អានតួអត្ថបទ
កម្ពុជា

ម្ចាស់​ដើម អាច​ប្រឈម​នឹង​តុលាការ នៅ​ពេល​​យាន​យន្ត​ប្រព្រឹត្តិ​ល្មើស​ច្បាប់​​ បើ​​មិន​ទាន់​កាត់​ឈ្មោះ​ឲ្យ​អ្នក​ប្រើ​ប្រាស់​​

មាន​ប្រតិកម្ម​​ជា​ច្រើន នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក បន្ទាប់​ពី គេហ​ទំព័រ អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ កាល​ពី​ថ្ងៃ​ពុធ ទី​២៩ ខែ​មីនា ​បានស្រង់​ប្រសាសន៍​ លោក​ ហ៊ឹម យ៉ាន អគ្គ​ស្នង​​ការ​​រង​នគរបាល​ជាតិ ដែល​ប្រកាស​ព្រមាន​ថា ​នៅ​ពេល​ខាង​មុខ ម្ចាស់​យាន​យន្ត​ទាំង​អស់​ដែល​មិន​ទាន់​កាត់​ឈ្មោះ​កម្មសិទ្ធិ នឹង​ត្រូវ​ផាក​ពិន័យ ហើយ​នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​បើ​មិន​ទាន់​កាត់​ឈ្មោះ​។ ​លោក​ ហ៊ឹម យ៉ាន បាន​បញ្ជាក់​ប្រាប់​វិទ្យុបារាំង RFI នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា វា​ជា​ការ​យល់​ច្រលំ​មួយ​របស់​អ្នកប្រើប្រាស់បណ្តាញសង្គម​ ហើយ​ ផ្ទុយ​ទៅវិញ​ទេ​ គឺ​ ម្ចាស់​ដើម​នៃ​រថយន្តដែល​បាន​ចុះ​ប​ញ្ជី​នៅ​ក្រសួង​សាធារណការ នោះ​ទៅវិញ​ទេ ដែល​​អាច​នឹង​រង​ការ​ពិន័យ ឬ​ឡើង​ដល់​​តុលាការ នៅ​ពេល​យាន​យន្ត​នោះ​បាន​ប្រព្រឹត្តិ​ល្មើស​ច្បាប់​។

គ្រោះថ្នាក់ចរាចរណ៍មួយ នៅរាជធានីភ្នំពេញ
គ្រោះថ្នាក់ចរាចរណ៍មួយ នៅរាជធានីភ្នំពេញ @Google
ផ្សាយពាណិជ្ជកម្ម

អគ្គ​ស្នង​ការ​រង​នគរបាល​ជាតិ លោក​ឧត្តមសេនីយ៍​ឯក ហ៊ឹម យ៉ាន បាន​ថ្លែង​ថា បើ​ទោះបី​ជា រាជ​​រដ្ឋាភិបាល​​កម្ពុជា មិន​ទាន់​ចាប់​បង្ខំ​ឲ្យ ​អ្នក​ប្រើប្រាស់​យានយន្ត​លើ​ដងផ្លូវ ត្រូវ​តែ​កាត់​ឈ្មោះ​​ពី ម្ចាស់​កម្មសិទ្ធិ​ក៏​ដោយ តែ​ផ្ទុយ​ទៅ​វិញ​ ម្ចាស់ដើម​នៃ​រថយន្ត​ដែល​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​សាធារណការ អាច​នឹង​រង​ការ​ពិន័យ ឬ​ប្រឈមនឹង​​​តុលាការ​ នៅ​ពេល​យាន​យន្ត​នោះ​បាន​ប្រព្រឹត្តិ​ល្មើស​ច្បាប់​។​ លោក​បន្ថែម​ថា ក្នុង​ការ​ផាក​ពិន័យ​អ្នក​បើកបរ​ល្មើស​ល្បឿន​កំណត់ អ្នក​ប្រព្រឹត្តិ​ល្មើស មិន​ត្រូវ​បាន​បញ្ឈប់​នៅលើ​ដង​ផ្លូវ តែ បណ្ណ​ផាក​ពិន័យ រួម​នឹង​រូបថត​យានយន្ត​ល្មើស​ល្បឿន នឹង​ត្រូវ​ផ្ញើ​ទៅ​កាន់ អាសយដ្ឋាន​យានយន្ត​ដែល​ចុះ​បញ្ជី​នៅ​ក្រសួង​សាធារណការ​​។ ប្រសិន​បើ ម្ចាស់​កម្មសិទ្ធិ​យានយន្ត ​មិន​បាន​មក​បង់​ប្រាក់​ពិន័យ​ក្នុង​រយះពេល ៩០​ថ្ងៃ នោះ នគរបាល​ជាតិ នឹង​បញ្ជូន​សំណុំរឿង​នេះ​ទៅ​តុលាការ​។​ ករណី ​កម្មសិទ្ធិករ មាន​អំណះអំណាង​ថា គាត់​បាន​លក់​យានយន្ត​ទៅ​ឲ្យ​អ្នកដទៃ​ទៀត​ហើយ នោះ​សមត្ថកិច្ច​នឹង​បន្ត​ស្វែង​រក​អ្ន​ក​ប្រើប្រាស់ ដែល​ប្រព្រឹត្តិ​ល្មើស​ច្បាប់​ឲ្យ​មក​ទទួល​ខុស​ត្រូវ​ជា​បន្ត​ទៅ​ទៀត​។



ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់​ធ្នាប់​សាធារណៈ លោក​ឧត្តមសេនីយ​ឯក រុន រ័ត្នវាសនា បាន​បញ្ជាក់​ថា តាម​ផ្លូវ​ច្បាប់ បើ​មាន​គ្រោះថ្នាក់​ចរាចរណ៍ កម្មសិទ្ធិករ​​​នៃ​យានយន្ត​ ត្រូវ​ទទួល​រង​សំណង​រដ្ឋប្បវេណី​ចំពោះ​ជន​រងគ្រោះ ចំណែក អ្នក​បើក​បរ​ល្មើស ត្រូវ​ទទួល​កំហុស​ព្រហ្មទណ្ឌ បើ​ករណី​បើកបរ​បណ្តាល​ឲ្យ​អ្នកដទៃ​ស្លាប់ ឬ​របួស។ បើតាម មាត្រា ៨៥​នៃ ​ច្បាប់​ចរាចរណ៍​​ផ្លូវ​គោក ជន​​បើក​បរ ដោយ​​ធ្វេស​​ប្រហែស ខ្ជី​ខ្ជា មិន​​ប្រុង​​ប្រយ័ត្ន បណ្តាល​​ឲ្យ​​ស្លាប់​​អ្នក​​ដទៃ ត្រូវ​​ផ្តន្ទា​​ទោស​ដាក់​​ពន្ធនាគារ​​ពី មួយ​​ឆ្នាំ ទៅ បី​​ឆ្នាំ និង​ពិន័យ​​ជា​​ប្រាក់​​ពី បួន​​លាន​​រៀល ទៅ ដប់​​ប្រាំ​លាន​​រៀល និង​​អាច​​ផ្តន្ទា​ទោស​​បន្ថែ​ម​​មួយ ឬ​ច្រើន​​ទៀត​។ លោក រុន រ័ត្នវាសនា បន្ថែម​ថា ម្ចាស់​ដើម ត្រូវ​មាន​សំអាង​ថា គាត់​បាន​លក់​យានយន្ត​ទៅ​ឲ្យ​អ្នកដទៃ​ហើយ ​ទើប​អាច​រួច​ពី​ការ​ទទួល​ខុស​ត្រូវ។​
 
នាយក​​វិទ្យាស្ថាន​​សុវត្ថិភាព​​ចរាចរណ៍ លោក អ៊ា ចរិយា យល់​ថា ការ​ទិញ-លក់​យាន​យន្ត​ គួរ​តែ​មាន​ការ​ផ្ទេរ​ម្ចាស់​កម្មសិទ្ធិ ភ្លាមៗ​ទើប​ជា​ការ​ប្រសើរ សម្រាប់​ការ​គ្រប់គ្រង​ប្រព័ន្ធ​ទិន្នន័យ​យានយន្ត និង​កា​​រ​​ផាក​​ពិន័យ​។​ តែ​នៅ​ក​ម្ពុជា ការ​ផ្ទេរ​កម្មសិទ្ធិ​យានយន្ត ហាក់​ចំណាយ​ពេល​យូរ និង​នីតិវិធី​ស្មុគស្មាញ​ពេក ដែល​ជា​ឧបសគ្គ​ដល់​ផ្ទេរ​កម្មសិទ្ធិ​នៅ​ពេ​ល​ទិញ​លក់​ ទើប​វា​បាន​ក្លាយ​ជា​បញ្ហាមួយ​សម្រាប់​ម្ចាស់​យានយន្ត ដែល​ទិញ​បន្ត​គ្នា​ច្រើ​ន​ជុំ​។

គួរ​ជម្រាប​ថា បើ​តាម ការ​សម្រេច​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង សេចក្តី​ជូន​ដំណឹង របស់ គណៈ​កម្មាធិការ​ជាតិ​សុ​វត្ថិភាព​ចរាចរណ៍​ផ្លូវគោក កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៦ រាជ​រដ្ឋាភិបាល​កម្ពុជា​ បាន​ទទួល​ស្គាល់​ការ​កាន់​កាប់​ជាក់​ស្តែង​​នូវ​យានយន្ត​គ្រប់​ប្រភេទ​ដែល​ពលរដ្ឋ​កំពុង​មាន​ ពោល​គឺ ពលរដ្ឋ​ដែល​កំពុង​ប្រើប្រាស់​យានយន្ត​​ទិញ​ត​ពី​គេ មិន​បាច់​កាត់​ឈ្មោះ​ និង​មិន​ត្រូវ​បង់​សេវា​អ្វី​ទាំង​អស់ ​គឺ​ពលរដ្ឋ​អាច​បន្ត​ប្រើ​ឯកសារ និង​ផ្លាក​លេខ​យាន​យន្ត​ដែល​កំពុង​មាន​ស្រាប់​ជា​បន្ត​ទៀត​។ តាម​​របាយការណ៍​ របស់​​ក្រសួង​សាធារណការ និង​​ដឹក​ជញ្ជូន​ ​គិត​​ពី​​ឆ្នាំ​១៩៩០ ដល់​​ឆ្នាំ​​២០១៦​ នៅ កម្ពុជា មាន​យានយន្ត​​បាន​​ចុះ​បញ្ជី​​សរុប​ ​ចំនួន ៣.៦៦៨.៨២០​គ្រឿង (ក្នុងនោះ ម៉ូតូ​ មាន ៣.១៣២.៣៦១ គ្រឿង​ និង​រថយន្ត​ ៥៣៧.៤៥៩​គ្រឿង​)។ ការ​ចុះ​បញ្ជី រថយន្ត ធុន​តូច មានសុពលភាព អចិន្រ្តៃយ៍ រយះពេល ១០ថ្ងៃ តម្លៃ ១២ម៉ឺន៥ពាន់រៀល (១២៥.០០០រៀល) ឬផ្ទេរកម្មសិទ្ធិ រថយន្ត​ធុន​តូច ក្នុងរាជធានី ខេត្ត ៤ម៉ឺន៨ពាន់រៀល (៤៨០០០រៀល) ខណៈ​ផ្ទេរ​កម្មសិទ្ធិ​រថយន្ត​ធុនតូច ឆ្លងរាជធានី ខេត្ត​ មានតម្លៃ ១០ម៉ឺន១ពាន់រៀល (១០១០០០រៀល)។ ចំណែក ការចុះបញ្ជី ឬ​ផ្ទេរ​កម្មសិទ្ធិ ម៉ូតូ តម្លៃ ៤ម៉ឺនរៀល៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ