អានតួអត្ថបទ
កម្ពជា

សហជីព និង ថៅកែ​រោងចក្រ​មិន​ពេញចិត្ត​សេ​ក្តី​ព្រាង​ច្បាប់​សហជីព​ដែល​រដ្ឋាភិបាល​បានអនុម័ត

សេចក្តីព្រាងច្បាប់​ស្តីពី សហជីព ដែល​បាន​ចំណាយពេល​រៀបចំ​តាក់តែងឡើង៧ឆ្នាំ ត្រូវបាន​រដ្ឋាភិបាល​ក​ម្ពុ​ជា អនុម័ត​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ដើម្បី​ប​ញ្ចូ​ន​បន្ត​ទៅកាន់​រដ្ឋសភាជាតិ​នាពេលខាងមុខ ដើម្បី​ពិភាក្សា និង​អនុម័ត។ មេដឹកនាំ​សហជីព និង សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បាន​សម្តែង​ការមិន​ពេញចិត្ត​ចំពោះ​សេចក្តីព្រាងច្បាប់​ថ្មី​នេះ ដោយហេតុថា សេចក្តីព្រាងច្បាប់​នេះ​មិន​ត្រូវបាន​បញ្ចូល​នូវ​ចំណុច​ព្រួយបារម្ភ​ដែល​ខ្លួន​បានស្នើ​ឡើង។

សហជីព​​ធ្វើ​បាតុកម្ម​នា​ពេល​កន្លង​មក​
សហជីព​​ធ្វើ​បាតុកម្ម​នា​ពេល​កន្លង​មក​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

មេដឹកនាំ​សហជីព​ឯករាជ្យ​នៅ​កម្ពុជា បាន​សម្តែង​ការសោកស្តាយ​ចំពោះ​ការសម្រេច​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី សហជីព ទាំង​ចម្រូងចម្រាស​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា ។ លោក​ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ក្រសួង​ការងារ​មិនបាន​កែប្រែ​នូវ​ចំណុច​មួយចំនួន​នៅក្នុង​សេចក្តីព្រាងច្បាប់​ថ្មី​នេះ ទៅតាម​ការស្នើសុំ​របស់​ក្រុម​មេដឹកនាំ​សហជីព​នោះទេ ដោយ​បែរជា​ដាក់​ឲ្យ​រដ្ឋាភិបាល​ពិភាក្សា និង អនុម័ត​ដោយ​មិនបាន​បង្ហាញ​សេចក្តីព្រាង​ចុងក្រោយ​ដល់​សហជីព។ 

ចំណែក​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ហៅ​កាត់​ថា GMACវិញ ក៏បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព នេះ​ផងដែរ។ បើតាម​សេចក្តី​ថ្លែង​ការ​របស់ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ GMAC បាន​បញ្ជាក់ថា នៅក្នុង​សេចក្តីព្រាងច្បាប់​ថ្មី​នេះ ក្រសួង​ការងារ​មិនបាន​ពិចារណា​ដាក់បញ្ចូល​នូវ​ចំណុច​ព្រួយបារម្ភ​របស់​ក្រុម​និយោជក​នោះឡើយ។ គឺ​នៅត្រង់ចំណុច​នេះ GMAC មើលឃើញថា សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព នឹង​មិនអាច​ដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​បញ្ហា​ទំនាក់ទំនង​វិជ្ជាជីវៈ​ដែល​វិស័យ​ឯកជន​កំពុង​ជួបប្រទះ។

ផ្ទុយ​ពី​ការលើកឡើង​ខាងលើ លោក​សោម អូន ប្រធាន​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា​ដែលមាន​ទំនោរ​គាំទ្រ​រដ្ឋាភិបាល បាន​ស្វាគមន៍ ។ ស្វាគមន៍ គឺ​ដោយសារតែ​លោក​យល់ថា សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព​នឹង​រក្សា​ទំនាក់ទំនង​វិជ្ជាជីវៈ និង​ធ្វើ​ឲ្យ​មាន​សន្តិភាព​នៅក្នុង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា ។

សេចក្តីព្រាងច្បាប់​ស្តីពី សហជីព មាន១៧ជំពូក និង ៩១ មាត្រា ។ ក្រសួង​ការងារ​ធ្លាប់បាន​អះអាងថា ការបង្កើត​ច្បាប់​នេះ​ឡើង គឺ​ដើម្បី​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ស្របច្បាប់​របស់​កម្មករ ព្រមទាំង​ធានា​នូវ​សិទ្ធិសេរីភាព​នៃ​អង្គការ​វិជ្ជាជីវៈ​របស់​កម្មករ និយោជិត និង​និយោជក​ផងដែរ។ បើតាម​ក្រសួង​ការងារ សេចក្តីព្រាងច្បាប់​ស្តីពី សហជីព ធ្លាប់​ត្រូវ​បានរៀបចំ​ឲ្យ​មានការ​ពិភាក្សា​ជា​សាធារណៈ ចំនួន៧ លើក​រួចមកហើយ។

យ៉ាងណាក៏ដោយ លោក​អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព សី​ខៅ​ឌូ បាន​គូសបញ្ជាក់ថា តាំងពី​ចុងឆ្នាំ២០១៤ មកដល់ពេលនេះ សហជីព​ពុំ​ទទួលបាន​សេចក្តីព្រាងច្បាប់​ស្តីពី សហជីព ចុង​ក្រោយពី​ក្រសួង​ការងារ​នោះទេ។ ដូច្នេះ លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បង្ហាញ​សេចក្តីព្រាងច្បាប់​នេះ​ដល់​សហជីព។ ចំណែក​លោក​ប៉ាវ ស៊ីណា បាន​សំណូម​ឲ្យ​រដ្ឋាភិបាល និង សភា ត្រួតពិនិត្យ និង កែលម្អ​ឡើងវិញ​នូវ​សេចក្តីព្រាងច្បាប់​នេះ ទៅតាម​ការស្នើសុំ​របស់​ក្រុម​សហជីព ព្រោះថា វា​ជា​ផលប្រយោជន៍​របស់​កម្ម​ករ និង កម្ម​រិ​នី​ខ្មែរ​ទាំងអស់។

គួរ​បញ្ជាក់ថា មកដល់​ពេលបច្ចុប្បន្ន​នេះ កម្ពុ​ជាមាន​សហជីព​មូលដ្ឋានចំនួន ៣២១៤ សហជីព សហព័ន្ធ​សហជីព ចំនួន៨៤សហព័ន្ធ សហភាព​សហព័ន្ធ​សហជីព​ចំនួន១៣ សហភាព និង​សមាគម​និយោជក​ចំនួន៥សមាគម ។ ចំនួន​នេះ បើតាម​ក្រសួង​ការងារ គឺ​តម្រូវអោយមាន​បទ​ប្ប​ញ្ញ​តិ​កាន់តែច្បាស់ ដើម្បី​ធានា​នូវ​សិទ្ធិសេរីភាព​នៃ​អង្គការ​វិជ្ជាជីវៈ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ