អានតួអត្ថបទ
កម្ពុជា-ការងារ

Walmart សង្ឃឹម​ថា​នឹង​មាន​ការ​បញ្ជា​ទិញ​ពី​កម្ពុជា​នៅ​ឆ្នាំ​ក្រោយ​ដោយ​ភ្ជាប់​លក្ខខណ្ឌ​ការងារ

ក្រុមហ៊ុន​បញ្ជា​ទិញ​ដ៏​ធំ​មួយ​របស់​សហរដ្ឋ​អាមេរិក​ឈ្មោះ Walmart បាន​ផ្ញើ​លិខិត​មួយ​មក​កាន់​រដ្ឋាភិបាល​កម្ពុជា​កាល​ពី​​ថ្ងៃ​ទី​៧​ខែ​ធ្នូ​នេះ​ ប៉ុន្តែ​ទើប​តែ​ត្រូវបាន​គេ​បញ្ចេញ​នៅ​ពេល​ថ្មីៗនេះ។​ រដ្ឋាភិបាល​កម្ពុជា ចាត់​ទុក​លិខិត​របស់​ក្រុម​ហ៊ុន​បញ្ជា​ទិញ​មួយ​នេះ​ថា​ការ​បរាជ័យ​របស់​ក្រុម​អតីត​បក្ស​ប្រឆាំង​ចំពោះ​ការ​ជំរុញ​ឲ្យ​ផ្អាក​ការ​បញ្ជា​ទិញ។ ប៉ុន្តែ​មន្រ្តី​អតីត​បក្ស​សង្រ្គោះ​ជាតិ​ អះអាង​ថា លិខិត របស់​ក្រុមហ៊ុន Walmartគឺ​ជា​ការ​ព្រមាន​រដ្ឋាភិបាល​កម្ពុជា​ច្រើន​ជាង​ការ​សរសើរ។

កម្មការ​កម្មការិនី​កាត់ដេរ​កម្ពុជា
កម្មការ​កម្មការិនី​កាត់ដេរ​កម្ពុជា ©rfi
ផ្សាយពាណិជ្ជកម្ម

អត្ថបទ​ដោយ៖ អ៊ឹង ប៊ុនថន

នៅ​ក្នុង​លិខិត​របស់​ក្រុម​ហ៊ុន​Walmart ជា​ក្រុមហ៊ុន​យក្ស​លំដាប់​ទី​២​ក្នុង​ការ​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា​នេះ បាន​គូស​បញ្ជាក់​ទាំង​បញ្ហា​វិជ្ជមាន​របស់​រដ្ឋាភិបាល​កម្ពុជា​ លាយ​ឡំ​នឹង​ការ​ជំរុញ​ឲ្យ​គោរព​នូវ​លក្ខខណ្ឌ​ការងារ​ដល់​កម្មករ។

ដោយ​សង្ឃឹម​ថា ក្រុមហ៊ុន​នេះ​នឹង​ធ្វើ​ការ​បញ្ជា​ទិញ​ទំនិញ​កាត់ដេរ​ពី​កម្ពុជា​នៅ​ឆ្នាំ​២០១៨ ខាង​មុខ​ទៀត​នោះ Walmart ​ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​សិទ្ធិ​ការងារ​របស់​កម្មករ ការ​ប្រព្រឹត្តិ​ដោយ​យុត្តិធម៌​ជាមួយ​រដ្ឋាភិបាល​អាមេរិក​និង​សង្គម​ស៊ីវិល​អាមេរិក ដោយ​ស្រប​តាម​ស្តង់​ដា​និង​និយាម​អន្តរជាតិ ដើម្បី​ការ​វិនិយោគ​យូរ​អង្វែង​ជាមួយ​ទីផ្សារ​មួយ​នេះ។​

ផ្អែក​លើ​ចំណុច​នេះ កញ្ញា កឹម មនោ​វិទ្យា កូន​ស្រី លោក កឹម សុខា បាន​ប្រាប់​វិទ្យុ​បារាំង​RFI​ថា លិខិត​របស់​ Walmart គឺ​មាន​ខ្លឹម​សារ​ព្រមាន​រដ្ឋាភិបាល​កម្ពុជា​ ឲ្យ​គោរព​តាម​អ្វី​ដែល​បាន​លើក​ឡើង​នោះ។ហើយ​ថា​បើ​សិន​ជា​រដ្ឋាភិបាល​កម្ពុជា​មិន​ធ្វើ​តាម​ទេ​គេ​នឹង​បញ្ឈប់ការ​បញ្ជា​ទិញ។

​បើ​តាម​អគ្គនាយិការរង​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​រូប​នេះ គឺ​អាច​មាន​ក្រុម​ហ៊ុន​បញ្ជា​ទិញ H&M របស់​ប្រទេស​ស៊ុយអែត និង​ក្រុម​ធំៗ​មួយ​ចំនួន​ទៀត​ក៏​នឹង​មាន​ចំណាត់​ការ​ដូច​គ្នា​នេះ​ដែរ ។

ប៉ុន្តែ​លោក ហេង សួរ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ បាន​បក​ស្រាយ​ថា អ្វី​ដែល​បាន​លើក​ឡើង​ក្នុង​លិខិត​នោះ គ្រាន់​តែ​ជា​ផ្នែក​មួយ​ក្នុង​ជំនួប​ជាង​មួយ​ម៉ោង​រវាង​តំណាង​ក្រុម​ហ៊ុន​ Walmart​ជាមួយ​រដ្ឋមន្រ្តី​ក្រសួង​ការងារ​តាំង​ពី​ថ្ងៃ​ទី​៧​ខែ​វិច្ឆិកា។​លោក​ថា​ Walmart​ បាន​សំដែង​គំនិត​សុទិដ្ឋិនិយម និង​ការ​បញ្ជា​ទិញ​ពី​កម្ពុជា​នៅ​ឆ្នាំ​២០១៨ តាម​រយៈ​ការ​គោរព​លក្ខខណ្ឌ​ការងារ។

សម្រាប់ លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា ក្រុមហ៊ុន Walmart​ នេះ​មិន​សូវ​ជា​ខ្វល់​នឹង​ការ​គោរព​សិទ្ធិ​មនុស្ស និង​លក្ខខណ្ឌ​ការងារ​ប៉ុន្មាន​ទេ។ ប៉ុន្តែ​លោក​យល់​ថា នៅ​ពេល​ដែល Walmart​ ដាក់​លិខិត​មក​ក្រសួង​ការងារ​ហើយ​សន្យា​បញ្ជា​ទិញ ដោយ​ភ្ជាប់​នឹង​​​លក្ខខណ្ឌ​ការងារ​ផង​នោះ គឺ​ជា​រឿង​មួយ​ដែល​គួរ​មាន​ការ​ចាប់​អារម្មណ៍ ពិសេស​ត្រង់​ចំណុច​មួយ​ដែល​ស្នើ​ឲ្យ​ការ​គោរព​គោល​ការណ៍​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ