អានតួអត្ថបទ
កម្ពុជា-វៀតណាម

លោក​ហ៊ុន សែន ​ស្នើ​ឲ្យ​វៀតណាម​ចែក​រំលែក​បទ​ពិសោធន៍​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បដិវត្តន៍​ពណ៌

អនុរដ្ឋមន្រ្តី​ការពារ​ជាតិ​វៀតណាម លោក ង្វៀន ជីវិញ (Nguyen Chivinh) កំពុង​បំពេញ​ទស្សន​កិច្ច​រយៈ​ពេល​៣​ថ្ងៃ​នៅ​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី ២០ ដល់​ថ្ងៃ​ទី ២២ ធ្នូ ឆ្នាំ​២០១៧​នេះ។ នៅ​ព្រឹក​មិញ​នេះ លោក​អនុរដ្ឋមន្រ្តី​ការពារ​ជាតិ​វៀតណាម បាន​ចូល​ជួប​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដោយ​បាន​លើក​ឡើង​ពី​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំង​ពីរ។ ក្រៅ​ពី​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ស្នើ​ឲ្យ​ភាគី​វៀតណាម និង​កម្ពុជា ចែក​រំលែក​គ្នា​ទៅ​វិញ​ទៅ​មក ទាក់​ទង​នឹង​បទ​ពិសោធន៍​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ចលនា​បដិវត្តន៍​ពណ៌។

លោក ង្វៀន ជីវិញ (Nguyen Chivinh) អនុរដ្ឋមន្រ្តី​ការពារ​ជាតិ​វៀតណាម និង​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន
លោក ង្វៀន ជីវិញ (Nguyen Chivinh) អនុរដ្ឋមន្រ្តី​ការពារ​ជាតិ​វៀតណាម និង​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន @Samdech Hun Sen, Cambodian Prime Minister
ផ្សាយពាណិជ្ជកម្ម

សំណើ​នេះ បាន​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​អនុញ្ញាត​ឲ្យ​អនុរដ្ឋមន្រ្តី​ការពារ​ជាតិ​វៀតណាម លោក ង្វៀន ជីវិញ (Nguyen Chivinh) ចូល​ជួប ជា​ផ្លូវ​ការ​នៅ​ឯ​វិមាន​សន្តិភាព កាល​ពី​ព្រឹក​ថ្ងៃ​ទី ២១ ធ្នូ​នេះ។ នៅ​ក្នុង​ជំនួប​នោះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក ហ៊ុន សែន បាន​ស្នើ​សុំ​ត្រង់ៗ ឲ្យ​សមភាគី​វៀតណាម និង​ប្រមុខ​យោធា​កម្ពុជា ចែក​រំលែក​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក ទាក់​ទង​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ចលនា​បដិវត្តន៍​ពណ៌​រវាង​ប្រទេស​ទាំង​ពីរ។ ការ​ចែក​រំលែក​បទ​ពិសោធន៍​គ្នា​នេះ គ្រោង​នឹង​ធ្វើ នៅ​ក្នុង​កិច្ច​ពិភាក្សា​គ្នា​មួយ ដោយ​មាន​ការ​ចូល​រួម​ពី​រដ្ឋមន្រ្តី​ការពារ​ជាតិ​កម្ពុជា​លោក ទៀ បាញ់ នៅ​ល្ងាច​ថ្ងៃ​ទី ២១ ធ្នូ។ ក្រៅ​ពី​នេះ ភាគី​ទាំង​ពីរ ក៏​នឹង​លើក​ឡើង​ផង​ដែរ ទាក់​ទង​នឹង​ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស, កិច្ច​សហប្រតិបត្តិ​ការ​វិស័យ​យោធា, កិច្ច​សហប្រតិបត្តិ​ការ​ល្បាត​លើ​ដែន​សមុទ្រ, កិច្ច​សហប្រតិបត្តិ​ការ​លើ​ការ​ការពារ​នៅ​តាម​ព្រំដែន, ព្រម​ទាំង​ជំរុញ​នូវ​កិច្ច​សហប្របតិបត្តិ​ការ​លើ​វិស័យ​វប្បធម៌ និង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​៤ រួម​មាន កម្ពុជា ឡាវ វៀតណាម និង​ប្រទេស​ចិន។

គួរ​ជំរាប​ជូន​ថា លោក​ឧត្តមសេនីយ៍​ឯក​បម្រុង ង្វៀន ជីវិញ (Nguyen Chivinh) អនុ​រដ្ឋមន្ត្រី ក្រសួង​ការពារ​ជាតិ​វៀតណាម បច្ចុប្បន្ន​មាន​អាយុ​៦០​ផ្លាយ​ឆ្នាំ បាន​ដឹក​នាំ​គណៈប្រតិភូ​យោធា​វៀតណាម មក​បំពេញ​ទស្សន​កិច្ច​រយៈ​ពេល​៣​ថ្ងៃ​នៅ​កម្ពុជា ចាប់​តាំង​ពី​ថ្ងៃ​ទី ២០ ដល់​ថ្ងៃ​ទី ២២ ធ្នូ ដោយ​បាន​ជួប​ជាមួយ​មន្រ្តី យោធា​ជាន់​ខ្ពស់​កម្ពុជា​ជា​បន្ត​បន្ទាប់។ តាម​រយៈ​សេច​ក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារ​ជាតិ​កម្ពុជា ចុះ​ថ្ងៃ​ទី ១៩ ធ្នូ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​ឧត្តមសេនីយ៍​ឯក​វៀតណាម បាន​ចូល​រួម​ក្នុង​កិច្ច​សន្ទនា​នយោបាយ​ការពារ​ជាតិ ថ្នាក់​អនុរដ្ឋមន្រ្តី កម្ពុជា-វៀតណាម លើក​ទី​៣ ដោយ​មាន​ការ​ចូល​រួម​ពី​លោក​នាយ​ឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​កម្ពុជា។ កិច្ច​សន្ទនា​គ្នា​នោះ បាន​ធ្វើ​ឡើង​ក្នុង​គោល​បំណង ដើម្បី​ជម្រុញ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិ​ការ​ល្អ​លើ​គ្រប់​វិស័យ។

សូម​បញ្ជាក់​ដែរ​ថា ក្រោយ​ពី​កិច្ច​ពិភាក្សា​ដែល​ធ្វើ​ឡើង​នៅ​ឯ​វិមាន​សន្តិភាព​នៅ​ថ្ងៃ​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា និង​សមភាគី​វៀតណាម ក៏​បាន​ទស្សនា​រួម​គ្នា​នូវ​ខ្សែ​ភាពយន្ត​ឯកសារ​មួយ ស្តី​អំពី “ការ​រស់​ឡើង​វិញ​នៃ​កម្ពុជា​ក្រោយ​របប​វាល​ពិឃាត”។ ខ្សែ​ភាពយន្ត​ឯកសារ​នេះ គ្រោង​នឹង​ត្រូវ​ដាក់​បញ្ចាំង​នៅ​តាម​ស្ថានីយ៍​ទូរទស្សន៍​និង​ហ្វេសប៊ុក​ផ្ទាល់​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​មុន​ថ្ងៃ​ទី ៧ មករា ឆ្នាំ ២០១៨ ខាង​មុខ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ