ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
general

កិច្ច​ការ​ព្រំដែន៖ លោក វ៉ា គឹមហុង ច្រាន​ចោល ការ​រក​ឃើញ​របស់​លោក​ សុខ ទូច

media  
លោក​ទេសរដ្ឋមន្រ្តី​ វ៉ា គីមហុង ​ទទួល​បន្ទុក​បេសកម្ម​ពិសេស និ​​ង​​ជា​ប្រធាន​គណៈកម្មការ​ព្រំដែន​កម្ពុជា ​ធ្វើ​ការ​ផ្ទៀត​ផ្ទាត់​ផែនទី​កម្ពុជា​ ដែល​ទើប​តែ​ប្រគល់​ដោយ​អង្គ​ការ​សហប្រជាជាតិ។​ @RFI/channa

នៅ​ថ្ងៃ​នេះ លោក វ៉ា គឹមហុង ប្រធាន​​គណៈ​កម្មាធិការ​ព្រំដែន​កម្ពុជា បាន​ច្រាន​ចោល​នូវ​ការ​រក​ឃើញ​របស់​​ក្រុម​អ្នក​ស្រាវ​ជ្រាវ​កិច្ច​ការ​ព្រំដែន នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ដែល​ថា​វៀតណាម​បោះ​បង្គោល​ព្រំ​ដែន​ចូល​ក្នុង​ទឹក​ដី​កម្ពុជា។ ប៉ុន្តែ​លោក សុខ ទូច អ្នក​ដឹក​នាំការ​ស្រាវ​ជ្រាវ​នេះ បាន​លើក​ឡើង​ថា ការ​ទទួល​ស្គាល់​ឬ​មិន​ទទួល​ស្គាល់​គឺ​ជា​រឿង​របស់​រដ្ឋាភិបាល ហើយ​ក្រុម​របស់​លោក​នឹង​បន្ត​ការ​ស្រាវ​ជ្រាវ​ រហូត​ដល់​ចប់​សព្វ​គ្រប់។

លោក សុខ ទូច ប្រធាន​ក្រុម​អ្នក​ស្រាវ​ជ្រាវ​កិច្ចការ​ព្រំដែន នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា បាន​ឲ្យ​ដឹង​ថា​ ដោយ​ផ្អែក​លើ​ផែន​ទី​បោន​ខ្នាត ១/១០០.០០០ ជា​គោល ក្រុម​របស់​លោក​បាន​រក​ឃើញ​​បង្គោល​ព្រំដែន​ខ្មែរ​ជាង​១​ពាន់​បង្គោល។ បង្គោល​ទាំង​នោះ​ចែក​ចេញ​ជា ៣​ប្រភេទ​គឺ បង្គោល​សម័យ​បារាំង បង្គោល​សម័យ​សាធារ​ណៈ​រដ្ឋ​ប្រជាមានិត​កម្ពុជា​ និង បង្គោល​ដែល​ទើប​នឹង​បោះក្នុង​សម័យ​បច្ចុប្បន្ន​។

តាម​រយៈ​បង្គោល​សម័យ​សាធារ​ណៈ​រដ្ឋ​ប្រជា​មានិត​កម្ពុជា​ក្នុង​ឆ្នាំ ១៩៨៥ -១៩៨៧ ក្រុម​របស់​លោក​បាន​រក​ឃើញ​ថា វៀតណាម​បាន​បោះ​បង្គោល​ព្រំដែន ចូល​ក្នុង​ទឹក​ដី​កម្ពុជា​ចន្លោះ​ពី ៥​ម៉ែត្រ ទៅ ៥០​ម៉ែត្រ។ ចំណែក​ឯ​ការ​បោះ​បង្គោល​ក្នុង​សម័យ​បច្ចុប្បន្ន ពុំ​មាន​ចូល​ក្នុង​ទឹក​ដី​ខ្មែរ​នោះ​ទេ​។

ប៉ុន្តែ​ការ​រក​ឃើញ​នេះ ត្រូវ​បាន​ច្រាន​ចោល​ដោយ​លោក​ វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ព្រំ​ដែន​កម្ពុជា​។ លោក​ថា ការ​រក​ឃើញ​នេះ មិន​មាន​មូល​ដ្ឋាន​ប្រៀប​ធៀប​ច្បាស់​លាស់​ និង មិន​អាច​យក​ជា​ការ​បាន​។ ប៉ុន្តែ ​នេះ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ឯគណៈកម្មា​ធិការ​ព្រំ​ដែន​កម្ពុជា ទទួល​ខុស​ត្រូវ​ចំពោះ​តែ​ការ​បោះ​បង្គោល​ព្រំដែន​ក្នុង​សម័យ​បច្ចុប្បន្ន​នេះ​តែ​ប៉ុណ្ណោះ​។

លោក​វ៉ា គឹមហុង បន្ថែម​ទៀត​ថា ដោយ​សារ​មាន​ភាព​មិន​ច្បាស់​លាស់​ នៅ​ក្នុង​ការ​បោះ​បង្គោល​​ព្រំដែន​ក្នុង​សម័យ​សាធារណៈ​រដ្ឋ​ប្រជាមានិត​កម្ពុជា​យ៉ាង​ដូច្នេះ​ហើយ ទើប​មាន​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​ នៅ​ឆ្នាំ ​២០០៥ ដើម្បី​កែ​សម្រួល​ឡើង​វិញ។

ឆ្លើយ​តប​ចំពោះ​ការ​លើក​ឡើង​នេះ លោក សុខ ទូច ប្រធាន​ក្រុម​អ្នក​ស្រាវ​ជ្រាវ​កិច្ចការ​ព្រំដែន​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា និយាយ​ថា ការ​ទទួល​ស្គាល់​ឬ​មិន​ទទួល​ស្គាល់ គឺ​ជា​រឿង​របស់​រដ្ឋាភិបាល​។ ចំណែក រាជ​បណ្ឌិត្យ​សភា​កម្ពុជា នឹង​បោះ​ពុម្ភ​ផ្សាយ​របក​គំហើញ​នេះ នៅ​ពេល​ដែល​ការ​ស្រាវ​ជ្រាវ​ត្រូវ​បាន​បញ្ចប់។

ទាក់​ទង​នឹង​ការ​បោះ​បង្គោល​ព្រំដែន​នេះ​ដែរ លោក អ៊ំ សំអាន តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​ថា វៀតណាម​មិន​មែន​បោះ​បង្គោល​ចូល​ដី​ខ្មែរ​ពី ៥​ម៉ែត្រ ទៅ​៥០ ម៉ែត្រ​នោះ​ទេ។ លោក​ថា វៀត​ណាម​បាន​បោះ​បង្គោល​ចូល​យ៉ាង​ជ្រៅ​ចូល​មក​ដី​ខ្មែរ​ ដែល​នាំ​ឲ្យ​ប្រជាពល​ដ្ឋ​តាម​ជាយ​ដែន បាត់​បង់​ដី​ស្រែ​ចំការ​របស់ពួក​គាត់​រាប់​សិប​ហិច​តា​ឯណោះ​។

សូម​បញ្ជាក់​ថា ការ​ស្រាវ​ជ្រាវ ប្រមូល​ទិន្នន័យ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម​នេះ នឹង​ត្រូវ​បញ្ចប់​នៅ​ចុង​ឆ្នាំ ២០១៦ ហើយ​នៅ​ឆ្នាំ ២០១៧ ក្រុម​អ្នក​ស្រាវ​ជ្រាវ​កិច្ច​ការ​ព្រំ​ដែន នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា នឹង​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​ផែន​ទី​ជាមួយ​ផែន​ដី​។

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ