ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/10 12h00 GMT
កម្ពុជា

ស្ថានទូត​អាមេរិក លែង​ផ្ដល់​ទិដ្ឋាការ​ដល់​មន្ដ្រី​គ្រាក់​ៗ​នៃ​ក្រសួង​ការបរទេស​កម្ពុជា

media  
ព័ត៌មាន​ស្ដី​ពី​ការ​ផ្អាក​ផ្ដល់​ទិដ្ឋាការ​របស់ស្ថានទូត​អាមេរិក ដល់​មន្ដ្រី​មួយ​ចំនួន​នៃ​ក្រសួង​ការបរទេស​កម្ពុជា នៅ​លើ​គេហទំព័រ​ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុង​ភ្នំពេញ RFI

ចាប់​ពី​ថ្ងៃ​ទី​១៣​កញ្ញា​នេះ​ត​ទៅ ស្ថានទូត​អាមេរិក​លែង​ផ្ដល់​ទិដ្ឋាការ​ប្រភេទ​មិន​មែន​អន្តោប្រវេសន៍​មួយ​ចំនួន ដល់​មន្ដ្រី​គ្រាក់​ៗ​នៃ​ក្រសួង​ការបរទេស​ខ្មែរ​​ទៀត​ហើយ​។ ការ​ដាក់​ទណ្ឌកម្ម​ទិដ្ឋាការ​នេះ ធ្វើ​ឡើង​ដោយ​សារ​តែ កម្ពុជា​បដិសេធ មិន​ព្រម​ទទួល​យក​ពលរដ្ឋ​ខ្លួន​ដែល​បាន​ប្រព្រឹត្ត​កំហុស​លើ​ទឹក​ដីអាមេរិក​ត្រឡប់​មក​វិញ​។

មន្ដ្រី​នៃ​ក្រសួង​ការបរទេស​កម្ពុជា ដែល​មាន​តួនាទី​ចាប់​ពី​ថ្នាក់​អគ្គនាយក រហូត​ដល់​ថ្នាក់​ដឹក​នាំ​កំពូល ព្រម​ទាំង​សមាជិក​ក្រុម​គ្រួសារ​របស់​ពួក​គេ លែង​​អាច​ទទួល​ទិដ្ឋាការ​​ប្រភេទ​មិន​មែន​អន្តោប្រវេសន៍ពី​ស្ថានទូត​អាមេរិក​នៅ​ភ្នំពេញ​ទៀតហើយ​​។ នេះ​គឺ​ជា​ការ​ដាក់​ទណ្ឌកម្ម​ទិដ្ឋាការ​របស់​អាមេរិក​ចំពោះ​កម្ពុជា ហើយ​ទណ្ឌកម្ម​ទិដ្ឋាការ​នេះ មាន​ករណី​លើក​លែង​តិច​តួច​ប៉ុណ្ណោះ​។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក កម្ពុជា​ទទួលទណ្ឌកម្ម​ទិដ្ឋាការ​នេះ ដោយ​សារ​តែ​ប្រទេស​កម្ពុជា មិន​ព្រម​ទទួល​យក​ពលរដ្ឋ​របស់​ខ្លួន​ដែល​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​នៅ​អាមេរិក​ត្រឡប់​មក​វិញ​។ ទណ្ឌកម្ម​ទិដ្ឋាការ​នេះ នឹង​មាន​សុពលភាព​រហូត​ ប្រសិន​បើ​កម្ពុជា​នៅ​តែ​ប្រកាន់​ជំហរ​ដដែល​។ ស្ថានទូត​អាមេរិក​អាច​ត្រឡប់​មក​ផ្ដល់​ទិដ្ឋាការ​ដល់កម្ពុជាវិញ គឺ​ដរាប​ណា​កម្ពុជា កែ​ប្រែ​ជំហរ ហើយ​​ព្រម​ទទួល​យកពលរដ្ឋ​​របស់​ខ្លួន​។

ជុំវិញការ​ដាក់​​ទណ្ឌកម្ម​ទិដ្ឋាការរបស់​អាមេរិក​លើ​កម្ពុជា​នេះ ក្រសួង​ការបរទេស​ខ្មែរ បាន​អះអាង​ថា ខ្លួន​កំពុង​តែ​ពិនិត្យ​លើ​ករណី​នេះ​មុននឹង​ឆ្លើយ​តប​ត្រឡប់​ទៅ​អាមេរិក​វិញ​​។ លោក​ ជុំ សុន្ទរី អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​ដូច្នេះ នៅ​ល្ងាច​ថ្ងៃពុធ ទី​១៣​កញ្ញា​នេះ​។

គួរ​ជម្រាប​ជូនថា កម្ពុជា​មិន​មែន​ជា​ប្រទេស​តែ​១​ដែល​រង​ទណ្ឌកម្ម​ទិដ្ឋាការ​ពី​អាមេរិក​ទេ។ ប្រទេស​អេរីទ្រា ហ្គីណេ និង​សៀរ៉ាឡេអូន ក៏​ជួប​ជោគ​វាសនា​ដូច​គ្នា​ដែរ ដោយ​សារ​តែ​មិន​ព្រម ទទួល​យក​ពលរដ្ឋ​ខ្លួន​ត្រឡប់​ចូល​ប្រទេស​វិញ​។

ក្នុង​សំណុំ​រឿង​ទទួល​យក​ពលរដ្ឋ​ត្រឡប់​មក​វិញ​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ​ធ្លាប់​ស្នើ​សុំ​អាមេរិក ឲ្យ​ធ្វើ​វិសោធនកម្ម​កិច្ច​ព្រម​ព្រៀង​ដែល​បាន​ចុះ​ហត្ថលេខា​រួម​គ្នា​កាល​ពី​ឆ្នាំ​២០០២​។ លោក ហ៊ុន សែន ចង់​ឲ្យ​ពល​រដ្ឋ​ខ្មែរ​រស់​នៅអាមេរិក ដែល​ប្រព្រឹត្តិ​កំហុស​ហើយ​ទទួល​ទោស​ទៅ​តាម​ច្បាប់​អាមេរិក​រួច​រាល់ អាច​រស់​នៅ​អាមេរិក​​បន្ត​ទៀត​ដើម្បី​ជួប​ជុំ​ក្រុម​គ្រួសារ ខណៈ​ដែល​រួម​រស់​ជាមួយ​គ្នា​អស់​រយៈ​ពេលជា​ច្រើន​ឆ្នាំ​កន្លង​មក​។ ការ​បញ្ជូន​ពួក​គេ​ត្រឡប់​មក​កម្ពុជា​វិញ ត្រូវ​បាន​លោក​នាយរដ្ឋ​មន្ដ្រី​ខ្មែរ​ចាត់​ទុក​ថា ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ