អានតួអត្ថបទ
កម្ពុជា-ច្បាប់

​សេចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០២០​ត្រូវ​បាន​គណៈ​រដ្ឋ​មន្ត្រី​អនុម័ត​ហើយ ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​

សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០២០ ត្រូវបាន​គណៈរដ្ឋមន្ត្រី​កម្ពុជា សម្រេច​អនុម័ត​ហើយ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ។ តែ​មិន​មាន​ឃើញ​មាន​ការ​បញ្ជាក់ពីទំហំថវិកា​ជាតិសរុបដែល​រដ្ឋា​ភិបាល​កម្ពុជា​គ្រោង​ចំណាយ​នៅ​ឆ្នាំ២០២០​ខាង​មុខ​នោះទេ ប៉ុន្តែ គេ​សង្កេត​ឃើញ​ថា ខ្ទង់​ចំណាយ​ទៅ​លើ​ក្រសួង និង​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​បន្ត​កើន​ឡើង​ជាង​ឆ្នាំ​២០១៩​។ 

ប្រាក់រៀល
ប្រាក់រៀល @សហការី
ផ្សាយពាណិជ្ជកម្ម

ជាមួយនឹង​ការ​បង្កើនការ​ចំណាយ​ថវិកាជាតិនៅឆ្នាំ២០២០ ​ក្រសួង​សេដ្ឋកិច្ច​អះអាង​ថា កម្ពុជា​បាន​កំណត់​ពិដាន​នៃ​ការ​ខ្ចី​លុយ​បាន​ចំនួន​១៤០០​លាន​SDR ខណៈ​កំណើន​សេដ្ឋ​កិច្ច​នឹង​ថយ​មក​នៅ​ត្រឹម​៦,៥%​។ ជាមួយ​គ្នា​នោះ កញ្ចប់​ថវិកា​សម្រាប់​មួយ ​ឃុំ សង្កាត់ ក៏​ត្រូវ​បាន​បង្កើន​ពី ៣៥០០០ដុល្លារ​ទៅ​៧០០០០ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ផង​ដែរ​។

ដោយឡែក វិស័យ​អប់រំ គឺ​មាន​ចំណែក ២,៦៩% នៃ​ផសស ដែល​មាន​កំណើន ៨,៧% ច្រើន​ជាង​ឆ្នាំ​២០១៩ ខណៈ​វិស័យ​សុខា​ភិបាល គឺ​មាន​ចំណែក ១,៣៧% នៃ​ផសស ដែល​មាន​កំណើន ៥,៩% ច្រើន​ជាង​ឆ្នាំ​២០១៩​។ រីឯ​វិស័យ​ការពារ​ជាតិ សន្តិសុខ និង​សណ្តាប់​ធ្នាប់ គឺ​មាន​ចំណែក ៣,៩៧% នៃផសស ដែល​មាន​កំណើន ៩,៣% ច្រើន​ជាង​ឆ្នាំ​២០១៩​។

សូម​បញ្ជាក់​ថា ខ្ទង់​ថវិកា​ឆ្នាំ ២០១៩នេះ គឺ​មាន​សរុប​ចំនួន ជាង២៧លាន​លាន​រៀល (២៧ ១៦៤ ៩៩៦ លាន​រៀល ) ឬ​ប្រមាណ​ជា ៦.៧ ពាន់​​លាន​ដុល្លារ​អាមេរិក កើនឡើង ១១,៤% បើ​ប្រៀបធៀប​នឹង​ច្បាប់​ឆ្នាំ២០១៨។

ស្របពេល​កម្ពុជា​កំពុង​រង​នូវ​ការ​គំរាម​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​សហភាព​អឺរ៉ុប​ រដ្ឋាភិបាល​កម្ពុជា​ក៏បាន​ប្រកាស​ពី​ការ​ត្រៀម​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព ដើម្បី​គ្រប់គ្រង​ផលប៉ះពាល់​ដែល​កើត​ចេញ​ពី​បញ្ហា​នេះ​ផង​ដែរ​។ បើ​តាម​រដ្ឋា​ភិបាល «កម្ពុជា​ចាំ​បាច់​ត្រូវ​ត្រៀម​ខ្លួន និង​ពង្រឹង​សមត្ថ​ភាព​ផ្ទៃ​ក្នុង​ឲ្យ​បាន​ល្អ ដើម្បី​ទប់​ទល់​បញ្ហា​ប្រឈម​និង​ហានិភ័យ ទាំង​ខាង​ក្នុង និង​ខាង​ក្រៅ ព្រម​ទាំង​ត្រូវ​ធ្វើ​ការ​វះកាត់​ដោះ​ស្រាយ​បញ្ហា​ជា​រចនា​សម្ព័ន្ធ​រាំរ៉ៃ​មួយ​ចំនួន ដើម្បី​លើក​កម្ពស់​ភាព​ប្រកួត​ប្រជែង និង​ធ្វើ​ពិពិធ​កម្ម​សេដ្ឋ​កិច្ច​ឲ្យ​កាន់​តែ​ខ្លាំង​ក្លា និង​ដើម្បី​អាច​ឈរ​ដោយ​ខ្លួន​ឯង ដោយ​មិន​ចាំ​បាច់​ពឹង​ផ្អែក​ទៅ​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​ប្រទេស​ផ្សេងៗ​ទាំង​ក្នុង​ពេល​បច្ចុប្បន្ន និង​អនាគត​»។

តាម​សេចក្តី​ថ្លែង​ហេតុ ថវិកាឆ្នាំ២០២០ ក៏​បន្ដ​ផ្ដោត​លើ វិស័យ​អាទិភាព៤ គឺ មនុស្ស ផ្លូវ ភ្លើង និងទឺក ព្រម​ទាំង​កិច្ច​ការ​មួយ​ទៀត ដែល​ឆ្លើយ​តប​នឹង​តម្រូវ​ការ​អភិវឌ្ឍ​កម្ពុជា​នៅ​ក្នុង​ដំណាក់​កាល​ថ្មី គឺ​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស ការ​បន្ដ​កែ​លម្អ​ប្រព័ន្ធ​ឡូជី​ស្ទីក ការ​ពង្រឹង​ការ​ប្រកួត​ប្រជែង ការ​លើក​ស្ទួយ​វិស័យ​កសិកម្ម និង​អភិវឌ្ឍន៍​ជន​បទ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ