អានតួអត្ថបទ
កម្ពុជា-សង្គម

​កម្ពុជា ត្រៀម​ខ្លួន​រៀប​ចំ​ពិធី​បុណ្យ​អុំ​ទូក បណ្តែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ​

នៅ​បាំង​តែ​ពីរ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ​ពិធី​បុណ្យ​អុំទូក បណ្តែតប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ នឹង​ឈាន​ចូល​មក​ដល់។ នៅ​ក្នុង​ឱកាស​ពិធី​បុណ្យ​ដ៏​ធំ​ខាង​មុខ​នេះ ក្រសួង​មហាផ្ទៃ ​ប្រកាស​ថា នឹង​ត្រៀម​ដាក់​កម្លាំង​ចម្រុះ​ ជាង​មួយ​ម៉ឺន​នាក់ ដើម្បី​ត្រៀម​ការពារ​សន្តិសុខ និង​សណ្តាប់​ធ្នាប់​សាធារណៈ។ ដោយ​ឡែក ក្រសួងសុខា​ភិបាល​វិញ ក៏​ត្រៀម​រថយន្ត​សង្គ្រោះ​ចំនួន​៦៨​គ្រឿង និង​តង់​សុខភាព​ចំនួន​១២​កន្លែង​ នៅក្នុងរាជធានីភ្នំពេញ។ តង់​ទាំងនេះ​នឹង​ផ្តល់​សេវា​សុខភាព​២៤​ម៉ោង លើ​២៤​ម៉ោង​។ 

ការបណ្ដែតប្រទីប ក្នុងអំឡុងពិធីបុណ្យអុំទូក។
ការបណ្ដែតប្រទីប ក្នុងអំឡុងពិធីបុណ្យអុំទូក។ @RFI
ផ្សាយពាណិជ្ជកម្ម

ក្រសួង​មហាផ្ទៃ បាន​ត្រៀម​កម្លាំង​ជា​ច្រើន​នាក់​ទាំង​ចំហរ​និង​សំងាត់ ប្រមាណ​ជាង​ ១ម៉ឺន ៣​ពាន់​នាក់ដើម្បី​ការពារ​សន្តិសុខ​សណ្តាប់​ធ្នាប់​ជូន​ដល់​ប្រជាពលរដ្ឋ នាឱកាស​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អក​អ​បុក និង​សំពះ​ព្រះ​ខែ ខណៈ​ព្រឹត្តិការណ៍​នេះ នឹង​ប្រព្រឹត្ត​ទៅ​ធំ​ជាង​ឆ្នាំ​មុន ។ នេះ​បើ​តាម​លោក នាយឧត្តម​សេនីយ៍ ទូច ណារ៉ុថ អគ្គ​ស្នង​រង​នគរបាល​ជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​អង្គរក្ស​។

អគ្គ​ស្នង​ការ​រង​នគរបាល​ជាតិ បាន​ជម្រុញ​ដល់​កង​កម្លាំង​ ត្រូវ​ការពារ​ឲ្យ​បាន​ដាច់​ខាត​នូវ​សន្តិសុខ​ និង​សណ្តាប់​ធ្នាប់​ក្នុង​ឱកាស​បុណ្យ​នេះ​ឲ្យ​បាន​ល្អ​បំផុត​ និង​ត្រូវ​ផ្តល់​ព័ត៌មាន​ផ្សេង​ៗ​ដល់​ប្រជាពល​រដ្ឋ​ ឲ្យ​បាន​ទាន់ពេល​វេលា ប្រសិន​បើ​មាន​មុខ​សញ្ញា​ណា​មួយ​មិន​ប្រក្រតី។ លោក ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ ប្រុង​ប្រយ័ត្ន​ និង​សហការ​ជាមួយ​សមត្ថកិច្ច​ដើម្បីឲ្យ​ពិធី​បុណ្យ​នេះ​ ប្រព្រឹត្តិ​ទៅ​ប្រកប​ដោយ​ភាព​សប្បាយ​រីករាយ​ និង​សណ្តាប់​ធ្នាប់​ល្អ​។

ក្រៅ​ពី​មាន​ការ​រឹត​បន្តឹង​សន្តិសុខ​ជាង​ឆ្នាំ​មុន​ៗ ក្រសួង​សុខាភិបាល​វិញ ក៏​បាន​បញ្ជាក់​ថា ក្រសួង​នឹងត្រៀម​​រថយន្ត​សង្គ្រោះ​ចំនួន​៦៨​គ្រឿង និង​តង់​សុខភាព​ចំនួន​១២​កន្លែង​។ តង់​ទាំងនេះ​នឹង​ផ្តល់​សេវា​សុខភាព​២៤​ម៉ោង​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​សុខាភិបាល នា​ថ្ងៃទី​១៥​វិច្ឆិកា​។​

តាម​ក្រសួង​សុខាភិបាល រថយន្ត​សង្គ្រោះ​ទាំង​៦៨​គ្រឿង​នោះ ត្រូវបាន​រៀបចំ និង​បែងចែក​ប្រចាំការ​ទៅតាម​ទីតាំង​ផ្សេងៗ​ពីគ្នា ដោយមាន​រថយន្ត​សង្គ្រោះ​ចំនួន​១១​គ្រឿង ត្រូវ​ប្រចាំការ​នៅ​តង់​សុខភាព​ទាំង​១២​កន្លែង​។ មាន​រថយន្ត​សង្គ្រោះ​១៤​គ្រឿង ប្រចាំការ​នៅតាម​ដងផ្លូវ​-​ដង​ទន្លេ កន្លែង​សាធារណៈ​ផ្សេងៗ និង​រថយន្ត​សង្គ្រោះ​១៣​គ្រឿង​ទៀត ប្រចាំការ​តាម​កន្លែង​ស្នាក់នៅ​របស់​ក្រុម​កីឡាករ​អុំទូក​ទាំង​១០​ខេត្ត​។

ដោយឡែក​រថយន្ត​សង្គ្រោះ​២៤​គ្រឿង​ទៀត ក្រសួង​សុខាភិបាល បានរៀបចំ និង​ប្រចាំការ​នៅ​ក្រសួង ដើម្បី​ប្រើប្រាស់​ក្នុងករណី​ចាំបាច់​បំផុត។

សូម​ជម្រាប​ជូន​ថា បុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះខែ នា​ឆ្នាំនេះ នឹង​ប្រព្រឹត្តិ​ទៅ​ចាប់​ពីថ្ងៃ​ទី២១ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា ដោយ​មាន​ទូក​សរុប​ប្រមាណ​២៩៥ទូក​ និង​កីឡាករអុំ​មាន​រហូត​ដល់​ជិតពីរ​ម៉ឺន​នាក់​ និងប្រទីប មាន​ចំនួន​១៥​ចំណុះ​ឲ្យ​ស្ថាប័ន​នានា ទូទាំង​ប្រទេស​។ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង រំពឹង​ថា ​នឹង​មាន​អ្នក​មក​ទស្សនា​ប្រ​មាណ​ជាង ​៣​ លាន​នា​ក់ ក្នុង​រយៈ​ពេល​៣​ថ្ងៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ