ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/09 12h00 GMT
កម្ពុជា

លោក​វ៉ា គឹមហុង៖ ការ​ចរចា​ព្រំដែន​ជាមួយ​វៀតណាម​នៅ​សប្តាហ៍​ក្រោយ​គឺ​រឹតតែ​តានតឹង

media  
លោក​​ទេសរដ្ឋមន្រ្តី​​ វ៉ា គីមហុង ​​ទទួល​​បន្ទុក​​បេសកម្ម​​ពិសេស​​និង​​ជា​​ប្រធាន​​គណៈ​កម្មការ​​ព្រំដែន​​កម្ពុជា​។​​ RFI/ Siv Channa

គណៈកម្មការ​កិច្ចការ​ព្រំដែន​កម្ពុជា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២ កក្កដា​នេះ បាន​រៀបចំ​សន្និសីទ​សារព័ត៌មាន​មួយ​ដើម្បី​បង្ហាញ​ផែនទី​ទឹកដី​ខ្មែរ​ដែល​កម្ពុជា​បាន​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ​។ រដ្ឋាភិបាល​បាន​អះអាង​ថា រាល់​ការ​ចរចា​ជាមួយ​ប្រទេស​ជិត​ខាង​ កម្ពុជា​តែងតែ​ផ្អែក​លើ​ផែនទី​នេះ។ ប៉ុន្តែ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​មាន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​នោះ លោក​វ៉ា គឹមហុង បាន​បញ្ជាក់​ការ​ចរចា​ព្រំដែន​ជាមួយ​វៀតណាម​នៅ​ថ្ងៃ​ចន្ទ​ទី​៦ កក្កដា​ខាង​មុន នោះ​ គឺ​ប្រាកដ​ជា​តាន​តឹង។

“រឿង​តានតឹង​វា​គឺ​ជា​រឿង​ធម្មតា ប៉ុន្តែ​ថ្ងៃ​ខ្លះ ពេល​គេ​ហៅ​ហូប​បាយ យើង​មិន​ហូប​បាយ​ផង”នេះ​គឺ​ជា​ការ​បញ្ជាក់​ពី​លោក​វ៉ា គឹមហុង​ដែល​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២ កក្កដា។ ប្រធាន​គណៈកម្មការ​ព្រំដែន​ភាគី​កម្ពុជា​ដែល​ជា​អ្នក​ចូល​ចរចា​ផ្ទាល់​រូប​នេះ ​បាន​បន្ថែម​ថា​ការ​ចរចា​ទាំងអស់​ជាមួយ​វៀតណាម គឺ​ជួបការ​លំបាក ព្រោះ​ថា​ព្រំដែន​ត្រង់​ចំណុច​ខ្លះ​ប្រទេស​ទាំងពីរ​បាន​គូស​បន្ទាត់​ព្រំដែន​ពីរ​ផ្សេងគ្នា​ដែល​ទាមទារ​ឱ្យ​មាន​ការ​ពិភាក្សា​យ៉ាង​លំអិត ​និង​តថ្លៃ​គ្នា​ទៅ​វិញ​ទៅ​មក។

ដោយ​ឡែក​កិច្ច​ប្រជុំ​ជាមួយ​ប្រទេស​វៀតណាម​នៅ​ថ្ងៃ​ទី​៦ កក្កដា​ខាង​មុខ​នេះ​ទៀត​ គឺ​ពិតជា​បន្ថែម​ការ​លំបាក។ លំបាក​ព្រោះ​ថា ក្រៅ​ពី​ការ​ខ្វែង​គំនិត​គ្នា​លើ​ចំណុច​ព្រំដែន​មួយ​ចំនួន​ដែល​នៅ​សេសសល់​ហើយ​នោះ។ កិច្ច​ប្រជុំ​នៅ​សៀមរាប​នេះ​ គឺ​ត្រូវ​ដាក់​របៀប​វារៈ​សំខាន់​ពីរ​បន្ថែម​ទៀត គឺ​សកម្មភាព​វៀតណាម​នៅ​តាម​ព្រំដែន​ក្នុង​ពេល​ថ្មី​ៗ​នេះ​ និង​អំពើ​ហិង្សា​ដែល​បាន​ផ្ទុះ​ឡើង​នៅ​ព្រំដែន​ក្នុង​ខេត្ត​ស្វាយរៀង​កាល​ពី​ថ្ងៃ​ទី​២៨ មិថុនា។ សូម​បញ្ជាក់​ថា ក្នុង​អំពើ​ហិង្សា​នោះ រដ្ឋាភិបាល​វៀតណាម​ បាន​រិះគន់​យ៉ាង​ខ្លាំង។

លោក​វ៉ា គឹមហុង បង្ហើប​ថា លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន​ធ្លាប់​ទាំង​បាន​សរសេរ​លិខិត​អន្តរាគមន៍​ផ្ទាល់​ទៅ​នាយករដ្ឋ​មន្ត្រី​ប្រទេស​វៀមណាម​ក្នុង​សំណុំ​រឿង​ដ៏​ក្តៅ​គគុក​ជាមួយ​វៀតណាម​នេះ​ផង​ដែរ។លោក ប្រធាន​គណៈកម្មការ​ព្រំដែន​ដដែល​រូប​នេះ បាន​បន្ថែម​ថា ពេល​ខ្លះ​ភាគី​វៀតណាម​មិន​បាន​សម្រប​សម្រួល​ជាមួយ​កម្ពុជា​ដើម្បី​ដោះស្រាយ​ពី​បញ្ហា​ព្រំដែន​នោះ​ទេ។

ក្រៅ​ពី​ការ​បង្ហើប​ពី​ភាព​តានតឹង​ក្នុង​ការ​ចរចា​ជាមួយ​វៀតណាម​នោះ លោក​វ៉ា គឹមហុង​ក្នុង​នាម​ជា​អ្នក​ចរចា​ព្រំដែន​ឱ្យ​រដ្ឋាភិបាល បាន​ការពារ​រដ្ឋាភិបាល​ថា កម្ពុជា​មិន​ដែល​អនុញ្ញាត​ឱ្យ​មាន​ការ​រំលោភ​ពី​ភាគី​ណាមួយ​ដោយ​ខ្លួន​មិន​បាន​តវ៉ា​នោះ​ទេ។ ការ​លើក​ឡើង​យ៉ាង​ដូចនេះ ​គឺ​បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បង្ហាញ​ពី​សកម្មភាព​ចុះ​ត្រួត​ពិនិត្យ​នៅ​តាម​ព្រំដែន​យ៉ាង​សកម្ម និង​បាន​បង្ហាញ​ពី​ភាព​អវិជ្ជមាន​មួយ​ចំនួន​ទាក់ទង​នឹង​រឿង​ព្រំដែន​ជាមួយ​វៀតណាម។

ក្រៅ​ពី​ការ​បង្ហាញ​ពី​ភាព​តានតឹង​ក្នុង​ការ​ចរចា​នោះ លោកវ៉ា គឹមហុង ប្រធាន​គណៈកម្មការ​កិច្ចការ​ព្រំដែន​ ក៏​បាន​បង្ហាញ​ផែន​ទី២៦ផ្ទាំង​ដែល​កម្ពុជា​បាន​តម្កល់​នៅ​អង្គការ​សហប្រជាតិ​ឆ្នាំ​១៩៦៤ ហើយ​ផែន​ទី​២៦ផ្ទាំង​នេះ​ ដែល​កម្ពុជា​បាន​យក​ទៅ​ចរចា​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង។

សូម​កត់​សំគាល់​ថា​ សន្និសីទ​សារព័ត៌មាន​ដែល​មាន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក​រៀល ខេមរិន្ទ្រ និង​លោក​អ៊ុំ​ សំអាន​ចូល​រួម​នេះ មាន​ការ​ជជែក ​និង​ពន្យល់​គ្នា​មួយ​សន្ទុះ​ផង​ដែរ។ ការ​ជជែក​វែក​ញែក និង​ពន្យល់​រឿង​ព្រំដែន​នៅ​ខេត្ត​កំពត ​និង​ខេត្ត​ស្វាយ​រៀង​ជា​ដើម។

សូម​បញ្ជាក់​ថា​ កម្ពុជា​និង​វៀតណាម​នឹង​ជួប​ប្រជុំ​គ្នា​រឿង​ព្រំដែន​រយៈពេល​បី​ថ្ងៃ​នៅ​ខេត្ត​សៀមរាប​ចាប់​ពី​ថ្ងៃ​ទី​៦​ដល់​ថ្ងៃ​ទី​៩ ​កក្កដា។ លោក​វ៉ា គឹមហុង​អ្នក​ចរចា​ជាមួយ​ប្រទេស​វៀតណាម ​បាន​អំពាវនាវ​ឱ្យ​ប្រទេស​វៀតណាម​គោរព​អនុសញ្ញា ​និង​កិច្ច​ព្រម​ព្រៀង ​និង​មិន​ធ្វើ​សកម្មភាព​អ្វី​ទាំង​អស់​នៅ​តាម​ព្រំដែន​ដែល​នៅ​មាន​ជម្លោះ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ