ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 04/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 04/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 03/12 12h00 GMT
general

សហគមន៍​ការពារ​ព្រៃ​ឡង់​ចុះ​ប្រមូល​ទិន្នន័យ​បំផ្លាញ​ព្រៃ​ឈើ​ឲ្យ​រដ្ឋាភិបាល​

media  
ព្រៃឈើ​នៅក្នុង​តំបន់​សហគមន៍​ជនជាតិ​ដើមភាគ​តិច​ក្នុង​ភូមិ​ពូ​គង់ ​ឃុំស្រែ​ព្រះ​ ស្រុក​កែវសីម៉ា ខេត្ត​មណ្ឌល​គិរី​រង​ការ​កាប់​ផ្លាញ​។ @NGO Forom

នៅ​ថ្ងៃទី០១ ខែកុម្ភៈ នេះ​ក្រុម​សហគមន៍​ការពារ​ព្រៃ​ឡង់​ទាំង៤ខេត្ត បាននាំគ្នា​ចូល​ព្រៃ​ឡង់ ដើម្បី​បង្រ្កាប និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ រួមទាំង​ប្រមូល​ទិន្នន័យ​នៃ​ការបាត់បង់​ព្រៃឈើថ្មីៗនេះ ឲ្យ​រដ្ឋាភិបាល។ ការចុះ​បង្ក្រាប​នេះ ធ្វើឡើង​ក្រោយពី​រដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​គណៈកម្មកា​រ​បង្ក្រាប​បទល្មើស​ព្រៃឈើ កាលពី​ខែមករា​កន្លងទៅ ដើម្បី​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទូទាំងប្រទេស។

 

ប្រជា​សហគមន៍​ព្រៃ​ឡង់ ៤ខេត្ត គឺ​ខេត្តកំពង់ធំ ព្រះវិហារ ស្ទឹងត្រែង និង​ខេត្តក្រចេះ ដែលមាន​គ្នា​សរុប​ប្រមាណ៣០០នាក់ នឹង​ចុះ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ឡង់ ហើយ​ប្រមូល​ភស្តុតាង និង​របាយការណ៍ ឲ្យ​ទៅ​ក្រសួងបរិស្ថាន និង​ក្រសួងកសិកម្ម។ ក្រៅពីនេះ តំណាង​សហគមន៍​ការពារ​ព្រ​ឈើ ក៏​ចង់ដឹងថា តើ​ករណី​កាប់​ព្រៃឈើ​ក្នុងព្រៃ​ឡង់​មានការ​កើនឡើង ឬ​ថយចុះ។ នេះ​បើតាម​លោក​សេង សុខ​ហេង តំណាង​ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់។
 
លោក​ថា ការចុះ​ត្រួតពិនិត្យ​ធ្វើឡើង​ទាំង ៤ខេត្ត​ព្រម​គ្នា ដោយ​ខេត្ត​ខ្លះ​មាន​ប្រជា​សហ​មន៍​ការពារ​ព្រៃ​ឡង់ ពី៥០នាក់​ទៅ១០០នាក់ ចូលរួម។ សកម្មភាព​ចុះបង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​នេះ ធ្វើឡើង​ចាប់ពី​ថ្ងៃទី០១ ខែកុម្ភៈ​នេះ រហូតដល់​ថ្ងៃទី៥ ខែកុម្ភៈ។ កាលពី​ខែតុលា ឆ្នាំ២០១៥ កន្លងទៅ​បណ្តាញ​សហគមន៍​ការពារ​ព្រៃ​ឡង់​បានដាក់​របាយការណ៍រ​បស់​ខ្លួន និង​ស្នើសុំ​ឲ្យ​មានការ​អន្តរា​គម​ពី​រដ្ឋាភិបាល​លើ​បញ្ហា​ព្រៃ​ឡង់។ លោក សេង សុខ​ហេង ថា​ចំណាត់ការ​ពី​ខាង​រដ្ឋាភិបាល​មិនសូវមាន​ប្រសិទ្ធិភាព​ទេ ដោយសារតែ​ការកាប់​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​នៅតែ​កើនឡើង។ យ៉ាងណាមិញ ការសហការ​រវាង​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ និង​រដ្ឋាភិបាល​មាន​ភាពល្អប្រសើរ​ជាង​មុន។
 
សូមបញ្ជាក់ថា ព្រៃ​ឡង់ គឺជា​ព្រៃស្រោង​តំបន់​ទំនាប​ធំជាងគេ​បង្អស់​នៅ​កម្ពុជា គ្រប់​ដណ្តប់​លើ​ខេត្ត​ចំនួន។ តាមរយៈ​ការសិក្សា​ថ្មី​មួយ​របស់​អង្គការ​អភិរក្ស​អន្តរជាតិ និង​អង្គការ​វីន​រ៉ក់​អន្តរជាតិ កាលពី​ឆ្នាំ២០១៥ បាន​ឲ្យ​ដឹងថា តំបន់​ព្រៃ​ឡង់ គឺជា​ទីជម្រក​របស់​ប្រភេទ​សត្វ និង​រុក្ខជាតិ​ជិត១ពាន់​ប្រភេទ។ ព្រៃ​ឡង់ គឺជា​ប្រភព​នៃ​ជីវិត​សម្រាប់​មនុស្ស​ប្រមាណ២សែន ៥ម៉ឺន​នាក់ ដែល​រស់នៅ​ជុំវិញ​នោះ។
 
លោក តឹក វណ្ណា​រ៉ា នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ព្រៃ​ឡង់​នោះដែរ បាន​ឲ្យ​ដឹងថា កន្លងមក​រដ្ឋាភិបាល​បាន​ចាត់វិធានការ​អន្តរា​គម ក្រោយពី​មាន​ការដាក់​របាយការណ៍​ពី​ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់ ប៉ុន្តែ​ការអន្តរាគមន៍​របស់​រដ្ឋាភិបាល​មាន​ភាពយឺតយ៉ាវ។
 
អ្នកនាំពាក្យ​ក្រសួងកសិកម្ម លោក អ៊ាង សុផល្លែត បាន​បញ្ជាក់ថា ដើម្បី​បង្ក្រាប​បទល្មើស​ព្រៃឈើ មិន​ត្រឹម​តែព្រៃ​ឡង់​ទេ គឺ​រដ្ឋាភិបាល​បាន​បង្កើត គណៈកម្មការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ ក្រៅពីនេះ​ក៏មាន​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់ និង​អនុ​ក្រិ​ត្យ​លេខ១៥៦ ដើម្បី​ទប់​ស្កា​ប់​បទល្មើស​ព្រៃឈើ​ផងដែរ។ លោក​បន្តថា ការចាត់ទុក​ចំណាត់ការ​របស់​រដ្ឋាភិបាល​មិនសូវមាន​ប្រសិទ្ធិភាព គឺ​គ្រាន់តែ​ជាការ​វាយតម្លៃ​មិន​ឆ្លុះបញ្ចាំង​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​ទេ ហើយ​ពួកគាត់​គួរតែ​សហការ​ធ្វើការ​ជាមួយ​គណៈ​បញ្ជារ​ការឯកភាព​រដ្ឋ​បាល រាជធានី-ខេត្ត ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ។
 
បើតាម​តំណាង​សហគមន៍​ការពារ​ព្រៃ​ឡង់ របាយការណ៍​នៃ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​នឹងត្រូវ​ដាប់​បង្ហាញ​ជា​សាធារណៈ​ក្នុង​សប្តាហ៍​ទី២ នៃ​ខែកុម្ភៈ ឆ្នាំ២០១៦ ដំណាលគ្នា​នឹង​ការយក​របាយការណ៍​នេះ ឲ្យ​តំណាង​រដ្ឋាភិបាល។  ចំពោះ​កិច្ចការពារ​កន្លងមក ក្រុម​សហគមន៍​ព្រៃ​ឡង់ បាន​បង្ក្រាប​បទ​លើ្ម​ស​ព្រៃឈើ ដោយ​ចាប់បាន​ម៉ាស៊ីន​អារឈើ​រាប់សិប​គ្រឿង និង​ឈើ​រាប់សិប​ម៉ែត្រគូប៕  

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ