អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

តើ​ “បញ្ហា​វៀតណាម” នៅ​តែ​ជា​ប្រធាន​បទ​សម្រាប់​ការ​ឃោសនា​បោះ​ឆ្នោត?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​ប្រឡែង​លេង​ជាមួយ​នឹង​បញ្ហា​វៀតណាម គឺ​ជា​រឿង​រសើប​ដ៏​សែន​គ្រោះ​ថ្នាក់។ នេះ​គឺ​ជា​ការ​ដាស់​តឿន​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​អះអាង​ថា បញ្ហា​វៀតណាម គឺ​ជា​សំណុំ​រឿង​ដែល​ត្រូវ​អ្នក​នយោបាយ ​ជ្រុល​និយម និង រើស​អើង​ជាតិ​សាសាន៍ យក​ធ្វើ​ជា​ចំណាប់​ខ្មាំង​ ដើម្បី​កៀង​គរ​រក​ការ​គាំទ្រ​សំឡេង​ឆ្នោត។ ដូច្នេះ នៅ​ពេល​បោះ​ឆ្នោត​ខាង​មុខ​នេះ​, តើ​ “បញ្ហា​វៀតណាម” នៅ​តែ​ជា​ប្រធាន​បទ​សម្រាប់​ការ​ឃោសនា​? ហើយ​តើ​គេ​ត្រូវ​ដោះស្រាយ​បញ្ហា​ជន​ជាតិ​វៀតណាម​ដោយ​របៀប​ណា?

រូបភាព​តំណាង៖ ព្រះ​​សង្ឃ​​ខ្មែរ​​ក្រោម ដុត​​ទង់​​ជាតិ​​វៀតណាម នៅ​​ក្នុង​​បាតុកម្ម​​មុខ​ស្ថានទូត​​វៀតណាម​​ប្រចាំ​ទីក្រុង​​ភ្នំពេញ នា​ពេល​កន្លង​មក
រូបភាព​តំណាង៖ ព្រះ​​សង្ឃ​​ខ្មែរ​​ក្រោម ដុត​​ទង់​​ជាតិ​​វៀតណាម នៅ​​ក្នុង​​បាតុកម្ម​​មុខ​ស្ថានទូត​​វៀតណាម​​ប្រចាំ​ទីក្រុង​​ភ្នំពេញ នា​ពេល​កន្លង​មក RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

បញ្ហា​ជាតិ​សាសន៍​របស់​វៀតណាម និង​កម្ពុជា​ គឺ​ជា​ជម្លោះ​ប្រវត្តិ​សាស្ត្រ ​ដែល​បាន​កកើត​មាន​ឡើង​រាប់​សិប​ជំនាន់​មក​ហើយ​។ ប្រជាជាតិ​ទាំង​ពីរ បាន​កាប់​សម្លាប់​សង​សឹក​គ្នា​ទៅ​វិញ​ទៅ​មក​ ហើយ​ត​មក​ទល់​សព្វ​ថ្ងៃ ក៏​នៅ​តែ​មើល​មុខ​គ្នា​មិន​ត្រង់ ក្នុង​ចំណោម​ប្រជាជន​មួយ​ចំនួន​។

ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ ចំពោះ​អ្នក​នយោបាយ​ជាន់​ថ្មី ក៏​នៅ​តែ​បន្ត​ជីក​កកាយ​ដំបៅ​ចាស់។ ការណ៍​ដែល​អ្នក​នយោបាយ​ខ្មែរ តែង​យក​រឿង​នេះ​សម្រាប់​ឃោសនា​ គឺ​ដើម្បី​ទាក់ទាញ​ប្រជាប្រិយ​ភាព និង​ស្តែង​ឲ្យ​ឃើញ​ថា ពួក​គេ​គិត​គូរ​ស្នេហា​ជាតិ និង​ស្នេហា​ទឹក​ដី​។​
ក៏​ប៉ុន្តែ រឿង​ជាតិ​សាសន៍ និង​រឿង​ទឹក​ដី​វៀតណាម-កម្ពុជា គឺ​ជា​បញ្ហា​ដ៏​រសើប​ណាស់ ព្រោះ​វា​បង្ក​ការ​ស្អប់​ខ្ពើម​ជាតិ​សាសន៍ និង​ញុះញង់​ឲ្យ​មាន​ភាព​ចលាចល ហិង្សា​ក្នុង​សង្គម​ ហើយ​ដែល​ជានិច្ច​កាល​តែង​តែ​នាំ​ទៅ​រក​ភាព​តាន​តឹង និង​អសណ្ដាប់​ធ្នាប់​សាធារណៈ។ ចំពោះ​រដ្ឋា​ភិបាល​ខ្មែរ​, ​ការ​ប្រឡែង​លេង​ជាមួយ​នឹង​បញ្ហា​វៀតណាម​ ដើម្បី​តែ​ចំណេញ​សំឡេង​ឆ្នោត​ គឺ​ជា​កង្វះ​ការ​ទទួល​ខុស​ត្រូវ​ដ៏​សែន​គ្រោះ​ថ្នាក់។ នេះ​ជា​ខ្លឹមសារ​ជា​សារវ័ន្ត​ក្នុង​សេចក្តី​បក​ស្រាយ​បំភ្លឺ​ របស់​ក្រសួង​ការ​បរទេស កម្រាស់​ ១៧​ទំព័រ ​ ចុះ​ផ្សាយ​ពី​ម្សិល​មិញ។

សេចក្តី​ស្រាយ​បំភ្លឺ​របស់​ក្រសួង​ការ​បរទេស ក៏​បញ្ជាក់​ស​ឲ្យ​ឃើញ​ដែរ​ថា​ នៅ​ស្ទើរ​តែ​គ្រប់​ការ​ឃោសនា​បោះឆ្នោត​ តាំង​តែ​ពី​ឆ្នាំ ១៩៩៣​មក ​អ្នក​នយោបាយ​មួយ​ចំនួន​ដែល​ប្រឆាំង​រដ្ឋាភិបាល​ គឺ​តែង​តែ​ថ្លែង​សារ​រើស​អើង​ជាតិ​សាសន៍ ជា​ពិសេស​ចំពោះ​វៀតណាម​។ នៅ​ពេល​យុទ្ធនាការ​បោះ​ឆ្នោត​ឆ្នាំ​ ១៩៩៨ ​គឺ​មាន​បញ្ឆេះ​កំហឹង​រើស​អើង​ជាតិ​សាសន៍ ប្រឆាំង​វៀតណាម រហូត​វាយ​ប្រហារ​សម្លាប់​ជនជាតិ​វៀតណាម ​ ​និង​ដុត​ស្តូប​មិត្ត​ភាព​កម្ពុជា - វៀតណាម ថែម​ទៀត​។ ក្រោយ​មក ក៏​មាន​ការ​ញុះញង់ ​នាំ​ប្រជាជន​សាមញ្ញ​ទៅ​ដក​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​ ហើយ​ក៏​មាន​ផង​ដែរ នៅ​ក្រោយ​មក​ទៀត ការ​ដុ​តទង់​ជាតិ​វៀតណាម​នៅ​កណ្តាល​ក្រុង​ភ្នំពេញ​។ ចំណែក​ការ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​ ២០១៣​កន្លង​ទៅ សុន្ទរកថា​របស់​អ្នក​នយោបាយ​ខ្លះ​ដែល​ដៀម​ដាម​ពលរដ្ឋ​វៀតណាម ក៏​នៅតែ​ជាទី​ពេញ​និយម​។​

ត្រង់​ចំណុច​នេះ ចំពោះ​អ្នក​វិភាគ​នយោបាយ​មួយ​ចំនួន គិត​ថា ប្រសិន​បើ អ្នក​នយោបាយ​ខ្មែរ​ ដែល​នៅ​តែ​ប្រកាន់​គំនិត​ជាតិ​និយម​ជ្រុល រើស​អើង​ប្រកាន់​ជាតិ​សាសន៍​ទៀត​នោះ​ ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នា​ពេល​ខាង​មុខ​ និង​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​ក្រោយ ក៏​នឹង​នៅ​តែ​អាច​មាន​ការ​ឃោសនា​ ដែល​នាំ​ឲ្យ​ស្អប់​ខ្ពើម​ជាតិ​សាសន៍​ដដែល។ យ៉ាង​ណា​មិញ ​អ្នក​នយោបាយ នឹង​នៅ​តែ​យក​រឿង​នេះ ជា​ប្រធាន​បទ​សំខាន់​សម្រាប់​ការ​ឃោសនា​របស់​ខ្លួន ប្រសិន​បើ​អ្នក​គាំទ្រ​នៅ​តែ​និយម​ចង់​ស្តាប់​ និង​ប្រសិន​បើ​ពួក​គេ​នៅ​តែ​មិន​ទាន់​លាង​ជម្រះ​គំនិត​ជ្រុល​និយម​ ប្រកាន់​ជាតិ​សាសន៍​នោះ​ទេ​។​

យ៉ាង​ណា​ក៏​ដោយ ការ​ដោះ​ស្រាយ​បញ្ហា​វៀតណាម​លើ​ទឹក​ដី​ខ្មែរ ក៏​ជា​បញ្ហា​រសើប​និង​ស្មុគ​ស្មាញ​ណាស់​ដែរ។ ស្មុគ​ស្មាញ​ ក៏​ព្រោះ​ថា​វៀតណាម​ មាន​តាំង​ពី​សម័យ​អាណានិគមបារាំង សម័យ​សង្គម​រាស្ត្រ​និយម ហើយ​រឹង​រឹត​តែ​កើន​ឡើង​ថែម​ទៀត ក្រោយ​ការ​ដួល​រលំ​នៃ​របប​ខ្មែរ​ក្រហម​។​ ចូល​កុំ​ភ្លេច​ថា រដ្ឋាភិបាល​សាធារណៈ​ប្រជាមានិត​កម្ពុជា ក្រោយ​មក រដ្ឋ​កម្ពុជា ​មាន​ទំនាក់​ទំនង​ជិត​ស្និទ​ជាមួយ​រដ្ឋាភិបាល​សង្គម​និយម​​វៀតណាម។ ស្រប​ពេល​ដែល​មាន​សកលភាវូបនីយកម្ម​និង​សេរីកម្ម​សេដ្ឋកិច្ច​,​​ ការ​ធ្វើ​ដំណើរ​ចេញ​ចូល​ទៅ​មក ស្នាក់នៅ​ និង​ធ្វើ​ការងារ គឺ​ជា​រឿង​ចៀស​មិន​ផុត។​

អាស្រ័យ​ហេតុ​នេះ បើ​គ្រាន់​តែ​ការ​កំណត់​អត្តសញ្ញាណ​ និង​ជំរឿន​របាយ​ប្រជាសាស្ត្រ​ ក៏​ជា​រឿង​ស្មុគ​ស្មាញ​មួយ​ណាស់​ទៅហើយ ព្រោះ​ថា ជាតិ​សាសន៍​បាន​ចាក់​ឫស​គល់​ក្នុង​សង្គម​យ៉ាង​ជ្រៅ​ណាស់​ទៅ​ហើយ ក្នុង​សហគម​ខ្មែរ​ ហើយ​ទំនង​ជា​មាន​ក្នុង​ប្រព័ន្ធ​រដ្ឋបាល​ខ្លះ​ផង។ ​ក៏​ប៉ុន្តែ គេ​ពុំ​អាច​ចាប់​គ្រប់​មនុស្ស ឲ្យ​តែ​សម្គាល់​សង្ស័យ​ថា​ វៀតណាម ហើយ​បញ្ជូន​ទៅ​ស្រុក​ដើម​វិញ ឬ​បាញ់​សម្លាប់​ ទម្លាក់​ទឹក​ទន្លេ​ ដូច​ជំនាន់ ​លន់ នល់ បាន​នោះ​ទេ ព្រោះ​ជា​ការ​រំលោភ​សិទ្ធ​មនុស្ស និង​គោលការណ៍​មនុស្ស​ធម៌​ផង​។

ផ្ទុយ​ទៅ​វិញ បញ្ហា​ជាតិ​សាសន៍​បរទេស រស់​នៅ​លើ​ទឹក​ដី​ខ្មែរ គឺ​ជា​បញ្ហា​រួម​របស់​ជាតិ ហើយ​ដែល​ត្រូវ​តែ​ដោះ​ស្រាយ​ដោយ​មាន​យុទ្ធសាស្ត្រ​ច្បាស់​លាស់​ និង​យ៉ាង​ប្រយ័ត្ន​ប្រយែង​បំផុត​ ហើយ​វា​ត្រូវ​កើត​ចេញពី​ឆន្ទៈ​រួម​គ្នា​របស់​អ្នក​នយោបាយ​ខ្មែរ​គ្រប់​ភាគី។ ការ​មាន​ឆន្ទៈ​ដោះស្រាយ​បញ្ហា​រួមគ្នា​នេះ គឺ​មិន​គ្រាន់​តែ​ចាត់​ចែង​ពី​ពលរដ្ឋ​បរទេស​នៅ​ក្នុង​ផ្ទៃ​ប្រទេស​ឲ្យ​ស្រួល​បួល​ប៉ុណ្ណោះ​ទេ តែ​ក៏​នឹង​កាន់​តែ​រឹង​បន្តឹ​ង​តាម​ច្រក​ព្រំដែន និង​ការ​អនុវត្ត​ច្បាប់​សញ្ជាតិ​ថែមទៀត​។

ទន្ទឹម​នេះ ការ​ផ្តើម​កែ​ប្រែ​ផ្នត់​គំនិត​ពលរដ្ឋ​ខ្មែរ​ម្ចាស់​ស្រុក​ ក៏​សំខាន់​ណាស់ដែរ ក្នុង​ការ​បើកចំហ​ចិត្ត​គំនិត​ចង្អៀត​ចង្អល់​ប្រកាន់​ពូជា​សាសន៍​និយម​។ ព្រោះ​ថា ប្រទេស​ទាំង​ពីរ​ នៅ​ជិត​ខាង​របង​ជាមួយ​គ្នា និង​ក្នុង​តំបន់​អាស៊ាន​ដូច​គ្នា ដូច្នេះ​ពលរដ្ឋ​ទាំង​ពីរ គួរ​តែ​រស់​នៅ​ដោយ​មាន​របង​សន្តិភាព​ជាមួយ​គ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ