អានតួអត្ថបទ
កម្ពុជា

លោក សុខ ទូច៖ វៀត​ណាម​បោះ​បង្គោល​ព្រំ​ដែន​ចូល​ដី​ខ្មែរ​១៦​ហិកតា​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ

ក្រុម​ស្រាវ​ជ្រាវ​ព្រំដែន នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា នៅ​ថ្ងៃ​ទី​០៤​កុម្ភៈ​នេះ ​បាន​បង្ហាញ​លទ្ធផល​ពាក់​កណ្ដាល​សម្រេច នៃ​ដំណើរ​ការ​ត្រួត​ពិនិត្យ​ការ​បោះ​បង្គោល​ព្រំដែន​ ក្នុង​រយៈ​ចំងាយ​ជិត​៥០០​គីឡូ​ម៉ែត្រ នៅ​ក្នុង​គោល​ដៅ​ចំនួន​៥ ដែល​មាន​រយៈ​ពេល​៧​ខែ​កន្លង​ទៅ​នេះ។ លោក សុខ ទូច ប្រធាន​ក្រុម​ស្រាវ​ជ្រាវ បង្ហាញ​ថា ផ្អែក​តាម​ប្រវត្តិ​សាស្រ្ត​និង​ការ​ត្រួត​ពិនិត្យ​ជាក់​ស្ដែង​គឺ​ទាំង​កម្ពុជា​និង​វៀតណាម​បាន​បោះ​បង្គោល​ព្រំ​ដែន​ចូល​ដី​គ្នា​ទៅវិញ​ទៅ​មក។ ប៉ុន្តែ​ថ្មីៗ​នេះ​ការ​រក​ឃើញ​របស់ លោក សុខ ទូច នៅ​ពេល​ចុះ​ទៅ​ខេត្ត​ត្បូង​ឃ្មុំ វៀត​ណាម​បាន​បោះ​បង្គោល​ព្រំដែន​ចូល​ដី​ខ្មែរ​ចំនួន​១៦​ហិកតា ដែល​គ្រប​ដណ្ដប់ដោយ​ការ​ដាំ​កៅ​ស៊ូ និង អំពៅ រួច​ជា​ស្រេច​ហើយ។

លោក សុខ ទូច បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ និងជាសកលវិទ្យាធិការនៃសកលវិទ្យាល័យខេមរៈ។
លោក សុខ ទូច បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ និងជាសកលវិទ្យាធិការនៃសកលវិទ្យាល័យខេមរៈ។ RFI
ផ្សាយពាណិជ្ជកម្ម

បង្គោល​ព្រំដែន​ដែល​វៀត​ណាម​បោះ​ចូល​ដី​ខ្មែរ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ គឺ​ស្ថិត​នៅ​ក្នុង​បង្គោលលេខ​៨៤ ៨៥ និង​បង្គោល​១០៩។ លោក សុខ ទូច បាន​ប្រាប់​បញ្ហា​នេះ​ទៅ​ក្រសួង​រៀប​ចំ​ដែន​ដី​និង​នគររូប​នីយកម្ម រួច​ហើយ​ក្នុង​ការ​ចុះ​បញ្ជី​ដី​នេះ​ជា​បន្ទាន់ ដើម្បី​បញ្ចៀស​សង្គ្រាម​ដណ្ដើម​ដី​គ្នា​បន្ត​ទៀត រវាង​វៀត​ណាម​និង​កម្ពុជា នៅ​ពេល​សម្រេច​ជា​ផ្លូវ​ការ​ក្នុង​ការ​ដោះ​ដូរ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ។  

តាម​រយៈ​ការ​ដាក់​បញ្ចាំង​រូប​ភាព​ឯក​សារ​នៃ​ដំណើរ​ការ​ស្រាវ​ជ្រាវ​ការ​បង្គោល​ព្រំដែន ​លោក សុខ ទូច បន្តថា បង្គោល​ព្រំដែន​លេខ​៨៥​ជា​បង្គោល​ព្រំដែន​ចាស់ ហើយ​វា​ក៏​ជាសំណុំ​រឿង ដែល​លោក​ធ្លាប់​មាន​បញ្ហា​ជា​មួយ​គណៈកម្មការ​កិច្ច​ការ​ព្រំដែន​ផង​ដែរ។ ចំណុច​នេះ​លោក សុខ ទូច ថា​វៀតណាម​បោះ​បង្គោល​ព្រំដែន​ចូល​ដី​ខ្មែរ​ចន្លោះ​ពី​៥ម៉ែត្រ​ទៅ​១០​ម៉ែត្រ​និង​មាន​កន្លែង​ខ្លះ​ទៀត​រហូត​៥០​ម៉ែត្រ។

លោក សុខ ទូច បាន​ដាក់​ការ​សន្និដ្ឋាន​ថា កាល​ដែល​វៀត​ណាម​បោះ​បង្គោល​ព្រំដែនចូល​ដី​ខ្មែរ​អាច​មាន​មូល​ហេតុ​ពីរ​សំខាន់​ទី១-ដោយ​សារ​តែ​បង្គោល​ព្រំដែន​នេះ​បោះ​ក្នុងជំនាន់​អាណា​និគម​បារាំង​ដែល​លោក សុខ ទូច យល់​ថា​មិន​ទាន់​មាន​បច្ចេក​ទេសទំនើប​ក្នុង​ការ​វាស់​វែង និងទី២-អាច​បណ្ដាល​មក​ពី​ការ​បោះ​បង្គោល​ព្រំ​ដែន​ធ្វើ​ឡើង​ចំពេល​អាកាស​ធាតុ​មិន​អំណោយ​ផល ដែល​អាច​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​ត្រួត​ពិនិត្យ របស់​GPS។

ដី​ចំនួន​១៦​ហិក​តា​ដែល​វៀត​ណាម​បោះ​បង្គោល​ព្រំដែន​ចូល​ដី​ខ្មែរ​នេះ លោក សុខ ទូច សន្យា​ជំនួស​រដ្ឋា​ភិបាល​នៅ​ចំពោះ​មុខ​ប្រជាពលរដ្ឋ​ក្នុង ខេត្ត​ត្បូង​ឃ្មុំ កុំ​ឲ្យ​មាន​ការ​ព្រួយបារម្ភ។ ដោយ​លោក​ហ៊ាន​អះអាង​ថា រដ្ឋាភិបាល​នឹង​រក​ដី​ដែល​ល្អ​សម្រាប់​អំណោយ​ផល​ដល់​ការ​បង្ក​បង្កើន​ផល​ដល់​ពលរដ្ឋ​ខ្មែរ។

សូម​បញ្ជាក់​ថា ដី​ទំហំ​១៦​ហិកតា​ដែល​វៀតណាម​បំពាន​បោះ​បង្គោល​ព្រំដែន​ចូល​នេះ​ កន្លង​មក​ពលរដ្ឋ​ខ្មែរ​បាន​ចូល​ទៅ​ដំណាំ​ហើយ​ត្រូវ​បាន​វៀតណាម​បាញ់​ថ្នាំ​បំពុល។ ទង្វើ​នេះ​លោក សុខ ទូច ចាត់​ទុក​ថា ជា​ល្បិច​របស់​វៀតណាម​ដើម្បី​ដោះ​ដូរ​បាន​ដី​ក្រហម​ដែល​ជា​ដី​មាន​ជីវៈជាតិ​សម្រាប់​ដាំ​កៅស៊ូ​ធ្វើ​​ជា​កម្មសិទ្ធិ ហើយ​ប្រគល់​ដី​១៦​ហិកតា​ដែល​ជា​ដី​គ្មាន​ជីវៈ​ជាតិ​ប្រគល់​មក​ឲ្យ​ខ្មែរ​វិញ។

តាម​គម្រោង​ដំណើរ​ការ​ត្រួត​ពិនិត្យ​ការ​បោះបង្គោល​ព្រំដែន​នឹង​ត្រូវ​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០១៧។ បន្ទាប់​ពី​បញ្ចប់​ក្រុម​ស្រាវជ្រាវ​ព្រំដែន នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​នឹង​បោះពុម្ព​ផ្សាយ​សៀវភៅ​ដើម្បី​ទុក​ជា​ឯកសារ​ប្រវត្តិសាស្រ្ត។ រាល់​បញ្ហា​ដែល​រក​ឃើញ​លោក​ សុខ ទូច បន្ត​អះអាង​ថា មិន​ខ្វល់​ពី​ច្រាន​ចោល​របស់​រដ្ឋាភិបាល​ពិសេស​គណៈកម្មការ​ជាតិ​កិច្ចការ​ព្រំដែន​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ