អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ការ​គោរព​ច្បាប់​ស្តី​ពី​ការងារ មាន​ភាព​ចាំ​បាច់ ជុំវិញ​ការ​បើក​ប្រាក់​ឈ្នួល​ដល់​កម្មករ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​បើក​ប្រាក់​ឈ្នួល ២​ដង​ក្នុង​មួយ​ខែ ដែល​ក្រសួង​ការងារ ជម្រុញ​ឲ្យ​វិល​ទៅ​រក​ការ​អនុវត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ច្បាប់​វិញ​នោះ កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ប្រទាញ​ប្រទង់​នៅ​ឡើយ។ ការ​មិន​ទាន់​យល់​ស្រប​នោះ​គឺ​ផ្តើម​ឡើង​ពី​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា។ មាត្រា ១១៦ នៃ​ច្បាប់​ស្តី​ពី​ការងារ​កម្ពុជា បាន​ចែង​ថា «ប្រាក់​ឈ្នួល​នៃ​កម្មករ ត្រូវ​បើក​យ៉ាង​ហោច​ណាស់ ២​ដង ក្នុង​មួយ​ខែ ដោយ​មាន​ចន្លោះ​ពេល​យ៉ាង​ច្រើន ១៦​ថ្ងៃ»។ ក៏​ប៉ុន្តែ​ជាក់​ស្តែង ថៅកែ​រោង​ចក្រ បាន​បើក​ប្រាក់​ឈ្នួល​តាម​ទំលាប់ តែ ១​ដង​ទេ​ក្នុង ១​ខែ​ចាប់​តាំង​ពី ២​ទសវត្ស​កន្លង​ទៅ។

ការ​​គោរព​​ច្បាប់​​ស្តី​​ពី​​ការងារ មាន​​ភាព​​ចាំ​​បាច់ ជុំវិញ​​ការ​​បើក​​ប្រាក់​​ឈ្នួល​​ដល់​​កម្មករ
ការ​​គោរព​​ច្បាប់​​ស្តី​​ពី​​ការងារ មាន​​ភាព​​ចាំ​​បាច់ ជុំវិញ​​ការ​​បើក​​ប្រាក់​​ឈ្នួល​​ដល់​​កម្មករ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

កាល​ពី​ពាក់​កណ្តាល​ខែ​កុម្ភៈ កន្លង​ទៅ ក្រសួង​ការងារ​កម្ពុជា តាម​រយៈ​សន្និបាត​របស់​ខ្លួន បាន​ជម្រុញ​ឲ្យ​មាន​ការ​អនុវត្ត​មាត្រា ១១៦ នៃ​ច្បាប់​ស្តី​ពី​ការងារ ដែល​តម្រូវ​ឲ្យ​និយោជក​បើក​ប្រាក់​ឈ្នួល​របស់​កម្មករ​យ៉ាង​ហោច​ណាស់ ២​ដង​ក្នុង​ ១​ខែ។ ក៏​ប៉ុន្តែ សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា GMAC ជា​ថ្មី​ម្តង​ទៀត បាន​ប្រតិកម្ម​ទៅ​នឹង​ការ​លើក​ឡើង​របស់​ក្រសួង​ការងារ បើ​ទោះ​ណា ចំណុច​នេះ​បាន​ចែង​នៅ​ក្នុង​ច្បាប់​ស្តី​ពី​ការងារ​ច្បាស់ៗ​យ៉ាង​ណា​ក៏​ដោយ។

នៅ​ដើម​សប្តាហ៍​នេះ សមាគម GMAC បាន​ស្នើ​ទៅ​ក្រសួង​ការងារ ដើម្បី​សុំ​ឲ្យ​មាន​ការ​ពិភាក្សា កំណត់​រយៈពេល​អនុគ្រោះ​សម​ស្រប​ដើម្បី​រៀប​ចំ​ខ្លួន​មុន​ពេល​អនុវត្ត មាត្រា ១១៦ នៃ​ច្បាប់​ស្តី​ពី​ការងារ។ លិខិត​ស្នើ​សុំ​ដែល​មាន​ចុះ​ហត្ថលេខា​ដោយ​លោក​ខេន លូ អគ្គលេខា​ធិការ​សមាគម​រោង​ចក្រ​កាត់ដេរ​កម្ពុជា បាន​លើក​ឡើង​ថា GMAC ទទួល​ស្គាល់​នូវ​កាតព្វកិច្ច​ដែល​ត្រូវ​អនុវត្ត​មាត្រា ១១៦​នេះ ប៉ុន្តែ​ក្រោយ​ពី​បាន​ធ្វើ​ការ​ពិចារណា​លើ​ស្ថានភាព​ជាក់​ស្តែង សមាគម​សូម​សម្តែង​នូវ​ការ​ព្រួយ​បារម្ភ​ពី​ផល​ប៉ះពាល់​អវិជ្ជមាន​មួយ​ចំនួន ប្រសិន​បើ​មាត្រា​នេះ​ត្រូវ​បាន​ជម្រុញ​ឲ្យ​អនុវត្ត​ភា្លមៗ ដោយ​ពុំ​ទាន់​បាន​កំណត់​រយៈពេល​អនុគ្រោះ​សម​ស្រប ដើម្បី​ឲ្យ​និយោជក​និង កម្មករ​ត្រៀម​ខ្លួន​ជា​មុន​នោះ​ទេ។

សូម​បញ្ជាក់​ថា ប្រទេស​កម្ពុជា​មាន​ច្បាប់​ស្តី​ពី​ការងារ​ចាប់​តាំង​ពី ឆ្នាំ ១៩៩៧ ក៏​ប៉ុន្តែ​ការ​អនុវត្ត​ជាក់​ស្តែង​លើ​មាត្រា ១១៦​នេះ ដែល​ថា​និយោជក​ត្រូវ​បើក​ប្រាក់​ឈ្នួល​ដល់​កម្មករ ២​ដង​ក្នុង ១​ខែ មិន​មាន​ទេ លើ​វិស័យ​កាត់ដេរ។ ក៏​ប៉ុន្តែ​ការ​អនុវត្ត​កន្លង​មក ក៏​ដូចជា​បច្ចុប្បន្ន​គឺ​ធ្វើ​ឡើង​តាម​ទម្លាប់ គឺ​មួយ​ខែ​បើក​ម្តង ហើយ​ប្រាក់​ឈ្នួល ខែ​ចាស់ ត្រូវ​បើក​នៅ​ដើម​ខែ​បន្ទាប់។

ទោះ​យ៉ាង​ណា ភាគី​ទាំង​ពីរ បាន​បន្ត​អនុវត្ត​ទំលាប់​នេះ ជា​រៀង​រហូត​មក ដោយ​មិន​មាន​ប្រតិកម្ម​អ្វី​ទេ សូម្បី​តែ​មន្ត្រី​សហជីព ដែល​ជា​អ្នក​ការពារ​សិទ្ធិ និង​ច្បាប់​ផ្សេងៗ ឲ្យ​កម្មករ ក៏​ពុំ​មាន​បង្ហាញ​នូវ​ការ​ជំទាស់​អ្វី​ដែរ។ ក៏​ប៉ុន្តែ​ជា​ទិដ្ឋភាព​ច្បាប់ គប្បី​ត្រូវ​មាន​ការ​គោរព ទាំង​អស់​គ្នា ទាំង​និយោជក និង​កម្មករ ។

ដូច​នេះ​ការ​លើក​ឡើង​របស់​ក្រសួង​ការងារ ដែល​មាន​បំណង​ទាញ​ការ​ចាប់​អារម្មណ៍​ពី វិយោគិន លើ​វិស័យ​កាត់ដេរ ឲ្យ​វិល​ទៅ​រក​ការ​គោរព​ច្បាប់​ទាំង​អស់​គ្នា​ឡើង​វិញ គឺ​បាន​បង្ហាញ នូវ​ភាព​ត្រឹម​ត្រូវ​មួយ។ ក៏​ប៉ុន្តែ​បើ​និយាយ​ពី​ការ​កែ​សម្រួល​ទម្លាប់​បើក​ប្រាក់​ឈ្នួល តាម​ទំលាប់ ឲ្យ​ទៅ​ជា​ការ​បើក​ប្រាក់​ឈ្នួល​តាម​ច្បាប់​វិញ​នោះ​គេ​គួរ​តែ​នាំ​គ្នា​គិត​គូរ​ជា​យូរ​ណាស់​មក​ហើយ ក៏​ព្រោះ​ថា​គ្រប់​ភាគី​ពាក់​ព័ន្ធ រួម​ទាំង​ក្រសួង​ការងារ​ដែល​ជា​អ្នក​សរសេរ​ច្បាប់​ផង​នោះ សុទ្ធ​តែ​បាន​ដឹង​ពី​ចំណុច​នេះ។

ជា​ផល​វិបាក នៅ​ពេល​ដែល​ក្រសួង​ការងារ​ចាំ​បាច់ ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ទម្លាប់​បើក​ប្រាក់​ឈ្នួល ដោយ​ប្រថុច​ញុច​នៅ​ពេល​នេះ ប្រាកដ​ណាស់​វា​មិន​អាច​ទៅ​រួច​ភ្លាមៗ​បាន​ទេ។ មិន​អាច​ទៅ​រួច ដោយ​សារ​កម្មករ ដែល​បំរើ​ការងារ​ក្នុង​វិស័យ​នេះ នៅ​មិន​ទាន់​មាន​ទម្លាប់ និង​មិន​ទាន់​យល់​បាន​ច្រើន​ពី​ការ​សម្រួល​ឲ្យ​មាន​ការ​បើក​ប្រាក់​ឈ្នួល​តាម​បែប​ទំនើប​គឺ​ប្រព័ន្ធ​ធនាគារ។

បញ្ហា​នេះ សមាគម រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា GMAC ក៏​បាន​លើក​ឡើង​ដែរ​ថា ភាគី​រោងចក្រ​មាន​ការ​លំបាក​មួយ​ចំនួន គឺ​ការ​បើក​ប្រាក់​ឈ្នួល​ទំលាប់​ធ្វើ​ឡើង​ដោយ​ការ​បើក​ជា​សាច់​ប្រាក់ ផ្ទាល់​ដៃ​ដល់​កម្មករ និង​ត្រូវ​ធ្វើ​ឡើង​ក្នុង​ម៉ោង​ការងារ។ ដំណើរ​ការ​បើក​ប្រាក់​ឈ្នួល​មិន​អាច​ធ្វើ​ភ្លាមៗ បាន​ទេ​ដល់​ទៅ ២​ដង​ក្នុង​មួយ​ខែ ដោយ​ថៅកែ​ត្រូវ​ចំណាយ​ពេល​វេលា​ច្រើន​ជាង​បច្ចុប្បន្ន ជាមួយ​នឹង​ចំនួន​កម្មករ​ដ៏​ច្រើន និង​មាន​ការ​បន្ថែម​ការងារ​ និង​មន្ត្រី​រដ្ឋបាល។

ជំរើស​គឺ​មាន​តែ ត្រូវ​ស្វែង​រក​យន្តការ​បែប​អេឡិច​ត្រូនិច គឺ​បើក​ប្រាក់​ឈ្នួល ២​ដង​ក្នុង ១​ខែ តាម​ប្រព័ន្ធ​ធនាគារ ដែល​ចំណុច​នេះ កម្មករ ហាក់​ដូច​ជា មិន​សូវ​មាន​ការ​គាំទ្រ​ច្រើន​ទេ ដោយ​សារការ​យល់​ដឹង​របស់​ពួក​គាត់​នៅ​មាន​កំរិត។ តែ​អ្នក​ជំនាញ​ខាង​សហជីព​វិញ​យល់​ថា មាន​ប្រយោជន៍​ច្រើន​សម្រាប់​កម្មករ ប្រសិន​បើ​ការ​បើក​ប្រាក់​ឈ្នួល​មួយ​ខែ ២​ដង ត្រូវ​គេ​អនុវត្ត​តាម​ប្រព័ន្ធ​ធនាគារ​មែន​នោះ។ មាន​ប្រយោជន៍​ដោយ​សារ ការ​បើក​តាម​ប្រព័ន្ធ​ធនាគារ បាន​កាត់​បន្ថយ​នូវ​ហានិភ័យ​ផ្សេងៗ ដែល​ធ្លាប់​កើត​មាន​លើ​កម្មករ។

ទោះ​យ៉ាង​ណា ការ​បើក​ប្រាក់​ឈ្នួល​តាម​ប្រព័ន្ធ​ធនាគារ​នេះ ភាគី​ពាក់​ព័ន្ធ​ក្នុង​នោះ​មាន​ទាំង​សហជីព​ផង​ដែរ ទទួល​ស្គាល់​ថា ត្រូវ​ការ​ពេល​វេលា​បន្ថែម​ទៀត ដើម្បី​ពន្យល់​កម្មករ ហើយ​បញ្ហា​នេះ​គួរ​តែ​ចាប់​ផ្តើម​ពី​រោងចក្រ​ណា​ដែល​មាន​ស្ថានភាព​មិន​សូវ​ល្អ​មុន​គេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ