អានតួអត្ថបទ
កម្ពុជា-បរិស្ថាន

ការ​ចោល​សំរាម​ក្រៅ​ធុង​នៅ​តែ​កើត​មាន​ឡើង​ពេល​បុណ្យ​អុំ​ទូក

ការ​ចោល​សំរាម​ពាស​វាល​ពាស​កាល​នៅ​ក្រៅ​ធុង​សំរាម​នៅ​តែ​ជា​ទម្លាប់​មិន​ល្អ​របស់​ពលរដ្ឋ​មួយ​ចំនួន​ដែល​មក​លេង​បុណ្យ​អុំ​ទូក​នៅ​ឆ្នាំ​នេះ បើ​ទោះ​ជា​បី​អាជ្ញាធរ​បាន​អះអាង​ថា បាន​ដាក់​ធុង​សំរាម​រហូត​ដល់​២​ពាន់​ធុង​ និង​មាន​ពង្រាយ​បុគ្គលិក​សំអាត​ទីក្រុង​រាប់​រយ​នាក់​ក៏​ដោយ។ បញ្ហា​នេះ​ត្រូវ​បាន​គេ​បន្ទោស​ទៅ​លើ​ទម្លាប់​មិន​ល្អ​របស់​ប្រជាជន​មួយ​ចំនួន និង​ការ​អនុវត្ត​ច្បាប់​នៅ​មាន​កម្រិត។

រូបភាព​ចាស់៖​ ការ​ចោល​សំរាម​មិន​បាន​ត្រឹម​ត្រូវ​នៅ​តែ​កើត​មាន​នៅ​ក្នុង​ពិធី​បុណ្យ​អុំ​ទូក​
រូបភាព​ចាស់៖​ ការ​ចោល​សំរាម​មិន​បាន​ត្រឹម​ត្រូវ​នៅ​តែ​កើត​មាន​នៅ​ក្នុង​ពិធី​បុណ្យ​អុំ​ទូក​ RFI/ Siv Chana
ផ្សាយពាណិជ្ជកម្ម

អត្ថបទ​ដោយ៖​ អ៊ឹង ប៊ុនថន

ការ​ចោល​សំរាម​គ្មាន​សណ្តាប់​ធ្នាប់​ភាគ​ច្រើន​គឺ​នៅ​តាម​ច្រាំង​ទន្លេ និង​នៅលើ​សួន​ច្បារ​ដែល​សំបូរ​ទៅ​ដោយ​កញ្ចប់​ចំណី​អាហារ និង​ខិតប័ណ្ណ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​នានា។ នេះ​ជា​ការ​កត់​សំគាល់​របស់​តំណាង​ក្រុម​ហ៊ុន​ប្រមូល​សំរាម​ សិនទ្រី។

លោក ងួន ស៊ីផេង ប្រធាន​ការិយាល័យ​បោស​សំអាត​នៃ​ក្រុម​ហ៊ុន សិនទ្រី ប្រាប់​វិទ្យុ​បារាំង​RFI​ថា​ការ​ចោល​សំរាម​ក្រៅ​ធុង​ភាគ​ច្រើន​គឺ​ជា​ខិតប័ណ្ណ​ដែល​ក្រុម​ហ៊ុន​អាជីវកម្ម​នានា​ចែក​ឲ្យ​ពលរដ្ឋ ហើយ​ពួក​គេ​បោះ​ចោល​នៅ​តាម​ដង​ផ្លូវ។ មួយ​វិញ​ទៀត ការ​ដែល​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​មាន​ការ​លក់​ដូរ​ចំណី​អាហារ​នៅ​លើ​សួន​ច្បារ​លោក​ថា​ជា​ការ​លំបាក​ខ្លាំង​ក្នុង​ការ​បោស​សំអាត​សំរាម។

យ៉ាង​ណា​ក៏​ដោយ បើ​និយាយ​ជា​រួម លោក ងួន ស៊ីផែង ថា​ការ​ចោល​សំរាម ​ថ្វី​ត្បិត​នៅ​កើត​មាន​ពាស​វាល​ពាស​កាល​មែន​ប៉ុន្តែ​លោក​ថា​មាន​ភាព​ប្រសើរ​ជាង​ឆ្នាំ​មុន​បន្តិច។

សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​រៀប​ចំ​កញ្ឆេ​ចំនួន​១​ពាន់ និង​ធុង​សំរាម​ចំនួន​១​ពាន់ ព្រម​ទាំង​ដាក់​ពង្រាយ​អ្នក​បោស​សំអាត​ចំនួន​៦៧០​នាក់ និង​បង្គន់​អនាម័យ​២៧​កន្លែង សរុប​មាន​៤៧៤​បន្ទប់ ដើម្បី​ធ្វើ​យ៉ាង​ណា​ថែរក្សា​អនាម័យ និង​ការពារ​បរិស្ថាន​ស្អាត​ល្អ នៅ​ក្នុង​ឱកាស​បុណ្យ​អុំ​ទូក​នេះ។

លោក យឿង សុធារ៉ា មន្រ្តី​សង្គម​ស៊ីវិល​ម្នាក់ ដែល​បាន​ចាប់​អារម្មណ៍​ពី​បញ្ហា​សំរាម​នៅ​ពេល​បុណ្យ​អុំ​ទូក​នេះ បញ្ចេញ​យោ​បល់​ថា ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​នៅ​មាន​កម្រិត​ទាប​ជា​បញ្ហា​ចម្បង​ដែល​នាំ​ឲ្យ​មាន​ការ​ចោល​សំរាម​ពាស​វាល​ពាស​កាល​នៅ​ពេល​មាន​បុណ្យ​ទាន​ធំៗ។ លោក​បន្ថែម​ថា​ការ​អនុវត្ត​ច្បាប់​នៅ​ធូ​រលុង​ក៏​ជា​ផ្នែក​មួយ​ពលរដ្ឋ​មិន​ខ្លាច​នឹង​ការ​ចោល​សំរាម​ក្រៅ​ធុង។

សម្រាប់ លោក សន ជ័យ​ ជា​អ្នក​ឃ្លាំ​មើល​សង្គម​មួយ​រូប​ទៀត ក៏​យល់​ឃើញ​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ។

​បើ​តាម​លោក សន ជ័យ អ្នក​ដែល​ចោល​សំរាម​ក្រៅ​ធុង​នោះ មិន​មែន​តែ​ពលរដ្ឋ​មក​ពី​តាម​ខេត្ត​បណ្តាល​ចូល​មក​លេង​ទីក្រុង​នោះ​ទេ សូម្បី​តែ​អ្នក​រស់​នៅ​ភ្នំពេញ​ខ្លះ​ក៏​មាន​ទំលាប់​មិន​ល្អ​បែប​នេះ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ