ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 15/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 15/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 15/10 12h00 GMT
កម្ពុជា

​SEAPA​៖ កម្ពុជា​ប្រើ​អំណាច​នីតិ​ប្រតិបត្តិ​ ដើម្បី​សង្កត់​សង្កិន​សេរីភាព​បញ្ចេញ​មតិ​

media  
កម្ពុជាប្រើអំណាចនីតិប្រតិបត្តិ ដើម្បីសង្កត់សង្កិនសេរីភាពបញ្ចេញមតិ @SEAPA

ក្នុង​ឱកាស​ទិវា​សេរីភាពសារព័ត៌មាន​ពិភពលោក នៅថ្ងៃទី ៣ខែឧសភានេះ សម្ព័ន្ធអ្នក​សារព័ត៌មាន​អាស៊ីអាគ្នេយ៍ ហៅកាត់ថា SEAPA (Southeast Asian Press Alliance) បាន​ចេញ​របាយការណ៍មួយ និយាយពី​ការ​ដើរថយ​ក្រោយ នៃ​សេរីភាពសារព័ត៌មាននៅកម្ពុជា។ តាម SEAPA តាំងពីឆ្នាំ ២០១៧មក រដ្ឋាភិបាល​កម្ពុជា បាន​​ប្រើ​អំណាចនីតិប្រតិបត្តិ​​ និង​ធ្វើ​កំណែទម្រង់​ច្បាប់​ថ្មី ដើម្បី​មាន​ឱកាស​គាប​សង្កត់​លើ​សេរីភាពនៃការ​បញ្ចេញ​មតិ និងការ​រាយការណ៍ព័ត៌មាន​ដោយ​គ្មាន​ភាពភ័យ​ខ្លាចនៅកម្ពុជា។ 

ច្បាប់​ដែល ​សម្ព័ន្ធអ្នក​សារព័ត៌មាន​អាស៊ីអាគ្នេយ៍ ហៅកាត់ថា SEAPA មានមូលដ្ឋាននៅប្រទេសថៃ លើក​ឡើង​នោះ ​រួម​មាន ​ច្បាប់​វិសោធនកម្ម​ថ្មី​រដ្ឋធម្មនុញ្ញ ក្រម​ព្រហ្មទណ្ឌ សេចក្ដី​ប្រកាស​រួម​របស់​ក្រសួង​មហាផ្ទៃ ក្រសួង​ប្រៃសនីយ៍ និង​ក្រសួងព័ត៌មាន ដើម្បី​ត្រួត​ពិនិត្យ​លើ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ជាដើម។

តាម​ SEAPA ​ តាំង​ពី​ឆ្នាំ​២០១៨​ មក ​មាន​អ្នក​សារព័ត៌មាន​ ​៧​នាក់ ​​ដែល​រួមមាន​​អតីត​អ្នក​កាសែត​វិទ្យុ​អាស៊ីសេរី​ ២​នាក់ អតីត​អ្នក​កាសែត​ Cambodia Daily ម្នាក់ អ្នក​កាសែត​អនឡាញ​ ៣​នាក់ និង​អ្នក​កាសែត​អូស្ត្រាលី​ម្នាក់ ត្រូវ​បាន​រដ្ឋាភិបាល​ប្រើប្រាស់​ច្បាប់​ ដើម្បី​​​ប្រឆាំង​ពួកគេ​។ ​ SEAPAអះអាងថា ករណី​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា​ ជារឿយៗ​មិន​ត្រូវ​បាន​ស៊ើបអង្កេត ឬ​ស៊ើបអង្កេត​ដោយ​គ្មាន​តម្លាភាព​ ឯករាជ្យ​ភាព និង​លំអៀង។ ហើយ​នៅ​ពេល​ដែល​ពួកគេ​ត្រូវ​បាន​ផ្ដន្ទាទោស​ ពួកគេ​តែងតែ​ទទួល​បាន​ការ​កាត់ទោស​យ៉ាង​អយុត្តិធម៌ ។

ក្នុង​នោះ SEAPA ក៏​លើក​ករណី​ការចោទប្រកាន់ ចាប់ខ្លួន និ​ងដាក់ពន្ធនាគារ នូវ​បុគ្គ​ល​មួយចំនួន​ ​ដែល​រិះគន់​ប្រមុខ​ដឹកនាំ ឬ ព្រះមហាក្សត្រផងដែរ។ ​ករណីទាំងនេះ គឺជាអ្វីដែល SEAPA យល់ថា ជាទិដ្ឋភាព​ដែលបង្ហាញ​ថា​សេរីភាពសារព័ត៌មាន​នៅកម្ពុជា ​ ​ដើរជិតដល់​ជ្រោះមរណៈ។

ជាមួយគ្នានេះ SEAPA ក៏​យល់ថា សេចក្តីព្រាង​ច្បាប់​ជាច្រើន ដែល​កំពុង​ដាក់​ឲ្យ​ពិនិត្យ ក្នុងចន្លោះ​ឆ្នាំ ២០១៨ និង ២០១៩នេះ ក៏ដូចជាការ​ប្រកាស​ពីការវិវត្តន៍នៃ​នីតិបញ្ញត្តិ​ផ្សេងៗនៅពេល​អនាគត នឹង​កាន់តែធ្វើឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ និង​សេរីភាព​ប្រព័ន្ធផ្សព្វផ្សាយ​នៅកម្ពុជា ថែមទៀត។

យ៉ាងណាក៏ដោយ លោក មាស សុភ័ណ្ឌ អ្នក​នាំពាក្យ​ក្រសួងព័ត៌មាន បាន​ច្រាន​ចោល​របាយការណ៍នេះ ដោយ​អះអាងថា រាល់​សិទ្ធិ​សេរីភាព​ទាំងអស់ ត្រូវបានការពារដោយ​ច្បាប់ ប៉ុន្តែក៏ត្រូវស្ថិតនៅក្រោម​ច្បាប់ផងដែរ។ តាម​លោក​ មាស សុភ័ណ្ឌ បច្ចុប្បន្នរដ្ឋាភិបាល​​កម្ពុជា កំពុងលើកកម្ពស់​សេរីភាព​សារព័ត៌មាន​ និងការ​បញ្ចេញ​មតិ ដែល​ធ្វើ​ឲ្យ​មាន​ចរន្ត​ប្រព័ន្ធផ្សព្វផ្សាយ​ជាតិ និង​អន្តរជាតិ រីកចម្រើន​ក្នុងប្រទេស។

សូម​បញ្ជាក់ថា កម្ពុជា ស្ថិតនៅ​ចំណាត់ថ្នាក់លេខ ១៤៣ ក្នុងចំណោម​ ១៨០​ប្រទេស ក្នុង​ការ​ចាត់​ចំណាត់ថ្នាក់​របាយការណ៍​ស្ដីពី​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភព​លោក​ឆ្នាំ​២០១៩។ ជាចំណាត់ថ្នាក់ ដែល​ធ្លាក់​ចុះ​ ជារៀងរាល់ឆ្នាំ គិតចាប់ពីឆ្នាំ ២០១៧ ដែលកម្ពុជា ស្ថិតនៅលេខរៀង​ទី ១៣៧ និង​ឆ្នាំ ២០១៨ ធ្លាក់ទៅចំណាត់ថ្នាក់លេខ ១៤២ និងឆ្នាំ ២០១៩ នៅចំណាត់ថ្នាក់លេខ ១៤៣៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ