ប្រមាណមួយសប្តាហ៍បន្ទាប់ពីរដ្ឋាភិបាលអាណត្តិថ្មី ត្រូវបានបង្កើតឡើង បណ្តាប្រទេស ដែលជាមិត្តកម្ពុជាមួយចំនួន បានសរសេរលិខិតជាបន្តបន្ទាប់ផ្ញើជូនប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ជប៉ុន និង អាឡឺម៉ង់ គឺជាប្រទេស ដែលធ្វើឲ្យមានការចាប់អារម្មណ៍ជាងគេ ក្នុងចំណោមប្រទេស ដែលសរសេរលិខិតមកអបអរប្រមុខរដ្ឋាភិបាលកម្ពុជាថ្មីលោក ហ៊ុន សែន។ លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ ឲ្យដឹងថា ប្រទេសកម្ពុជាទទួលបាននូវសុខសន្តិភាព និងស្ថិរភាពក្នុងរយៈពេល២៥ឆ្នាំ កន្លងទៅនេះ ក្រោយការបោះឆ្នោតរៀបចំដោយ អ៊ុនតាក់។ លោក សង្ឃឹមថា ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ប្រជាជនកម្ពុជាទាំងអស់នឹងរួបរួមគ្នា និងសម្រេចបានការអភិវឌ្ឍខ្លាំងក្លាបន្ថែមទៀត តាមរយៈការបន្តលើកកម្ពស់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។
លោកស្រីអធិការបតីអាឡឺម៉ង់ Angela Merkel កាលពីពេលថ្មីៗនេះ ក៏បានសរសេរលិខិតជូនពរ លោក ហ៊ុន សែន ដែរ ដោយលោកស្រី Merkel បញ្ជាក់ថា ប្រទេស និងប្រជាជនយើងទាំងពីរមានទំនាក់ទំនងល្អ។ មិត្តភាពរវាងប្រទេសទាំងពីរត្រូវបានឆ្លុះបញ្ចាំងជាពិសេសតាមរយៈកិច្ចសហប្រតិបត្តិការក្នុងគោលនយោបាយអភិវឌ្ឍន៍អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ឈរលើមូលដ្ឋានកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ដែលចែងពីការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ និងគោលការណ៍ប្រជាធិបតេយ្យ ព្រមទាំងការបោះឆ្នោតដោយ សេរីនិងយុត្តិធម៌»។
លោកស្រី Angela Merkel បានបញ្ជាក់ថា ចំពោះកិច្ចការពង្រឹងប្រជាធិបតេយ្យនិងការចូលរួមតាមរយៈកិច្ចសន្ទនានយោបាយដោយបើកចំហរនៅកម្ពុជា លោកនាយករដ្ឋមន្ត្រី អាចពឹងផ្អែកលើអាល្លឺម៉ង់បាន។ លើសពីនេះ មាន ចិន រុស្ស៊ី ដែលជាប្រទេសមហាអំណាច ក៏បានសម្តែងការអបអរ និងជូនពរដល់ប្រមុខរដ្ឋាភិបាលថ្មីកម្ពុជា។ ក្រៅពីនេះ មានប្រទេស កូរ៉េខាងត្បូង អ៊ុយក្រែន ឥណ្ឌា ទួកគី ប៉ាឡេស្ទីន និងបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន។
សូមបញ្ជាក់ថា បន្ទាប់ពីការបោះឆ្នោត កាលពីថ្ងៃទី២៩ខែកក្កដា ដែលមានការចូលរួមចំនួន២០គណបក្ស គឺគណបក្សប្រជាជនកម្ពុជាបានឈ្នះអាសនៈរដ្ឋសភាទាំងអស់ ចំនួន១២៥អាសនៈ។ ជាការកត់សម្គាល់ដែរ ការបើកកិច្ចប្រជុំរដ្ឋសភាដំបូងនាថ្ងៃទី០៥ កញ្ញា កន្លងទៅ ស្ថានទូតនៃប្រទេសលោកខាងលិចចំនួន៩ បានអវត្តមានពីការអញ្ជើញនេះ ក្នុងនោះមានសហរដ្ឋអាមេរិក អូស្ត្រាលី និងសហភាពអឺរ៉ុបជាដើម ហើយប្រទេសជប៉ុន បានត្រឹមបញ្ជូន តំណាងបេសកកម្មទូតទៅចូលរួមប៉ុណ្ណោះ។ ទោះយ៉ាងណា មន្ត្រីរដ្ឋាភិបាលកម្ពុជា មានជំនឿថា សារអបអរសាទរ ដល់រដ្ឋាភិបាលថ្មីរបស់កម្ពុជានឹងមានធ្លាក់មកជាបន្តបន្ទាប់ទៀត៕