ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/09 12h00 GMT
កម្ពុជា

លោក​វ៉ា គឹមហុង​៖​ទង្វើ​លោក​អ៊ុំ សំអាន កំពុង​ញុះញង់​ឲ្យ​អន្តរជាតិ​បាត់​ទំនុក​ចិត្ត​លើ​​កម្ពុជា​

media  
លោកអ៊ុំ សំអាន តំណាងរាស្ត្រ CNRP​(ឆ្វេង) និង​លោក​វ៉ា គឹមហុង មន្ត្រីរដ្ឋាភិបាល(ស្តាំ)។ @RFI

ទង្វើ​ និងអាកប្បកិរិយា​របស់លោក​អ៊ុំ សំអាន​ តំណាងរាស្ត្រមណ្ឌល​សៀមរាប​ របស់គណបក្ស​សង្គ្រោះជាតិ កំពុងតែញុះញង់ឲ្យ​មជ្ឃដ្ឋានជាតិ និងអន្តរជាតិ បាត់ទំនុក​ចិត្ត​លើរដ្ឋាភិបាលកម្ពុជា។ បាត់ទំនុក​ចិត្ត ដោយ​សារ​លោក​អ៊ុំ សំអាន បាន​លើកឡើងនូវចំនុចមិន​ពិត និង​ព្យាយាមកាឡៃផែនទីកម្ពុជា។ នេះគឺជាការ​ថ្លែងរបស់លោក​វ៉ា គឹមហុង ទេសរដ្ឋមន្ដ្រី​ទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន នៅក្នុងសន្និសីទកាសែត នារសៀល​ថ្ងៃសុក្រ ទី ២៨សីហានេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

 

«អាកប្បកិរិយា ឬសម្តីរបស់លោកតំណាងរាស្ត្រ​អ៊ុំ សំអាន គឺជាអាកប្បកិរិយា ឬសម្តី ញុះញង់ ដែល​ធ្វើឲ្យ​មានការ​ប៉ះពាល់ដល់ទំនាក់ទំនងអន្តរជាតិ​របស់យើង ជាមួយនឹងវៀតណាម។ ឲ្យ​អស្ថិរភាព នៅតាម​បណ្តោយ​ព្រំដែនកម្ពុជា អស្ថិរភាព ធ្វើឲ្យ​រំខាន ដល់ការ​បោះបង្គោល​ព្រំដែន​រវាងប្រទេសជាតិយើង មិន​ឲ្យ​ទៅមុខបាន! » នេះគឺជាកា​រលើកឡើងរបស់លោក​វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុក​កិច្ចការព្រំដែន នៅក្នុង​សន្និសីទកាសែត នារសៀល​ថ្ងៃទី ២៨សីហា ដើម្បីឆ្លើយតប​ទៅកាន់លោក​អ៊ុំ សំអាន។ លោក​អ៊ុំ សំអាន ដែល​កាលពីថ្ងៃព្រហស្បតិ៍ ទើបបាន​បង្ហាញ​ថា បាន​រក​ឃើញ​ផែនទី​ចំនួន ​២៦ផ្ទាំង ហើយ​លោកអះអាង​ថា ជា​ផែនទីបោន ​ដែលមិន​មានត្រា​ប្រទេស​វៀតណាម​នោះទេ និង​ត្រូវបាន​ព្រះបរមរតនកោដ្ឋ យក​ទៅ​តម្កល់​ទុក​នៅ​សហរដ្ឋអាមេរិក​ តាំងពី​ឆ្នាំ​១៩៦៤ ថែមទៀត។

ចំពោះចំនុចនេះ លោក​វ៉ា គឹមហុង បាន​បញ្ជាក់ថា ការពិតផែនទី ដែល​លោក​អ៊ុំ សំអាន បាន​រក​ឃើញ​នៅពេលនេះ គឺជាផែនទីដែល​រដ្ឋាភិបាលកំពុងតែប្រើប្រាស់សព្វថ្ងៃ។ ហើយ​ផែនទីនេះ ត្រូវបាន​យក​មកកម្ពុជា តាំងពីជាង ១០ឆ្នាំមុន និងកំពុង​​តំកល់ទុកនៅជាន់ទី៥ នៃទីស្តីការគណៈរដ្ឋមន្ត្រី។ ដោយសារ​សំអាងនេះ ទើបលោក​វ៉ា គឹមហុង យល់ថា ទង្វើរបស់លោក​អ៊ុំ សំអាន ជាការ​ញុះញង់ បង្កអស្ថិរភាព។

មួយវិញទៀត លោ​ក​វ៉ា គឹមហុង ថែមទាំងបាន​ចាត់ទុកថា លោក​អ៊ុំ សំអាន កំពុងតែ​ចង់ប្រមាថអង្គការសហប្រជាជាតិ។ ប្រមាថ ដោយសារ​តែលោក​អ៊ុំ សំអាន ​ដែល​កំពុង​ស្ថិត​នៅ​សហរដ្ឋ​អាមេរិក​ បាន​អះអាងថា នឹងធ្វើ​ដំណើរ​ទៅ​កាន់​ទីស្នាក់​ការ​អង្គការ​សហប្រជាជាតិ ​ដើម្បី​ស្វែង​រក​មូល​ហេតុ​ថា​ តើហេតុ​អ្វី​បាន​ជា​អង្គការ​សហប្រជាជាតិ​រក​ផែនទី​ខ្មែរ​មិនឃើញ​?

លោក​វ៉ា គឹមហុង យល់ថា នេះជាការផ្គើនទៅស្ថាប័នមួយនេះ ព្រោះថាអង្គការ​សហប្រជាជាតិ បាន​ផ្ញើរលិខិតសុំទោសមក​រដ្ឋាភិបាល​កម្ពុជា និង​បញ្ជាក់ថា រក​ផែនទីនោះមិនឃើញទេ។ តាម​លោក​វ៉ា គឹមហុង បើមន្ត្រីជំនាញ​អង្គការ​សហប្រជាជាតិ រក​មិន​ឃើញផង តើ​លោក​អ៊ុំ សំអាន សំអាងអីអាចទៅរក​ឃើញ?

លោ​កវ៉ា គឹមហុង នៅក្នុងសន្និសីទរបស់ខ្លួន បាន​ស្នើឲ្យ​លោក​អ៊ុំ សំអាន​ បញ្ឈប់សកម្មភាពដេញដោលពីផែនទីបន្តទៀត ហើយ​ត្រូវចាំមើល​ការ​ផ្ទៀងផ្ទាត់ ផែន​ទីកម្ពុជា​ដែលនៅក្នុង​ដៃរបស់បារាំង យ៉ាងយូរត្រឹម​សប្តាហ៍ក្រោយ។ ក្នុងនោះ លោក​វ៉ា គឹមហុង ក៏ទទូចទៅលោកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំងអស់ថា គួរឈប់គិតពីរឿងផែនទី ហើយបែរមក​រួមគ្នាបោះបង្គោល​ព្រំដែន​ឲ្យ​ឆាប់ចប់វិញ ប្រសើរជាង៕

 

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ