ការគោរពច្បាប់ស្តីពីការងារ មានភាពចាំបាច់ ជុំវិញការបើកប្រាក់ឈ្នួលដល់កម្មករ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៣៧
ការបើកប្រាក់ឈ្នួល ២ដងក្នុងមួយខែ ដែលក្រសួងការងារ ជម្រុញឲ្យវិលទៅរកការអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់វិញនោះ កំពុងស្ថិតនៅក្នុងភាពប្រទាញប្រទង់នៅឡើយ។ ការមិនទាន់យល់ស្របនោះគឺផ្តើមឡើងពីសមាគមរោងចក្រកាត់ដេរនៅកម្ពុជា។ មាត្រា ១១៦ នៃច្បាប់ស្តីពីការងារកម្ពុជា បានចែងថា «ប្រាក់ឈ្នួលនៃកម្មករ ត្រូវបើកយ៉ាងហោចណាស់ ២ដង ក្នុងមួយខែ ដោយមានចន្លោះពេលយ៉ាងច្រើន ១៦ថ្ងៃ»។ ក៏ប៉ុន្តែជាក់ស្តែង ថៅកែរោងចក្រ បានបើកប្រាក់ឈ្នួលតាមទំលាប់ តែ ១ដងទេក្នុង ១ខែចាប់តាំងពី ២ទសវត្សកន្លងទៅ។
កាលពីពាក់កណ្តាលខែកុម្ភៈ កន្លងទៅ ក្រសួងការងារកម្ពុជា តាមរយៈសន្និបាតរបស់ខ្លួន បានជម្រុញឲ្យមានការអនុវត្តមាត្រា ១១៦ នៃច្បាប់ស្តីពីការងារ ដែលតម្រូវឲ្យនិយោជកបើកប្រាក់ឈ្នួលរបស់កម្មករយ៉ាងហោចណាស់ ២ដងក្នុង ១ខែ។ ក៏ប៉ុន្តែ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC ជាថ្មីម្តងទៀត បានប្រតិកម្មទៅនឹងការលើកឡើងរបស់ក្រសួងការងារ បើទោះណា ចំណុចនេះបានចែងនៅក្នុងច្បាប់ស្តីពីការងារច្បាស់ៗយ៉ាងណាក៏ដោយ។
នៅដើមសប្តាហ៍នេះ សមាគម GMAC បានស្នើទៅក្រសួងការងារ ដើម្បីសុំឲ្យមានការពិភាក្សា កំណត់រយៈពេលអនុគ្រោះសមស្របដើម្បីរៀបចំខ្លួនមុនពេលអនុវត្ត មាត្រា ១១៦ នៃច្បាប់ស្តីពីការងារ។ លិខិតស្នើសុំដែលមានចុះហត្ថលេខាដោយលោកខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរកម្ពុជា បានលើកឡើងថា GMAC ទទួលស្គាល់នូវកាតព្វកិច្ចដែលត្រូវអនុវត្តមាត្រា ១១៦នេះ ប៉ុន្តែក្រោយពីបានធ្វើការពិចារណាលើស្ថានភាពជាក់ស្តែង សមាគមសូមសម្តែងនូវការព្រួយបារម្ភពីផលប៉ះពាល់អវិជ្ជមានមួយចំនួន ប្រសិនបើមាត្រានេះត្រូវបានជម្រុញឲ្យអនុវត្តភា្លមៗ ដោយពុំទាន់បានកំណត់រយៈពេលអនុគ្រោះសមស្រប ដើម្បីឲ្យនិយោជកនិង កម្មករត្រៀមខ្លួនជាមុននោះទេ។
សូមបញ្ជាក់ថា ប្រទេសកម្ពុជាមានច្បាប់ស្តីពីការងារចាប់តាំងពី ឆ្នាំ ១៩៩៧ ក៏ប៉ុន្តែការអនុវត្តជាក់ស្តែងលើមាត្រា ១១៦នេះ ដែលថានិយោជកត្រូវបើកប្រាក់ឈ្នួលដល់កម្មករ ២ដងក្នុង ១ខែ មិនមានទេ លើវិស័យកាត់ដេរ។ ក៏ប៉ុន្តែការអនុវត្តកន្លងមក ក៏ដូចជាបច្ចុប្បន្នគឺធ្វើឡើងតាមទម្លាប់ គឺមួយខែបើកម្តង ហើយប្រាក់ឈ្នួល ខែចាស់ ត្រូវបើកនៅដើមខែបន្ទាប់។
ទោះយ៉ាងណា ភាគីទាំងពីរ បានបន្តអនុវត្តទំលាប់នេះ ជារៀងរហូតមក ដោយមិនមានប្រតិកម្មអ្វីទេ សូម្បីតែមន្ត្រីសហជីព ដែលជាអ្នកការពារសិទ្ធិ និងច្បាប់ផ្សេងៗ ឲ្យកម្មករ ក៏ពុំមានបង្ហាញនូវការជំទាស់អ្វីដែរ។ ក៏ប៉ុន្តែជាទិដ្ឋភាពច្បាប់ គប្បីត្រូវមានការគោរព ទាំងអស់គ្នា ទាំងនិយោជក និងកម្មករ ។
ដូចនេះការលើកឡើងរបស់ក្រសួងការងារ ដែលមានបំណងទាញការចាប់អារម្មណ៍ពី វិយោគិន លើវិស័យកាត់ដេរ ឲ្យវិលទៅរកការគោរពច្បាប់ទាំងអស់គ្នាឡើងវិញ គឺបានបង្ហាញ នូវភាពត្រឹមត្រូវមួយ។ ក៏ប៉ុន្តែបើនិយាយពីការកែសម្រួលទម្លាប់បើកប្រាក់ឈ្នួល តាមទំលាប់ ឲ្យទៅជាការបើកប្រាក់ឈ្នួលតាមច្បាប់វិញនោះគេគួរតែនាំគ្នាគិតគូរជាយូរណាស់មកហើយ ក៏ព្រោះថាគ្រប់ភាគីពាក់ព័ន្ធ រួមទាំងក្រសួងការងារដែលជាអ្នកសរសេរច្បាប់ផងនោះ សុទ្ធតែបានដឹងពីចំណុចនេះ។
ជាផលវិបាក នៅពេលដែលក្រសួងការងារចាំបាច់ ចង់ឲ្យមានការផ្លាស់ប្តូរទម្លាប់បើកប្រាក់ឈ្នួល ដោយប្រថុចញុចនៅពេលនេះ ប្រាកដណាស់វាមិនអាចទៅរួចភ្លាមៗបានទេ។ មិនអាចទៅរួច ដោយសារកម្មករ ដែលបំរើការងារក្នុងវិស័យនេះ នៅមិនទាន់មានទម្លាប់ និងមិនទាន់យល់បានច្រើនពីការសម្រួលឲ្យមានការបើកប្រាក់ឈ្នួលតាមបែបទំនើបគឺប្រព័ន្ធធនាគារ។
បញ្ហានេះ សមាគម រោងចក្រកាត់ដេរនៅកម្ពុជា GMAC ក៏បានលើកឡើងដែរថា ភាគីរោងចក្រមានការលំបាកមួយចំនួន គឺការបើកប្រាក់ឈ្នួលទំលាប់ធ្វើឡើងដោយការបើកជាសាច់ប្រាក់ ផ្ទាល់ដៃដល់កម្មករ និងត្រូវធ្វើឡើងក្នុងម៉ោងការងារ។ ដំណើរការបើកប្រាក់ឈ្នួលមិនអាចធ្វើភ្លាមៗ បានទេដល់ទៅ ២ដងក្នុងមួយខែ ដោយថៅកែត្រូវចំណាយពេលវេលាច្រើនជាងបច្ចុប្បន្ន ជាមួយនឹងចំនួនកម្មករដ៏ច្រើន និងមានការបន្ថែមការងារ និងមន្ត្រីរដ្ឋបាល។
ជំរើសគឺមានតែ ត្រូវស្វែងរកយន្តការបែបអេឡិចត្រូនិច គឺបើកប្រាក់ឈ្នួល ២ដងក្នុង ១ខែ តាមប្រព័ន្ធធនាគារ ដែលចំណុចនេះ កម្មករ ហាក់ដូចជា មិនសូវមានការគាំទ្រច្រើនទេ ដោយសារការយល់ដឹងរបស់ពួកគាត់នៅមានកំរិត។ តែអ្នកជំនាញខាងសហជីពវិញយល់ថា មានប្រយោជន៍ច្រើនសម្រាប់កម្មករ ប្រសិនបើការបើកប្រាក់ឈ្នួលមួយខែ ២ដង ត្រូវគេអនុវត្តតាមប្រព័ន្ធធនាគារមែននោះ។ មានប្រយោជន៍ដោយសារ ការបើកតាមប្រព័ន្ធធនាគារ បានកាត់បន្ថយនូវហានិភ័យផ្សេងៗ ដែលធ្លាប់កើតមានលើកម្មករ។
ទោះយ៉ាងណា ការបើកប្រាក់ឈ្នួលតាមប្រព័ន្ធធនាគារនេះ ភាគីពាក់ព័ន្ធក្នុងនោះមានទាំងសហជីពផងដែរ ទទួលស្គាល់ថា ត្រូវការពេលវេលាបន្ថែមទៀត ដើម្បីពន្យល់កម្មករ ហើយបញ្ហានេះគួរតែចាប់ផ្តើមពីរោងចក្រណាដែលមានស្ថានភាពមិនសូវល្អមុនគេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ