​កម្មវិធី​រាំ​ចង្វាក់​ម៉ាឌីហ្សូន ​នៅឯ​សួនច្បារ​មុខ​វត្ត​បទុម រាជធានី​​ភ្នំពេញ។ ​ព្រឹត្តិការណ៍​នេះ​ ត្រូវ​បាន​បើក​ចំហរ​ចំពោះ​សាធារណៈជន​ទូទៅ​ផងដែរ។ ​អ្នក​ដែល​ចូលរួម​នឹង​ទទួល​បាន​អាវយឺត​របស់​យុទ្ធនាការ​ ព្រមទាំង​មាន​ពេល​រៀន​រាំ​តាម​ចង្វាក់​ ​មុននឹង​រាំ​តាម​ចង្វាក់​ម៉ាឌីហ្សូន​នេះ​ជា​ក្រុម​ នាពេល​បន្ទាប់​មក។

យុទ្ធនាការ​រាំ​ចង្វាក់​ម៉ា​ឌី​ហ្សូ​ន​នេះ ​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​១៦ថ្ងៃ​ ដែល​ធ្វើឡើង​ក្នុង​គោល​ដៅ​ផ្សព្វផ្សាយ​ពី​ការបញ្ឈប់​អំពើហិង្សា​លើ​ស្ដ្រី ​និង​កុមារី។ ​ជា​យុទ្ធនាការ​សកល​មួយ​ ដែល​ត្រូវ​បាន​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ ​តាំង​ពី​ឆ្នាំ​១៩៩១មក។ ​នៅ​កម្ពុជា​ ទីភ្នាក់ងារ​សហប្រជាជាតិ ​លើក​កម្ពស់​សមភាព​យេនឌ័រ​ និង​ផ្ដល់​ភាព​អង់អាច​ដល់​ស្ដ្រី ​ហៅ​កាត់​ថា​ UN Women ​គឺជា​អ្នករៀបចំ​ព្រឹត្តិការណ៍​នេះ ក្រោម​ក្របខណ្ឌ​របស់​យុទ្ធនាការ UNiTE​ និង​កិច្ចសហការ​ពី​អង្គការ​ដៃគូ​ជាច្រើន​ផ្សេងទៀត។

ជា​រៀងរាល់ឆ្នាំ​ បើតាម​ UN Women ​ស្ដ្រី​និង​ក្មេងស្រី​រាប់លាន​នាក់​នៅ​ទូទាំង​សកលលោក ​ទទួលរង​អំពើហិង្សា​ក្នុង​ទម្រង់​មួយចំនួន​ដូចជា​ អំពើហិង្សា​ក្នុង​គ្រួសារ​ ការ​រំលោភ​សេព​សន្ថវៈ ​ការ​កាត់​ច្រឹប​ប្រដាប់​ភេទស្ដ្រី​ ការ​សម្លាប់​ទាក់ទង​នឹង​ថ្លៃ​បណ្ណាការ​ ការជួញដូរ​មនុស្ស ​អំពើហិង្សា​ផ្លូវភេទ​នៅក្នុង​ស្ថានភាព​មាន​ជម្លោះ​ ឬការ​រំលោភ​បំពាន​ដែល​ស្ដែង​ចេញ​ក្នុង​ទម្រង់​ផ្សេង​ទៀត។

យុទ្ធនាការ​សកម្មភាព​១៦ថ្ងៃ​ ប្រឆាំង​អំពើហិង្សា​យេនឌ័រ​ ដែល​ចាប់ផ្ដើម​ពីថ្ងៃ​២៥វិច្ឆកា​ មាន​បំណង​រំលេច​ឲ្យឃើញ​ពី​បញ្ហា​ប្រឈម​ទាំងអស់នេះ។​ ក្រៅ​ពីការ​រាំម៉ាឌីហ្សូន​ យុទ្ធនាការ​១៦ថ្ងៃ ​ក៏មាន​ផង​ដែរ​ កម្មវិធី​វិទ្យុ​បង្កើន​ការ​យល់​ដឹង​អំពី​ការ​បញ្ឈប់​អំពើហិង្សា​លើស្ដ្រី​និង​កុមារី​ កម្មវិធី​បង្កើន​កា​រយល់​ដឹង​ក្នុង​ចំណោម​អ្នក​ជម្រុញ​លក់​ស្រាបៀរ​ ព្រម​ទាំង​សិស្ស​និស្សិត​នៅតាម​សាកល​វិទ្យាល័យ​ជា​ដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ