អានតួអត្ថបទ
អាមេរិក-កូរ៉េខាងជើង

ជំនួប​កំពូល​ត្រាំ-គីម៖ លោក​ ដូណាល់​ត្រាំ​ចាប់​ដៃ លោក​គីម ជា​ប្រវត្តិ​សាស្ត្រ

នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​មិថុនា វេលា​ម៉ោង​៩ព្រឹក​ម៉ោង​នៅ​សិង្ហ​បុរី ត្រូវ​នឹង​ម៉ោង​៨ព្រឹក​នៅ​កម្ពុជា កិច្ច​ប្រជុំ​កំពូល​មិន​ធ្លាប់​មាន​រវាង លោក​ដូណាល់​ត្រាំ ប្រធានាធិបតី​អាមេរិក និង​លោកគីម ជុង​អ៊ុន មេដឹក​នាំ​កូរ៉េ​ខាង​ជើង​បាន​ចាប់​ផ្តើម​ជា​មួយ​នឹង​ការ​ស្វាគមន៍​គ្នា​តាម​រយៈ​ការ​ចាប់​ដៃ​ជា​ប្រវត្តិសាស្ត្រ​រវាង​មេដឹក​នាំ​ទាំង​ពីរ​។ ក្រោយ​ចប់​កិច្ច​ប្រជុំ​លោក​ត្រាំ​បញ្ជាក់​ថា​នឹង​អញ្ជើញ​លោក គីម ទៅ​សេត​វិមាន​អាមេរិក​។ ​

ជំនួបកំពូលរវាង​លោក​ ដូណាល់​ត្រាំ​និង លោក​គីមជុងអ៊ុន
ជំនួបកំពូលរវាង​លោក​ ដូណាល់​ត្រាំ​និង លោក​គីមជុងអ៊ុន @REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

លោក​ដូណាល់​ត្រាំ ប្រធានាធិបតី​អាមេរិក បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​នៅ​ថ្ងៃ​ត្រង់​ក្រោយ​ពី​កិច្ច​ប្រជុំ​ថា នេះ​គឺ​ជា​ជំនួប​ដ៏​អស្ចារ្យ និង​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន និង​មាន​ភាព​វិជ្ជមាន។ លោក​បន្ត​ថា​នេះ គឺ​ជា​ជំនួប​ដ៏​ល្អ​មួយ លើស​ពី​ការ​រំពឹង​ទុក​របស់​គ្រប់​គ្នា​ទៅ​ទៀត។

មេ​ដឹក​នាំ​ទាំង​ពីរ​ក៏​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ជាមួយ​គ្នា​ផង​ដែរ​នា​ថ្ងៃ​នេះ។ នៅ​ក្រោយ​កិច្ច​ប្រជុំ​កំពូល លោក​ត្រាំ​បញ្ជាក់​ថា លោក​នឹង​អញ្ជើញ​លោក គីម ជុងអ៊ុន មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង ទៅ​សេតវិមាន​អាមេរិក។ ក្រៅ​ពី​នេះ​លោក​ត្រាំ​បញ្ជាក់​ថា កិច្ច​ព្រម​ព្រៀង​នា​ពេល​នេះ នឹង​ដោះ​ស្រាយ​នូវ​បញ្ហា​ដ៏​គ្រោះថ្នាក់​របស់​ពិភព​លោក ហើយ​ថា​ការ​បញ្ចប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​នឹង​ចាប់​ផ្តើម​ឆាប់ៗ​នេះ។

មុន​នឹង​ផ្តើម​កិច្ច​ប្រជុំ​ទ្វេ​ភាគី​រវាង​សហរដ្ឋ​អាមេរិក និង​កូរ៉េ​ខាង​ជើង មេ​ដឹក​នាំ​ទាំង​ពីរ​បាន​ចាប់​ដៃ​គ្នា​ញញឹម​រក​គ្នា​នៅ​ចំពោះ​មុខ​អ្នក​កាសែត​អន្តរជាតិ​រាប់​ពាន់​នាក់​ក្នុង​សណ្ឋាគារ Capella​នា​ប្រទេស​សិង្ហបុរី។ ជា​ការ​ចាប់​ដៃ​គ្នា​លើក​ទី​១ និង​ជា​ប្រវត្តិសាស្ត្រ​រវាង​មេ​ដឹក​នាំ​ទាំង​ពីរ ស្ថិត​នៅ​នឹង​មុខ​ទង់​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ​តែ​ម្តង។ បន្ទាប់​ពី​ចាប់​ដៃ​គ្នា​ប្រមាណ​១០​វិនាទី មេ​ដឹក​នាំ​ទាំង​ពីរ​បាន​បណ្តើរ​គ្នា​ចូល​ក្នុង​បន្ទប់​ប្រជុំ​យ៉ាង​ស្និត​ស្នាល។

មុន​នឹង​ចាប់​ផ្តើម​ជជែក​គ្នា លោក​ត្រាំ បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​ក្នុង​ពេល ដែល​លោក​កំពុង​អង្គុយ​ក្បែរ​លោក​គីម ថា នេះ​គឺ​ជា​កិត្តិយស​ណាស់​សម្រាប់​លោក ហើយ​អាមេរិក និង​កូរ៉េ​ខាង​ជើង​នឹង​មាន​ទំនាក់​ទំនង​ដ៏​អស្ចារ្យ ហើយ​លោក​ជឿ​ថា​គ្មាន​អ្វី​ដែល​គួរ​ឱ្យ​សង្ស័យ​ទៀត​ឡើយ។

ក្រោយ​មក​លោក គីម បាន​និយាយ​ជា​ភាសា​កូរ៉េ​ថា វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ​ដែល​អ្វី​គ្រប់​យ៉ាង​បាន​កើត​ឡើង​នា​ពេល​នេះ ហើយ​អ្វី​ដែល​បាន​កើត​ពី​មុន​មក​រវាង​មេ​ដឹក​នាំ​ទាំង​ពីរ​ដែល​ជា​ឧបសគ្គ​នោះ នា​ពេល​នេះ​ប្រទេស​ទាំង​ពីរ​បាន​ជំនះ​វា និង​បាន​មក​ជួប​គ្នា​នៅ​ទី​នេះ​ដូច​ការ​គ្រោង​ទុក។

បន្ទាប់​ពី​ការ​ជជែក​គ្នា​រវាង​លោក​ត្រាំ និង​លោក​គីម ដែល​ចំណាយ​ពេល​ប្រមាណ​៤៨​នាទី កិច្ច​ប្រជុំ​ទ្វេ​ភាគី​នៃ​សហរដ្ឋ​អាមេរិក និង​កូរ៉េ​ខាង​ជើង​បាន​ចាប់​ផ្តើម។ ក្រោយ​ពី​កិច្ច​ប្រជុំ​ទ្វេ​ភាគី​ចប់ លោក​ដូណាល់​ត្រាំ និង​លោក​គីមជុងអ៊ុន បាន​ពិសារ​អាហារ​ថ្ងៃ​ត្រង់​រួម​គ្នា​ជាមួយ​នឹង​មន្ត្រី​ជាន់​ខ្ពស់​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ។

នៅ​ថ្ងៃ​ម្សិល​មិញ លោក Mike Pompeo រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក បាន​បញ្ជាក់​ថា​សហរដ្ឋ​អាមេរិក​នឹង​ផ្តល់​នូវ​ការ​ធានា​សន្តិសុខ​ដ៏​សំខាន់​មួយ​សម្រាប់​កូរ៉េ​ខាង​ជើង ប្រសិន​បើ​ប្រទេស​នេះ បោះ​បង់​ចោល​នូវ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន។

កិច្ច​ប្រជុំ​កំពូល​នា​ពេល​នេះ គឺ​ជា​កិច្ច​ប្រជុំ​ដ៏​ធំ​មួយ​របស់​បុរស​ខ្លាំង​ទាំង​ពីរ ដូច​គ្នា​ទៅ​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី Richard Nixon ទៅ​កាន់​ប្រទេស​ចិន​ក្នុង​ឆ្នាំ​១៩៧២ ឬ​ជំនួប​កំពូល​របស់​លោក​ប្រធានាធិបតី Ronald Reagan ជាមួយ​មេ​ដឹក​នាំ​សហភាព​សូវៀត​លោក Mikhail Gorbachev នៅ​អ៊ីស្លង់​ក្នុង​ឆ្នាំ ១៩៨៦៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ