អានតួអត្ថបទ
កម្ពុជា

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បង្កើន​ការ​ត្រួត​ពិនិត្យ​លើ​កម្មករ​បរទេស​ចូល​មក​ធ្វើ​ការ​នៅ​កម្ពុជា

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​របស់​ក្រសួង​មហាផ្ទៃ បាន​ឃាត់​ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​៩៤​នាក់​ បន្ទាប់​ពី​រក​ឃើញ​ថា​ពួកគេ​មិន​មាន​លិខិត​ឆ្លងដែន និង​ឯកសារ​សម្រាប់​បំពេញ​ការងារ​នៅ​កម្ពុជា។ ការ​ឃាត់​ខ្លួន​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ២៣ មិថុនា​ម្សិលមិញ នៅ​ពេល​ដែល​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កម្ពុជា​ចុះ​ត្រួត​ពិនិត្យ​រក​ឯកសារ​របស់​កម្មករ​បរទេស​ជាង​ ២០០​នាក់​នៅ​ឯ​ការដ្ឋាន​សំណង់​នៅ​កោះ​ពេជ្រ ក្នុង​រាជធានី​ភ្នំពេញ។

សមត្ថកិច្ច​អន្តោប្រវេសន៍​ចុះបង្រ្កាប​ជន​បរទេស​ខុស​ច្បាប់​នៅ​តំបន់​កោះពេជ្រ​ កាល​ពី​ថ្ងៃ​ទី​២៣ ​ខែ​មិថុនា ​ឆ្នាំ​២០១៥។​
សមត្ថកិច្ច​អន្តោប្រវេសន៍​ចុះបង្រ្កាប​ជន​បរទេស​ខុស​ច្បាប់​នៅ​តំបន់​កោះពេជ្រ​ កាល​ពី​ថ្ងៃ​ទី​២៣ ​ខែ​មិថុនា ​ឆ្នាំ​២០១៥។​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ជនអន្តោប្រវេសន៍​វៀតណាម​ចំនួន ៩៤នាក់​កំពុង​តែ​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ឯ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កម្ពុជា​ដើម្បី​ធ្វើ​ការ​សាកសួរ និង​បញ្ជូន​ត្រឡប់​ទៅ​កាន់​ប្រទេស​កំណើត​របស់​ពួក​គេ​វិញ ក្នុង​រយៈ​ពេល​យ៉ាង​យូរ​មួយ​សប្តាហ៍ បន្ទាប់​ពី​ត្រួត​ពិនិត្យ​ឃើញ​ថា ពួកគេ​មិន​មាន​លិខិត​ឆ្លងដែន និង​សៀវភៅ​ការងារ​នោះ។

លោក​ឧត្តមសេនីយ៍​ទោ​អ៊ុក ហៃសីឡា ប្រធាន​នាយកដ្ឋាន​ស៊ើប​អង្កេត​និង​អនុវត្ត​និតិវិធី នៃ​អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍​កម្ពុជា​បាន​ប្រាប់​វិទ្យុ​បារាំង​ថា ជនអន្តោប្រវេសន៍​ទាំង​ជាង ២០០នាក់ ដែល​អគ្គនាយកដ្ឋាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​នៅ​ថ្ងៃ​ទី​២៣ មិថុនា​នោះ មាន​ជនជាតិ​ចិន​ចំនួន​ ៨៤នាក់ ជនជាតិ​វៀតណាម​ចំនួន ១៣១នាក់។

ដោយ​ឡែក​ជនជាតិ​វៀតណាម​ចំនួន ៣៧នាក់​ផ្សេង​ទៀត​មាន​លិខិត​ឆ្លងដែន ប៉ុន្តែ​គ្មាន​ឯកសារ​ដើម្បី​បំពេញ​ការងារ​នៅ​កម្ពុជា​នោះ នឹង​ត្រូវ​យក​ទៅ​ផាក​ពិន័យ។ ហើយ​ជនជាតិ​ចិន​ទាំង​៨៤នាក់​ក៏​ត្រូវ​ផាក​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់​ ៥០ម៉ឺនរៀល​ផង​ដែរ ដោយសារ​តែ​ពួកគេ​មាន​តែ​លិខិត​ឆ្លង​ដែន ទិដ្ឋាការ​ស្នាក់​នៅ​ក្នុង​រយៈពេល​យូរ ប៉ុន្តែ​គ្មាន​សៀវភៅ​ការងារ។

សូម​ជម្រាប​ជូន​ថា ចាប់​តាំង​ពី​ខែ​មេសា ឆ្នាំ ២០១៤មក រហូត​មក​ដល់​បច្ចុប្បន្ន​នេះ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កម្ពុជា​បាន​ចាប់​ខ្លួន​និង​បញ្ជូន​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​បាន​ចំនួន​ជាង​ ២ពាន់​នាក់ ឲ្យ​ត្រឡប់​ទៅ​កាន់​ប្រទេស​កំណើត​របស់​ពួក​គេ​វិញ ហើយ​ក្នុង​នោះ​មាន​៤៣​សញ្ជាតិ ហើយ​ក្នុង​នោះ​មាន​ជន​ជាតិ​វៀតណាម​ច្រើន​ជាង​គេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ