អានតួអត្ថបទ
កម្ពុជា

អភិបាល​ខេត្ត​ស្វាយរៀង​បញ្ជាក់​ថា​ រក​មិន​ឃើញ​ដី​ខ្មែរ​ត្រូវ​បាន​ជួល​ឲ្យ​វៀតណាម​នៅ​ក្នុង​ខេត្ត​នេះ​ទេ

ជា​ការ​ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​ក្រុម​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ ដែល​ថា​ការ​ជួលដី​ឲ្យ​ជនជាតិ​វៀតណាម​នៅ​ក្នុង​ខេត្ត​ស្វាយរៀង​នៅ​តែ​បន្ត​កើត​មាន​នោះ រដ្ឋបាល​ខេត្ត​នេះ​បាន​បង្កើត​គណៈកម្មការ​មួយ​ជា​បន្ទាន់ ដើម្បី​ចុះ​ទៅ​ត្រួត​ពិនិត្យ​នៅ​សង្កាត់​ប្រាសាទ ឃុំ​ចន្ទ្រា ហើយ​នៅ​ព្រឹក​នេះ​បាន​ចុះ​កាន់​ឃុំ​ទួល​ស្តី​ទៀត។ សង្កាត់​និង​ឃុំ​ទាំងបី​នេះ​ហើយ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​មាន​ការ​បន្ត​ដី​ជួល​ឲ្យ​វៀតណាម។ បើ​តាម​អភិបាល​ខេត្ត​ស្វាយ រៀង សង្កាត់​ប្រាសាទ ឃុំ​ចន្ទ្រា គឺ​គេ​រក​មិន​ឃើញ​ទាល់​តែ​សោះ​ពី​ការ​ជួល​ដី​ឲ្យ​ជនជាតិ​វៀតណាម។

ជនអន្តោប្រវេសន៍​វៀតណាម រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា
ជនអន្តោប្រវេសន៍​វៀតណាម រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ©វណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

លោក​ម៉ែន វិបុល អភិបាល​ខេត្ត​ស្វាយ​រៀង បាន​គូស​បញ្ជាក់​ថា នៅ​ក្នុង​សង្កាត់​ប្រាសាទ ក្រុង​បាវិត និង​ឃុំ​ចន្ទា្រ ស្រុក​ចន្ទ្រា ខេត្ត​ស្វាយ​រៀង គឺ​មិន​មាន​ការ​ជួលដី​ឲ្យ​ជនជាតិ​វៀតណាម​ដូច​ការ​ចោទ​ប្រកាន់​របស់​ក្រុម​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​នោះ​ឡើយ។ ផ្ទុយ​មក​វិញ គឺ​មាន​តែ​ជន​ជាតិ​ខ្មែរ​រស់នៅ​តាម​ព្រំដែន​ទេ ដែល​កំពុង​ធ្វើ​ស្រែ​នៅ​ទី​នោះ ហើយ​ក្នុង​នោះ​ទៀត​ឃុំ​ចន្ទ្រា គឺ​មាន​តែ​ពលរដ្ឋ​ខ្មែរ​បី​គ្រួសារ​ប៉ុណ្ណោះ ដែល​កំពុង​ធ្វើ​ស្រែលើ​ដី​របស់​ពួកគេ​ប្រមាណ​១០​ហិកតា។ ចំណែក​ដី​ជា​ច្រើន​ហិកតា​ផ្សេងទៀត មិន​មាន​ការ​ជួល ឫ​ក៏​ធ្វើ​ស្រែអ្វី​ទេ ព្រោះ​សុទ្ធ​តែ​មាន​ស្មៅ​ដុះ​ច្រើន។

ការ​គូស​បញ្ជាក់​របស់​លោក​អភិបាល​ខេត្ត​ស្វាយ​រៀង​នៅ​ពេល​នេះ គឺ​ធ្វើ​ឡើង​ក្រោយ​ពី​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ​មួយ​ក្រុម​កាល​ពី​ថ្ងៃ​ទី​២៣ សីហា បាន​សរសេរ​លិខិត​មួយ​ទៅ​កាន់​លោក​ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​តាម​រយៈ​ប្រធាន​រដ្ឋសភា​ដោយ​ស្នើ​សុំ​ចាត់​វិធានការ​បញ្ឈប់​ការ​ជួល​ដី​ខ្មែរ​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-វៀតណាម​នៅ​ក្នុង​ខេត្ត​ស្វាយ​រៀង​ឲ្យ​ទៅ​ជនជាតិ​វៀត​ណាម​ធ្វើ​ស្រែ។ នៅ​ក្នុង​លិខិត​ដែល​ត្រូវ​បាន​ប្រធាន​រដ្ឋសភា​បញ្ជូន​បន្ត​ទៅ​កាន់​លោក​ស ខេង កាល​ពី​ថ្ងៃ​ទី​២៥ សីហា បាន​សរសេរ​ថា សកម្មភាព​ជួល​ដីស្រែ​ទៅ​ឲ្យ​ជនជាតិ​វៀតណាម​នៅ​តាម​ព្រំដែន​កម្ពុជា-​វៀតណាម នា​ខេត្ត​ស្វាយ​រៀង នៅ​តែ​បន្ត​មាន​តាម​រូប​ភាព​ឲ្យ​ជនជាតិ​ខ្មែរ​ធ្វើ​ជា​តំណាង​ ដែល​មាន​អាជ្ញាធរ​មូលដ្ឋាន​ជួយ​បិទ​បាំង​ផង។ ក្រុម​តំណាង​រាស្រ្ត​បាន​បង្ហាញ​នៅ​ក្នុង​លិខិត​នេះ​ថា នៅ​ឃុំ​ទួលស្តី និង​ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា មាន​ការ​ជួល​ដី​ឱ្យ​ប្រជាពលរដ្ឋ​វៀតណាម ធ្វើ​ស្រែ​ចំនួន​១៩៦ហិកតា (ឃុំទួលស្តី) និង​ចំនួន​២០០​ហិកតា (ឃុំចន្ទ្រា)។ ចំណែក​នៅ​សង្កាត់​ប្រាសាទ ក្រុង​បាវិត​វិញ មាន​ចំនួន​៤០​ហិកតា។

ចំពោះ​លោក​អភិបាល​ខេត្ត​ស្វាយ​រៀង ការ​លើក​ឡើង​នេះ លោក​មិន​ដឹង​ថា ក្រុម​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​បាន​ទិន្នន័យ​ទាំង​នេះ​ពី​ណា​មក​នោះ​ទេ ហើយ​លោក​ក៏​បាន​ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​ថា​អាជ្ញាធរ​មូលដ្ឋាន​ជួយ​បិទ​បាំង​នៅ​ក្នុង​រឿង​ទាំង​នេះ​ផង​ដែរ។

គួរ​ជម្រាប​ថា កាល​ពី​ថ្ងៃ​ទី​១៦ នៅ​ក្នុង​ខែ​នេះ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​រំលឹក​ជា​ថ្មី​ដល់​មន្រ្តី​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​វៀតណាម ត្រូវ​ទប់​ស្កាត់ និង​រារាំង​កុំ​ឲ្យ​មាន​ការ​ជួល​ដី​ទៅ​ឲ្យ​ជនជាតិ​វៀតណាម​ជា​ដាច់​ខាត។ ហើយ​កាល​ពី​ចុង​ឆ្នាំ​២០១៥ កន្លង​ទៅ លោក​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ ក៏​ធ្លាប់​បាន​ចេញ​សារាចរ​មួយ​ដោយ​ណែនាំ​ឲ្យ​អភិបាល​ខេត្ត​នៅ​ជាប់​ព្រំដែន​វៀតណាម ថៃ និង​ឡាវ ឲ្យ​បញ្ឈប់​សកម្មភាព​ជួល​ដី​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ជាប់​ព្រំដែន​ទាំង​នេះ។

យ៉ាងណា​ក៏​ដោយ ការ​ជួល​ដី​ឲ្យ​ជនជាតិ​វៀតណាម គឺ​ជា​បញ្ហា​ចោទ​ជាង​គេ​សម្រាប់​កម្ពុជា។ ដូច្នេះ​ហើយ​ទើប​ ក្រុម​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ស្នើ​ឲ្យ​លោក​ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ចាត់​វិធាន​ការ​បញ្ឈប់​ការ​ជួល​ដី​ខ្មែរ​នៅ​ក្នុង​ខេត្ត​ស្វាយ​រៀង​ឲ្យ​ទៅ​ជនជាតិ​វៀតណាម។ មូលហេតុ គឺ​ដើម្បី​ការពារ​បូរណ​ភាព​ទឹកដី​កម្ពុជា​កុំ​ឲ្យ​មាន​ការ​បាត់បង់​ដោយសារ​​តែ​ការ​ជួលដី​ស្រែ​ទាំង​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ