អានតួអត្ថបទ
កម្ពុជា

អង្គការ​Human Right Watch បរិហារ​អំពើ​ហិង្សា​លើ​សហជីព​ក្នុង​ថ្ងៃ​អនុម័ត​ច្បាប់​សហជីព

អង្គការ​ឃ្លាំ​មើល​សិទិ្ធ​មនុស្សHuman Right Watch កាល​ពី​ម្សិលមិញ បាន​បរិហារ​ពី​អំពើ​ហិង្សា​ដែល​បង្ក​ឡើង​ដោយ​ក្រុម​សន្តិសុខ​សាលា​ខណ្ឌ​ដូនពេញ​ទៅ​លើ​ក្រុម​សហជីព​ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្រៅ​រដ្ឋសភា ដើម្បី​ប្រឆាំង​នឹង​ការ​អនុម័ត​ច្បាប់​សហជីព។ អង្គការ​មួយ​នេះ ថែម​ទាំង​ចង់​ឲ្យ​ក្រុម​ហ៊ុន​សម្លៀក​បំពាក់​និង​ស្បែក​ជើង​រួម​ទាំង​ម្ចាស់​ជំនួយ​ផង ថ្កោល​ទោស​ចំពោះ​អំពើ​ហិង្សា​នេះ​ផង​ដែរ។

សហជីព​បាន​នាំ​គ្នា​តវ៉ា​ប្រឆាំង​នឹង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សហជីព​នៅ​ខាង​ក្រៅ​រដ្ឋសភា នៅថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៦។​
សហជីព​បាន​នាំ​គ្នា​តវ៉ា​ប្រឆាំង​នឹង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សហជីព​នៅ​ខាង​ក្រៅ​រដ្ឋសភា នៅថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៦។​ Facebook
ផ្សាយពាណិជ្ជកម្ម

ពី​ទីក្រុង​បាងកក ប្រទេស​ថៃ លោក​Phil Robertson នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទិ្ធ​មនុស្សHuman Rights Watch ប្រចាំ​តំបន់​អាស៊ី​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា ការ​បោះឆ្នោត​របស់​រដ្ឋសភា​ខ្មែរ ដើម្បី​អនុម័ត​ច្បាប់​ស្តី​ពី​សហជីព ដែល​ផ្ទុយ​ទៅ​នឹង​ស្តង់​ដារ​អន្តរជាតិ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ធ្លាក់​ចុះ​បន្ថែម​ទៀត​នៃ​ការ​គោរព​សិទ្ធិ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ បន្ថែម​លើ​នេះ​លោក​បញ្ជាក់​ថា ខ្សែ​វីឌីអូ​ជា​ច្រើន​បង្ហាញ​ពី​មន្ត្រី​ប៉ូលិស​កំពុង​វាយ​ទៅ​លើ​ក្រុម​សហជីព​កម្មករ​ដែល​តវ៉ា​ដោយ​អហិង្សា​ប្រឆាំង​ច្បាប់​នេះ​ស្តែង​ឲ្យ​ឃើញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ដ៏​ទន់​ខ្សោយ​របស់​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​គោរព​សិទ្ធិ​របស់​កម្មករ។

គួរ​បញ្ជាក់​ថា ការ​បរិហារ​ពី​នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទិ្ធ​មនុស្សHuman Rights Watch​នា​ពេល​នេះ​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ បន្ទាប់​ពី​ច្បាប់​ស្តី​ពី​សហជីព ត្រូវ​បាន​រដ្ឋសភាជាតិ​កម្ពុជា​អនុម័ត​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី​០៤ មេសា ដោយ​សំឡេង​៦៧​ លើ​៩៨​សំឡេង។ ការ​អនុម័ត​ច្បាប់​ដ៏​ចម្រូង​ចម្រាស​នេះ បាន​ប្រព្រឹត្ត​ទៅ​ដោយ​សភាព​ធម្មតា​នៅ​ក្នុង​រដ្ឋសភា។ ប៉ុន្តែ​អ្វី​ដែល​មិន​ធម្មតា​នោះ គឺ​នៅ​ខាង​ក្រៅ​រដ្ឋសភា​ឯណោះ​ទៅ​វិញ​ទេ​ដែល​បាន​ក្លាយ​ទៅ​ជា​សមរភូមិ​ប្រយុទ្ធ​របស់​ក្រុម​សន្តិសុខ​សាលា​ខណ្ឌ​ដូន​ពេញ​ទៅ​លើ​ក្រុម​សហជីព​ ដែល​បាន​មក​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​ប្រឆាំង​នឹង​ច្បាប់​នេះ​ដោយ​សន្តិវិធី។ ក្រុម​សន្តិសុខ​ទាំង​នោះ បាន​ព្រួត​គ្នា​ដេញ​ចាប់ និង​វ៉ៃ​មិន​ប្រណី​ដៃ​ទៅ​សហជីព​ម្នាក់​បណ្តាល​ឲ្យ​បែក​ក្បាល​ហូរ​ឈាម​តែ​ម្តង។

ចំពោះ​អំពើ​ហិង្សា​នេះ លោក​នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទិ្ធ​មនុស្សHuman Rights Watch បាន​លើក​ឡើង​ថា ក្រុម​ហ៊ុន​សំលៀក​បំពាក់ និង​ស្បែក​ជើង​ម៉ាក​ល្បី​ៗ ព្រម​ទាំង​ម្ចាស់​ជំនួយ​ផង​គួរ​តែ​ថ្កោល​ទោស​នូវ​ការ​ប្រើប្រាស់​កង​កម្លាំង​តាម​របៀប​គ្មាន​ច្បាប់​ទម្លាប់​បែប​នេះ និង​គួរ​តែ​អំពាវនាវ​ឲ្យ​មាន​ការ​ពន្យល់ និង​ទទួល​ខុស​ចំពោះ​រឿង​នេះ។

ក្រៅ​ពី​អង្គការ​ឃ្លាំ​មើល​សិទិ្ធ​មនុស្សHuman Right Watch អំពើ​ហិង្សា​មក​លើ​ក្រុម​សហជីព​នេះ​ក៏​ត្រូវ​បាន​ក្រុម​សហជីព​ខ្លួន​ឯង​ផ្ទាល់ និង​បណ្តាញ​អ្នក​ការពារ​សិទ្ធិ​ការងារ និង​សិទ្ធិ​មនុស្ស បាន​សម្តែង​ការ​សោកស្តាយ​ និង​ធ្វើ​ការ​ថ្កោលទោស​ផង​ដែរ។ ពួក​គេ​ថែម​ទាំង​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​ចាត់​វិធាន​ការ​លើ​ជន​បង្ក និង​អ្នក​បញ្ជា ​នាំ​មក​ផ្តន្ទាទោស​តាម​ច្បាប់។ ចំណែក​សហគមន៍​អន្តរជាតិ ដៃគូ​អភិវឌ្ឍ និង​អ្នក​បញ្ជា​ទិញ​នានា ក៏​ជា​ជម្រើស​ដែល​ក្រុម​សហជីព​បាន​ស្វែង​រក​ការ​ជួយ​អន្តរាគមន៍​ដែរ។

បើ​ទោះ​បី​ពេញ​ចិត្ត ឫ​មិន​ពេញ​ចិត្ត​យ៉ាង​ណា​ក៏​ដោយ ក៏​ប៉ុន្តែ​ច្បាប់​ស្តី​ពី​សហជីព​ដ៏​ចម្រូង​ចម្រាស​នេះ ត្រូវ​បាន​រដ្ឋសភា​អនុម័ត​រួច​ទៅ​ហើយ។ ដូច្នេះ សម្រាប់​អង្គការ​អន្តរជាតិ​ខាង​ការងារ​(ILO) អ្វី​ដែល​រដ្ឋាភិបាល សហជីព និង​និយោជក​ត្រូវ​ធ្វើ​នៅ​ពេលេ​នេះ គឺ​បង្វែរ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ខ្លួន​ទៅ​លើ​ការ​អនុវត្ត​ច្បាប់​ថ្មី​ស្តី​ពី​សហជីព ដោយ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​លក្ខណៈ​ត្រឹមត្រូវ យុត្តិធម៌ និង​ឥត​លម្អៀង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ