អានតួអត្ថបទ
កម្ពុជា

ក្រសួង​វប្បធម៌ ​រៀបចំបញ្ចប់ឯកសារ ស្នើ​សុំ​ចុះ​ប្រាសាទ​សម្បូរព្រៃគុហ៍ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក

ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​​​ កំពុង​តែ​រៀបចំ​បញ្ចប់ឯកសារ ដើម្បី​ស្នើ​សុំ​ចុះ​ប្រាសាទ​សម្បូរ​ព្រៃគុហ៍ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។ នេះ​បើ​តាមការអះអាង​របស់​លោកឧបនាយក​រដ្ឋ​មន្ដ្រី​សុខ អាន ដែលបាន​ថ្លែងនៅក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​វិស័យ​វប្បធម៌​ឆ្នាំ​២០១៤ និង​លើក​ទិស​ដៅ​ឆ្នាំ​២០១៥ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។

លោក​ សុខ ​អាន ​ឧបនាយក​រដ្ឋមន្ត្រី ​និង​ជា​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ ។
លោក​ សុខ ​អាន ​ឧបនាយក​រដ្ឋមន្ត្រី ​និង​ជា​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ ។ @Google
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ពិធី​បិទ​សន្និបាត​ការងារ​វិស័យ​វប្បធម៌ នៅ​សាលសន្និសីទ​ចតុមុខ កាល​ពីថ្ងៃ​ព្រហស្បតិ៍ ទី​២២​មករា លោក​ឧបនាយករដ្ឋមន្ដ្រី​សុខ អាន រដ្ឋ​មន្ដ្រីទទួល​បន្ទុក​ទី​ស្ដីការ​គណៈរដ្ឋមន្ដ្រី បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្រសួងវប្បធម៌​និងវិចិត្រសិល្បៈ បាននិង​កំពុង​តែរៀប​ចំបញ្ចប់​សំណុំ​ឯកសារ ដើម្បីស្នើ​សុំ​ចុះ​ប្រាសាទ​សម្បូរ​ព្រៃ​គុហ៍ ទៅ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​​ពិភព​លោក​ នៅ​ពេលឆាប់ៗ​ខាង​មុខ​នេះ​។

 

បើ​តាមលោក​សុខ អាន ផ្អែក​លើ​កិត្យានុភាព​ជាតិ និង​ទំនាក់​ទំនង​ល្អ​នៅ​ក្នុង​មជ្ឈដ្ឋាន​បេតិក​ភណ្ឌ​ពិភពលោក ព្រមទាំងជោគជ័យ​កន្លងមក កម្ពុជាសង្ឃឹម​ថា ប្រាសាទ​សម្បូរ​ព្រៃគុហ៍​ នឹងទទួល​បាន​ការគាំទ្រ សម្រាប់ការចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោកដោយ​ជោគ​ជ័យ​។ ទន្ទឹម​នឹង​សេចក្ដី​សង្ឃឹមនេះ លោក​សុខ អាន ក៏​បាន​បង្ហើប​ឲ្យ​ដឹង​ទៀតថា បន្ទាប់ពីប្រាសាទ​សម្បូរ​ព្រៃគុក​នេះ កម្ពុជានឹង​គ្រោង​ដាក់​បញ្ចូល​ប្រាសាទ​ព្រះ​ខ័ន​កំពង់ស្វាយ ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌពិភពលោក​ផងដែរ។

​ប្រាសាទ​សម្បូរ​​ព្រៃ​គុហ៍​ ជាអតីត​រាជធានី​អាណាចក្រ​ខ្មែរ​នា​សតវត្ស​ទី​៧ ដែល​មាន​ទីតាំង​នៅ​ក្នុង​ខេត្ត​កំពង់ធំ ភាគ​ខាង​ជើង​រាជធានី​ភ្នំពេញ​។ ​តំបន់​ប្រាសាទសម្បូរព្រៃ​គុហ៍​មាន​ប្រាសាទ​ជាង​៣០០ ភាគ​ច្រើន​​សាង​សង់​ដោយ​ដី​ឥដ្ឋ និង​មានរចនាបទ​ស្រស់​ស្អាត​ចម្លែក​។ ប៉ុន្តែ​គួរ​ឲ្យ​សោក​ស្ដាយ តំបន់​ប្រាសាទ​សម្បូរ​ព្រៃ​គុក បានទទួល​រការ​ខូច​ខាត​យ៉ាង​ខ្លាំង ​ដោយ​សារ​ការ​ទម្លាក់​គ្រាប់​បែក នៅ​ក្នុង​អំឡុង​ពេល​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា ឆ្នាំ​១៩៧០​ដល់​ឆ្នាំ​១៩៧៥​។

ការ​ដាក់​បញ្ជូល​ប្រាសាទ​សម្បូរ​ព្រៃគុហ៍ ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក ត្រូវ​បានអ្នក​ជំនាញ​មើល​ឃើញថា នឹងអាច​ជួយ​អភិរក្ស និងអភិវឌ្ឍ​ប្រាសាទ​នេះ ឲ្យ​បាន​ឋិតឋេរ​គង់​វង្ស។
គួរជម្រាបជូន​ថា បច្ចុប្បន្ន កម្ពុជា​មាន​សម្បត្តិ​វប្បធម៌រូបីយ៍​​ចំនួន​២ ដែល​បាន​ដាក់​បញ្ចូល​នៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់អង្គការ​យូណេស្កូ​។ មួយ​គឺ​ប្រាសាទ​អង្គរវត្ត ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ក្នុង​ឆ្នាំ​១៩៩២​។ និង​ទី​២ គឺ​ប្រាសាទ​ព្រះ​វិហារ ដែល​ត្រូវ​បាន​អង្គការ​យូណេស្កូ​​ទទួល​ស្គាល់ កាល​ពី​ឆ្នាំ​២០០៨​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ