អានតួអត្ថបទ
កម្ពុជា

មនុស្ស​ជាង​៧០​ម៉ឺន​នាក់​បានមក​ទស្សនា​ពិធី​បុណ្យ​អុំទូក​នៅ​ថ្ងៃទី​១ ​ក្រោម​ការ​ការ​ពារ​សន្តិ​សុខ​យ៉ាង​តឹង​រឹង​

មនុស្ស​ប្រមាណ​ជា៦០​ទៅ​៧០ម៉ឺន​នាក់​ ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា​ បាន​មក​ចូលរួម​ទស្សនា ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែត​ប្រទីប និង​អកអំបុក សំពះ​ព្រះ​ខែ នៅ​ថ្ងៃទី១​ កាលពី​ម្សិលមិញ​នេះ។ចំណែក​សភាព​ការណ៍​ស​ន្តិ​សុខ​ជាទូទៅ ត្រូវបាន​គេ​វាយតម្លៃ​ដែរ​ថា បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ក្រោម​ការការពារ​សន្តិសុខ​យ៉ាង​តឹងរឹង។ ព្រះរាជ​ពិធីបុណ្យ​អុំទូក​ដែល​កម្ពុជា​ខកខាន​រយៈ​ពេល៤លើក​មក​នោះ ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​វិញ​នៅ​ឆ្នាំនេះ ក្រោម​ព្រះរាជា​ធិបតីភាព​របស់​ព្រះមហាក្សត្រ​កម្ពុជា។

កីឡាករអុំទូកកម្ពុជា កំពុងតែចូលរួមក្នុងការប្រណាំងទូក ក្នុងថ្ងៃបុណ្យអុំទូក ឆ្នាំ ២០១៤។
កីឡាករអុំទូកកម្ពុជា កំពុងតែចូលរួមក្នុងការប្រណាំងទូក ក្នុងថ្ងៃបុណ្យអុំទូក ឆ្នាំ ២០១៤។ @RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ផ្អែក​តាម​តាម​របាយការណ៍​របស់​អគ្គស្ន​ការ​នគរបាលជាតិ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃ​ទីមួយ​នៃ​ពិធី​បុណ្យអុំទូក បណ្តែតប្រទីប និង​អកអំបុក សំពះ​ព្រះ​ខែ​នេះ មាន​អ្នកចូលរួម​ទស្សនា​ផ្ទាល់​ចន្លោះ​ពី៦០ទៅ៧០ម៉ឺន​នាក់​ប៉ុណ្ណោះ។ ចំណែក​ករណី​លួច​វិញ​មានតែ៣ករណី​ប៉ុណ្ណោះ ក្នុងនោះ​ជនសង្ស័យ​ពីរ​នាក់​ត្រូវបាន​ចាប់ខ្លួន។ ដោយឡែក​លើ​ករណី​ប្រណាំងទូក​វិញ មាន​ទូក​តែ២គ្រឿង​ប៉ុណ្ណោះ​បាន​លិច ហើយ​កីឡាករ​អុំទូក​ទាំងអស់​ត្រូវបាន​ជួយសង្គ្រោះ។

 
សូមបញ្ជាក់ថា នៅ​ថ្ងៃទី១នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក​នេះ ត្រូវបាន​គេ​វាយតម្លៃ​ដែរ​ថា បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​ក្រោម​ការការពារ​ពី​កងកម្លាំង​សន្តិសុខ​ជាង១ម៉ឺន​នាក់។ ប៉ុន្តែ​យ៉ាងណាក៏ដោយ ចំនួន​អ្នកចូលរួម​ទស្សនា​ដោយផ្ទាល់​ពិធីបុណ្យ​អុំទូក​នៅ​ឆ្នាំនេះ នៅមាន​ចំនួន​តិចតួច​នៅឡើយ បើ​ធៀប​ទៅនឹង​បណ្តាឆ្នាំមុន។

លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា​សន្និដ្ឋានថា ការថយចុះ​ចំនួន​អ្នកចូលរួម​ទស្សនា​នៅ​ថ្ងៃទី១នៃ​ពិធី​បុណ្យជាតិ​មួយ​នេះ ទំនងជា​ប្រជាពលរដ្ឋ​កម្ពុជា​មួយចំនួន​នៅតែ​រអា (ភ័យខ្លាច) ចំពោះ​ព្រឹត្តិការណ៍​រត់​ជាន់គ្នា​នៅ​កោះ​ពេជ្រ កាលពី​ឆ្នាំ២០១០ និង​ទំនងជា​ការខកខាន​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​រយៈពេល​យូ បានធ្វើ​ឲ្យ​មហាជន​ខ្មែរ​មួយចំនួន​មិន​ចាប់អារម្មណ៍។ ចំណែក​លោក អាង គឹម​អ៊ាង អតីត​ប្រធាន​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បានកត់សំគាល់​ដែរ​ថា ការខកខាន​ប្រារព្ធ​ពិធីបុណ្យ​ប្រពៃណីជាតិ​ជាច្រើនលើក បានធ្វើ​ឲ្យ​ចំនួន​អ្នក​មក​ទស្សនា​ពិធីបុណ្យ​ថយចុះ ហើយ​ចំនួន​ទូក​ដែល​ចូលរួម​ប្រណាំង​ក៏បាន​ថយចុះ​ដែរ។

សូម​បញ្ជាក់ដែរថា ព្រះរាជ​ពិធីបុណ្យ បណ្តែតប្រទីប និង​អកអំបុក សំពះ​ព្រះ​ខែ ត្រូវបាន​កម្ពុជា​ប្រារព្ធ​ធ្វើ​ឡើងវិញ បន្ទាប់ពី​ខកខាន​ចំនួន៤លើក ចាប់តាំងពី​មាន​ព្រឹត្តិការណ៍​រត់​ជាន់គ្នា​នៅ​កោះ​ពេជ្រ​កាលពី​ថ្ងៃទី ២២ វិច្ឆិកា​ឆ្នាំ២០១០មក គឺ​នៅ​ឆ្នាំ២០១១ម្តង ដោយសារ​កម្ពុជា​ជួប​គ្រោះទឹកជំនន់, ឆ្នាំ២០១២និង​ឆ្នាំ២០១៣ម្តងទៀត ដោយសារ​ប្រជាពលរដ្ឋ​កម្ពុជា​ត្រូវ​កាន់​មរណទុក្ខ​ព្រះ​បរម​រតន​កោដ្ឋ និង​ចុងក្រោយ​នៅ​ឆ្នាំ២០១៥ម្តងទៀត។ មូលហេតុ​កាលណោះ គឺ​ដោយសា​តែ​ទឹក​រ៉ា​ក់​ពេក។ សូម​បញ្ជាក់ដែរថា នៅ​ថ្ងៃទី១នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក​ឆ្នាំនេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​វាយតម្លៃ​ដែលថា បាន​ប្រព្រឹត្តិ​ទៅ​ប្រកបដោយ​បរិយាកាស​សប្បាយរីករាយ។ ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​អកអំបុក សំពះ​ព្រះ​ខែ នឹង​ប្រព្រឹត្តិ​ទៅ​រយៈពេល៣ថ្ងៃ ចាប់ពី​ថ្ងៃទី១៣-១៤-១៥ វិច្ឆិកា ឆ្នាំ២០១៦នេះ ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះមហាក្សត្រ​កម្ពុជា។ ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ មាន​ទូក​ចូលរួម​ប្រណាំង​តែ​ជាង២០០ (២៥៦) ប៉ុណ្ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ