អានតួអត្ថបទ
កម្ពុជា

គ.ជ.ប​ថា​ខ្លួន​នៅតែ​អាច​​ដំណើរ​ការ​​ទៅ​​មុខ​ដោយ​គ្មាន​ជំនួយ​អឺរ៉ុប

សហភាព​​​អឺរ៉ុប​​​ប្រចាំ​​​នៅ​​​កម្ពុជា​​​នៅ​​​ថ្ងៃ​​​អង្គារ​​​នេះ បាន​​ប្រកាស​​​ព្យួរ​​​ជំនួយ​​​រប​ស់​​ខ្លួន​​ដល់​គណៈកម្មាធិការ​​ជាតិ​​​រៀប​ចំ​​​ការ​បោះឆ្នោត​​(គ​.ជ.​ប)​​ បន្ទាប់​​ពី​​​បណ្តុំ​​​ប្រទេស​​​លោក​​ខាង​​លិច​ជាង​​២០​​ប្រទេស​​​នេះ​ បាន​​​ជួយ​​​ផ្នែក​​​បច្ចេកទេស​​​យ៉ាង​​សកម្ម​​​ដល់​ គ.​ជ.​ប​ ​នា​ពេល​​កន្លង​ទៅ​​។ ​​ការ​​សម្រេច​​​ព្យួរ​​​ជំនួយ​​​របស់​​​សហភាព​​​អឺរ៉ុប​​​ដល់​​ គ.ជ.ប ​​នៅពេល​​នេះ​​​បាន​ធ្វើ​​ឡើង​​ដោយ​​យោង​លើ​​ហេតុផល​​តុលាការ​​កំពូល​​កម្ពុ​ជា​កា​ល​ពី​​ថ្ងៃ​ទី​១៦​ខែ​វិច្ឆិកា ​បាន​ស​ម្រេច​​​រំលា​យ​​គណ​បក្ស​​​សង្គ្រោះ​​ជាតិ​​ ពី​​​ពិភព​​​នយោបាយ​​​ខ្មែរ​​។

​ឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក George Edgar
​ឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក George Edgar @phnompenhpost
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​​សេចក្តី​ប្រកាស​​របស់​ខ្លួន​​នៅថ្ងៃនេះ​ សហភាព​​អឺរ៉ុប​​ប្រចាំ​​នៅ​​កម្ពុជា ​បាន​​រៀបរាប់​យ៉ាង​​រីករាយ​​ពី​​ដំណើរការ​​រៀបចំ​​ការ​បោះ​ឆ្នោត​​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់​ កន្លង​មក ដែល​មាន​ការ​ទទួល​ស្គាល់​​យ៉ាង​​ទូលំទូលាយ​​ថា ត្រូវ​បាន​​ធ្វើឡើង​​ប្រកបដោយ​វិជ្ជាជីវៈ ព្រមទាំង​មាន​ស្តង់ដារ តម្លាភាព និង​កម្រិត​ទុកចិត្ត​ខ្ពស់ ហើយ​ការបោះឆ្នោត​ត្រូវបាន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ពិតប្រាកដ​របស់​អ្នកបោះឆ្នោត។

សហភាព​​អឺរ៉ុប បាន​កត់​សម្គាល់​ថា យោង​​លើ​​ហេតុផល​នេះ​ អាជ្ញាធរ​បាន​ចាត់វិធានការ​ជា​​បន្តបន្ទាប់​​ទៅលើ​គណបក្សប្រឆាំង ដែល​ទទួលបាន​សម្លេង៤៤,៥% នៅក្នុង​ការ​បោះឆ្នោត​​ជ្រើសតាំង​​តំណាង​រាស្ត្រ​​ឆ្នាំ​២០១៣​ និង​៤៣,៨​%​ នៅក្នុង​ការបោះឆ្នោត​ថ្នាក់​មូលដ្ឋាន​​នៅ​​ឆ្នាំ​២០១៧​។

សេចក្តីសម្រេច​រំលា​យគ​ណ​បក្ស​សង្គ្រោះ​ជាតិ និង​ការបែងចែក​អាសនៈ​រដ្ឋសភា និង​ក្រុម​ប្រឹក្សាឃុំ-សង្កាត់ ទៅ​ឲ្យ​គណបក្ស​ដទៃ គឺជា​ការ​បដិសេធចោល​នូវ​ការជ្រើសរើស​របស់​ពល​រដ្ឋ​ដែល​​បាន​​បោះឆ្នោត​​ជូន​គណបក្ស​នេះ នៅក្នុង​ការ​បោះឆ្នោត​ឆ្នាំ២០១៣និង​ឆ្នាំ​២០១៧​។​ នេះ​បើតាម​​សេចក្តី​ប្រកាស​​ព័ត៌មាន​​របស់​​សហភាព​​អឺរ៉ុប​។

ជាមួយគ្នានេះ លោក​​សោម សូ​រី​ដា អគ្គលេខា​ធិការ​រង​គ.ជ.ប បាន​​សម្តែង​​ការ​សោកស្តាយ​​​នូវ ទង្វើ​​​រ​បស់​សហភាព​អឺរ៉ុប ដែល​​​បាន​​ព្យួរ​​ជំនួយ​​ដល់​គ.ជ​.ប​។​ ​ក៏​ប៉ុន្តែ​​លោក​សោម សូ​រី​ដា​ រំពឹង​​ថា​គ.ជ.ប នឹង​ដំណើរ​ការ​រៀបចំ​​ការ​បោះ​ឆ្នោត​​ចំនួន​២​ខាងមុខ​ដូច​ការគ្រោងទុក គឺ​ការបោះឆ្នោត​ព្រឹទ្ធសភា និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី៦ នៅ​ឆ្នាំ២០១៨ខាងមុខ​ជាមួយនឹង​ដៃគូរ​មួយចំនួនទៀត​ក្រៅពី​សហភាព​អឺរ៉ុប។

ជាមួយ​គ្នានេះ នៅក្នុង​សេចក្តី​ថ្លែងការណ៍​​របស់​​សហភាព​អឺរ៉ុប ដំណើរការ​បោះឆ្នោត​មួយ ដែល​គណបក្ស​ប្រឆាំង​ត្រូវបាន​ផាត់​​ចេញ​តាម​​ទំនើង​ចិត្ត​បែបនេះ ក៏​មិនអាច​ត្រូវបាន​មើលឃើញ​ថា​​មាន​​ភាព​​ស្របច្បាប់​​​បាន​ដែរ​។ សូម​​បញ្ជាក់​​ថា អឺរ៉ុប​ជា​សហគមន៍​បរទេស​ទី២ហើយ​បន្ទាប់ពី​អាមេរិក ដែល​បាន​ផ្អាក​​ជំនួយ​​ដល់​គ.ជ.ប​។ បើ​តាម​​មន្ត្រី​​គ.ជ.ប ជំនួយ​របស់​​សហភាព​​អឺរ៉ុប​​មាន​​ប្រមាណ​​ជាង​៥លាន​ដុល្លារ ដែល​ជា​ជំនួយ​​មួយ​សំខាន់​ដែរ នៅក្នុង​ដំណើរការ​រៀបចំ​​ការ​បោះ​ឆ្នោត​​​ឆ្នាំ២០១៦-២០១៧ ​ដែល​​​គ.ជ.ប​ បាន​​​ចំណាយ​អស់​​ជាង​​៥០​​លាន​​​ដុ​លា្ល​រ​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ