ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 14/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 14/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 14/12 12h00 GMT
កម្ពុជា

ព្រឹទ្ធសភា​អាមេរិក​អនុម័ត​ថវិកា​ដោយ​គ្មាន​ខ្ទង់​ចំណាយ​មក​កម្ពុជា​

media  
ព្រឹទ្ធសភា​អាមេរិក ©Reuters

​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក ​បាន​អនុម័ត​សំណើ​ថវិកា​​ចំណាយ​ចំនួន​ ១,៣ ​ពាន់​ពាន់​លាន​ដុល្លារ​ ប៉ុន្តែ​មិន​មាន​ឃើញ​រាប់​បញ្ចូល​អំពី​ជំនួយ​មក​កាន់​កម្ពុជា​នោះ​ទេ ខណៈ​ដែល​មិន​ទាន់​មាន​ការ​ដោះ​លែង​អ្នក​ទោស​​នយោបាយ និង​អនុញ្ញាត​ឲ្យ​គណបក្ស​ប្រឆាំង​ដំណើរ​ការ​ឡើង​វិញ​នោះ។ ប៉ុន្តែ​មន្ត្រី​គណបក្សកាន់​អំណាច​អះអាង​ថា​ អាមេរិក​មិន​មែន​កាត់​ជំនួយ​តែ​មក​រដ្ឋាភិបាល​កម្ពុជា​ម្នាក់​ឯង​នោះ​ទេ​ គឺ​អាមេរិក​កាត់​ទាំង​ជំនួយ​ទៅ​អង្គការ​សហប្រជាជាតិ​ផង​ដែរ​។

ការ​អនុម័ត​សំណើ​ថវិកា​ដោយ​ព្រឹទ្ធសភា​អាមេរិក ​​កាល​ពី​ថ្ងៃ​សុក្រ​ ហើយ​ទើប​តែ​មាន​ការ​ផ្សព្វ​ផ្សាយ​តាម​កាសែត​ព្រោង​ព្រាត​នៅ​ចន្ទ​នេះ គឺ​មិន​មាន​ជំនួយ​សម្រាប់​ផ្តល់​ដល់​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ លុះ​ត្រា​តែ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​រាយការណ៍​ថា​កម្ពុជា​ «​កំពុង​ចាត់​វិធានការ​ឱ្យ​មាន​ប្រសិទ្ធភាព​» ​ដើម្បី​គោរព​សិទ្ធិមនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​។

ត្បិត ប្រធានាធិបតី​អាមេរិក​លោក​ ដូណាល់ត្រាំ ​​មិន​ទាន់​បាន​ចុះ​ហត្ថលេខា​លើ​ការ​អនុម័ត​សំណើ​ថវិកា​នេះ​ក៏​ដោយ​ តែ​ត្រូវ​បាន​គេ​ដឹង​ថា ជំនួយ​របស់​សហរដ្ឋ​អាមេរិក​អាច​ផ្តល់​ឲ្យ​កម្ពុជា បាន លុះ​ត្រា​តែ​រដ្ឋាភិបាល​កម្ពុជា បើក​ចំហ​នូវ​សិទ្ធិ​ស៊ីវិល និង​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរ​ការ​ឡើង​វិញ​ ក៏​ដូច​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​អង្គការ​សង្គម​ស៊ីវិល​ ​ហើយ​លុប​ចោល​បំរាម​ហាម​ធ្វើ​​នយោបាយ​របស់​មន្រ្តី​បក្ស​ប្រឆាំង​១១៨​រូប។​

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ​ការ​ផ្តល់​ជំនួយ​របស់​អាមេរិក​នឹង​នៅ​តែ​បន្ត​សម្រាប់​ ​កម្មវិធី​ប្រជាធិបតេយ្យ ​នៅ​ក្នុង​ការ​ស្រាវជ្រាវ និង​ការ​អប់​រំ​ជុំវិញ​រឿងរ៉ាវ​ក្នុង​របប​ខ្មែរ​ក្រហម ប៉ុន្តែ​មិន​រាប់​បញ្ចូល​​សា​លា​ក្តី​ខ្មែរ​ក្រហម​ទេ។

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​មិន​បាន​ភ្ញាក់​ផ្អើល​ចំពោះ​ការ​​ផ្តាច់​ជំនួយ​របស់​អាមេរិក​មក​កម្ពុជា​នោះ​ទេ។​ មិន​ភ្ញាក់​ផ្អើល​ដោយ​លោក​ដឹង​ពី​ជំហ​បែប​នេះ​របស់​អាមេរិក​តាំង​ពី​ច្រើន​ខែ​មក​ហើយ។

បើ​តាម​លោក សុខ ឥសាន អាមេរិក​មិន​កាត់​ផ្តាច់​ជំនួយ​តែ​មក​កម្ពុជា​ដោយ​សារ​តែ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​នោះ​ទេ គឺ​​អាមេរិក​បាន​កាត់​បន្ថយ​ជំនួយ ​រាប់​ទាំង​ទៅ​កាន់​អង្គការ​សហប្រជាជាតិ​ផង​ដែរ។​

យោង​តាម USAID សម្រាប់​ឆ្នាំ​២០១៧​នេះ ជំនួយ​អាមេរិក​មក​កម្ពុជា​មាន​តម្លៃ ៥៩​លាន​ដុល្លារ​គឺ​ថយ​ចុះ​ជាង​ឆ្នាំ​២០១៦ ដែល​មាន​ចំនួន ៦៧​លាន​ដុល្លារ ខណៈ​នៅ​ឆ្នាំ​២០១៥ ជំនួយ​មាន​ចំនួន ៦៥​លាន​ដុល្លារ គឺ​កើន​ជាង​កាល​ពី​ឆ្នាំ​២០១៤ ដែល​មាន​តម្លៃ​តែ​៨០​លាន​ដុល្លារ នៅ​គ្រា​កម្ពុជា​ជាប់​គាំង​នយោបាយ​នោះ។

សូម​បញ្ជាក់​ថា ព្រឹទ្ធសភា​អាមេរិក​បាន​អនុម័ត​កញ្ចប់​ថវិកា​ចំណាយ ១,៣ ពាន់​ពាន់​លាន​ដុល្លារ កាល​ពី​ថ្ងៃ​សុក្រ បន្ទាប់​ពី​អត្ថបទ​ដែល​មាន​ចំនួន ២,២៣២ ទំព័រ​ត្រូវ​បាន​បញ្ចេញ​ទៅ​ឱ្យ​សមាជិក​សភា ខណៈ​មេ​ដឹក​នាំ​គណបក្ស​សាធារណរដ្ឋ​បាន​ប្រញាប់​ប្រញាល់​ដើម្បី​បញ្ចៀស​ការ​ជាប់​គាំង​រដ្ឋាភិបាល​ក្នុង​រយៈ​ពេល​ជា​ច្រើន​ខែ។ នេះ​បើ​តាម​កាសែត Online ឈ្មោះ The Guardian៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ