អានតួអត្ថបទ
កម្ពុជា-ច្បាប់

ច្បាប់​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា ផ្តើម​ចេញ​រូប​រាង

កម្ពុជា​នឹង​មាន​ច្បាប់​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា នៅ​ពេល​ខាង​មុខ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ស្ថានភាព​សេដ្ឋកិច្ច និង​សង្គម​របស់​ប្រទេស។ តំណាង​ក្រុម​សហជីព​វិញ បាន​លើក​ឡើង​ថា​សេចក្តី​ព្រាង​បឋម​នៃ​ច្បាប់​ប្រាក់​ឈ្នួល​អប្បបរមា​នេះ បាន​ផ្តល់​សិទ្ធិ​ច្រើន​ដល់​ក្រសួង​ការងារ ខណៈ​សហជីព​មាន​អំណាច​តិច​តួច​នៅ​ក្នុង​ច្បាប់​នេះ។

ច្បាប់​​ស្តី​​ពី​​ប្រាក់​​ឈ្នួល​​អប្បបរមា ផ្តើម​​ចេញ​​រូប​​រាង
ច្បាប់​​ស្តី​​ពី​​ប្រាក់​​ឈ្នួល​​អប្បបរមា ផ្តើម​​ចេញ​​រូប​​រាង RFI
ផ្សាយពាណិជ្ជកម្ម

លោក​អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ​បាន​លើក​ឡើង​ថា ក្នុង​បរិបទ ដែល​ប្រទេស​ក្នុង​តំបន់​កំពុង​មាន​ការ​ប្រកួត​ប្រជែង លើ​វិស័យ​ពាណិជ្ជកម្ម​អន្តរជាតិ ជា​ពិសេស​ផ្នែក​វាយនភណ្ឌ​កាត់​ដេរ និង​ផលិត​ស្បែក​ជើង ការ​គ្រប់​គ្រង​លើ​តម្លៃ​ពលកម្ម​ដ៏​សម​ស្រប​មួយ​គឺ​ជា​ចំណុច អាទិភាព​មួយ ដែល​ប្រទេស​កម្ពុជា​ត្រូវ​គិត​គូរ​ជា​ចាំ​បាច់។ លោក​បញ្ជាក់​ថា ការ​ពង្រឹង​យន្តការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា គឺ​ពិត​ជា​មាន​សារៈសំខាន់​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ស្ថានភាព​សេដ្ឋកិច្ច និង​សង្គម​របស់​កម្ពុជា។

សូម​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី ២០ ខែ​មេសា ឆ្នាំ ២០១៧ ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បាន​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តី​ពី​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា ក្នុង​គោល​បំណង​ប្រមូល​ធាតុ​ចូល និង​អនុសាសន៍​នានា​លើ​សេចក្តី​ព្រាង​បឋម​នៃ​ច្បាប់​ប្រាក់​ឈ្នួល​អប្បបរមា សំដៅ​ធ្វើ​យ៉ាង​ណា​ឱ្យ​សេចក្តី​ព្រាង​ច្បាប់​នេះ កាន់​តែ​មាន​ប្រសិទ្ធភាព តម្លាភាព និង​អាច​អនុវត្ត​បាន​ក្នុង​បរិបទ​នៃ​ការ​វិវឌ្ឍ​របស់​កម្ពុជា។

លោក​ហេង សួរ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​បាន​ប្រាប់​ឲ្យ​ដឹង​ច្បាប់​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា នឹង​ត្រូវ​អនុវត្ត​លើ​គ្រប់​វិស័យ​ទាំង​អស់ ពោល​គឺ​មិន​ចំពោះ​តែ​វិស័យ​កាត់ដេរ​នោះ​ទេ។ ប៉ុន្តែ​លោក​លើក​ឡើង​ថា​ក្នុង​ដំណាក់​កាល​ដំបូង​ច្បាប់​នេះ នឹង​អនុវត្ត​តែ​លើ​វិស័យ​ណា ដែល​មាន​កម្លាំង​ពលកម្ម​ច្រើន ដូច​ជា​វិស័យ​កាត់ដេរ​នេះ​ជា​ដើម ហើយ​ការ​អនុវត្ត​លើ​វិស័យ​ណា​មួយ​ផ្សេង​ទៀត គឺ​អាស្រ័យ​លើ​ការ​ពិភាក្សា​គ្នា​នៅ​ក្នុង​យន្តការ​ត្រី​ភាគី។

លោក​អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា ដែល​បាន​ចូល​រួម​ក្នុង​សិក្ខាសាលា​នោះ​ដែរ បាន​ថ្លែង​ថា​ច្បាប់​នេះ មាន​ចំណុច​ល្អ និង​មាន​ចំណុច​មិន​ល្អ​មួយ​ចំនួន។ លោក​បញ្ជាក់​ថា​នៅ​ពេល ដែល​ច្បាប់​នេះ​អនុវត្ត នោះ​សហជីព និង​ភាគី​ពាក់​ព័ន្ធ​អាច​ជជែក​គ្នា​ពី​កំណត់​ប្រាក់​ឈ្នួល ហើយ​ច្បាប់​នេះ​ក៏​បង្កើត​ឲ្យ​មាន​សមាសភាព​ក្រុម​ប្រឹក្សា​ចរចា​ពី​គ្រប់​ភាគី​ស្មើ​គ្នា​ដែរ។

ចំពោះ​ចំណុច​មិន​ល្អ​វិញ លោក​បញ្ជាក់​ថា ច្បាប់​នេះ​គឺ​ផ្តល់​សិទ្ធិ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ច្រើន ​លើ​ការ​កំណត់​ប្រាក់​ឈ្នួល ហើយ​ភាគី​សហជីព​គឺ​បាន​ត្រឹម​តែ​ពិភាក្សា​គ្នា។ លោក​បន្ថែម​ថា​នៅ​ពេល ដែល​សហជីព​បាន​ចូល​ជា​សមាជិក​នៃ​គណៈកម្មការ​ប្រាក់​ឈ្នួល​ហើយ នោះ​ច្បាប់​នេះ​នឹង​កំណត់​មិន​ឲ្យ​មាន​ការ​ដឹក​នាំ​ការ​តវ៉ា​ណា​មួយ​ទេ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ច្បាប់​នេះ​ក៏​បាន​ដក​សិទ្ធិ​តំណាង​កម្មករ និង​កម្មករ​នៅ​ពេល​ចរចា​ប្រាក់​ឈ្នួល​ដែរ។

ចំណែក​តំណាង​និយោជក​វិញ បាន​លើក​ឡើង​ថា​ច្បាប់​នេះ នឹង​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម និង​វិស័យ​សេវាកម្ម​ផង។

គួរ​បញ្ជាក់​ថា ប្រាក់​ឈ្នួល​អប្បបរមា គិត​ចាប់​ពី​ឆ្នាំ ១៩៩៧ រហូត​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​បាន​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា និង​អត្ថប្រយោជន៍​ផ្សេងៗ របស់​កម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌ កាត់ដេរ និង​ផលិត​ស្បែក​ជើង បាន​ចំនួន ១៣​លើក ដោយ​កើន​ពី ៣០​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ ១៩៩៧ ដល់ ១៥៣​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ ២០១៧៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ