ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/07 12h00 GMT

ប្រព័ន្ធ​គ្រប់​គ្រង​ទឹក​គឺ​ជា​ចំណុច​ស្លាប់​រស់​នៃ​វិស័យ​កសិកម្ម​ខ្មែរ

ប្រព័ន្ធ​គ្រប់​គ្រង​ទឹក​គឺ​ជា​ចំណុច​ស្លាប់​រស់​នៃ​វិស័យ​កសិកម្ម​ខ្មែរ
 
ប្រព័ន្ធ​​គ្រប់​​គ្រង​​ទឹក​​គឺ​​ជា​​ចំណុច​​ស្លាប់​​រស់​​នៃ​​វិស័យ​​កសិកម្ម​​ខ្មែរ © លី​ ម៉េងហួរ

​កសិកម្ម​គឺ​ជា​វិស័យ​អាទិភាព​មួយ​របស់​រដ្ឋាភិបាល​ខ្មែរ​។ ប៉ុន្តែ​វិស័យ​នេះ​ដើរ​ទៅ​មុខ​យឺត​យ៉ាវ​ណាស់ បើ​ធៀប​ទៅ​នឹង​វិស័យ​អាទិភាព​ដទៃ​ទៀត​។ នោះ​ក៏​ព្រោះ​តែ​វិស័យ​កសិកម្ម​ស្រុក​ខ្មែរ ត្រូវ​ជួប​ប្រទះ​នូវ​បញ្ហា​ប្រឈម​សំខាន់​ៗ​មួយ​ចំនួន។ ក្នុង​នោះ​កង្វះ​ប្រព័ន្ធ​គ្រប់​គ្រង​ទឹក​សម្រាប់​ស្រោច​ស្រព​ដំណាំ គឺ​ជា​បញ្ហា​ស្លាប់​រស់​សំខាន់​ជាង​គេ​ ដែល​ត្រូវ​ដោះ​ស្រាយ​ជា​ចាំ​បាច់​។

កសិកម្ម​គឺ​ជា​វិស័យ​ដែល​មាន​សារៈ​សំខាន់​មួយ ក្នុង​ការ​រួម​ចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ ក៏​ដូច​ជា​ធានា​នូវ​សន្តិសុខ​ស្បៀង​របស់​ប្រទេស​។ ខឿន​សេដ្ឋកិច្ច​ជាតិ​កម្ពុជា ពឹង​ផ្អែក​មួយ​ផ្នែក​ធំ​លើ​វិស័យ​កសិកម្ម តាម​រយៈ​ពលរដ្ឋ​ប្រមាណ​ ៨០​ភាគ​រយ​រស់​នៅ​ជនបទ ប្រកប​របរ​កសិកម្ម​សម្រាប់​ចិញ្ចឹម​ជីវិត​។ ក្នុង​ន័យ​នេះ​ហើយ​ទើប​រដ្ឋាភិបាល​កម្ពុជា ​ចាត់​ទុក​កសិកម្ម​ជា​វិស័យ​អាទិភាព ដោយ​បាន​ដាក់​បញ្ចូល​ការ​អភិវឌ្ឍ​វិស័យ​នេះ​ទៅ​ក្នុង​គោល​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​។

យ៉ាង​ណា​ក៏​ដោយ រហូត​មក​ទល់​ពេល​នេះ​គេ​សង្កេត​ឃើញ​ថា វិស័យ​កសិកម្ម​នៅ​កម្ពុជា ដើរ​ទៅ​មុខ​យឺត​យ៉ាវ​ណាស់ បើ​ធៀប​ទៅ​នឹង​វិស័យ​អាទិភាព​ដទៃ​ទៀត​។ មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​វិស័យ​កសិកម្ម​ស្រុក​ខ្មែរ មិន​អាច​ដើរ​លឿន​ទៅ​មុខ​បាន​។ ប៉ុន្តែ​ក្នុង​ចំណោម​បញ្ហា​ទាំង​នោះ កង្វះ​ប្រព័ន្ធ​គ្រប់​គ្រង​ទឹក​សម្រាប់​ស្រោច​ស្រព​ដំណាំ គឺ​ជា​បញ្ហា​ស្លាប់​រស់​សំខាន់​ជាង​គេ​នៃ​វិស័យ​កសិកម្ម​របស់​ខ្មែរ ដែល​ត្រូវ​ដោះ​ស្រាយ​ជា​ចាំ​បាច់​។

សព្វ​ថ្ងៃ​នេះ ការ​ធ្វើ​កសិកម្ម​នៅ​កម្ពុជា ពឹង​ផ្អែក​ទាំង​ស្រុង​លើ​ធម្មជាតិ​។ មាន​ន័យ​ថា ការ​ធ្វើស្រែ​ដាំ​ដំណាំ​មាន​សកម្មភាព​ច្រើន​នៅ​ខែ​វស្សា​ដែល​មាន​ភ្លៀង​។ ក្នុង​រដូវ​វស្សា ទឹក​នៅ​តាម​តំបន់​មួយ​ចំនួន​មាន​ច្រើន​លើស​តម្រូវ​ការ រហូត​ធ្វើ​ឲ្យ​ជន់​លិច​ថែម​ទៀត​។ លុះ​ដល់​ខែ​ប្រាំង ដី​ប្រែ​បែក​ក្រហែង​ព្រោះ​ខ្វះ​ទឹក​ ចំណែក​ដំណាំ​សព្វ​មុខ​ប្រែ​ជា​ក្រៀម​ស្រពោន​។ ដោយ​សារ​តែ​ខ្វះ​ទឹក កសិករ​ខ្មែរ​ភាគ​ច្រើន​ត្រូវ​បង្ខំ​ចិត្ត​ផ្អាក​ធ្វើ​កសិកម្ម ហើយ​ទុក​ដី​ឲ្យ​ទំនេរ​ចោល​ពេញ​មួយ​រដូវ​ប្រាំង​តែ​ម្ដង​។ នៅ​តំបន់​ខ្លះ​ដែល​ជួប​ប្រទះ​ភាព​រាំង​ស្ងួត​ខ្លាំង​មែន​ទែន កុំ​ថា​ឡើយ​ដល់​ទឹក​ធ្វើ​ស្រែ សូម្បី​តែ​ទឹក​សម្រាប់​បម្រើ​ដល់​ការ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ក៏​រក​មិន​បាន​ផង​។

បើ​ទោះ​បី​ជា​កម្ពុជា​នៅ​មិន​ទាន់​មាន​ប្រព័ន្ធ​គ្រប់​គ្រង​ទឹក​សម្រាប់​ស្រោច​ស្រព​ដំណាំ​ដែល​មាន​ប្រសិទ្ធភាព​ដូច្នេះ​ក្ដី គេ​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​បាន​ខិតខំ​ប្រឹង​ប្រែង​គួរ​ឲ្យ​កត់​សម្គាល់​ដែរ​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ នៅ​ក្នុង​ការ​ពង្រីក​ផ្ទៃ​ដី​ស្រោច​ស្រព​។

ជាក់​ស្ដែង ផ្ទៃ​ដី​ស្រោច​ស្រព​បាន​កើន​ឡើង​ជាង​ ៣​រយ​ពាន់​ហិកតា នៅ​ចន្លោះ​ឆ្នាំ​ ២០០៩​ដល់​ឆ្នាំ​ ២០១៣​ ធ្វើ​ឲ្យ​ផ្ទៃ​ដី​ស្រោច​ស្រព​សរុប​មាន​ចំនួន​ជិត​ ១​លាន​ហិកតា​កន្លះ ស្មើ​នឹង​ ៣០​ភាគ​រយ​នៃ​ផ្ទៃ​ដី​ដាំ​ដុះ​ទូ​ទាំង​ប្រទេស​។ ប៉ុន្តែ ក្នុង​ចំណោម​ផ្ទៃ​ដី​ស្រោច​ស្រព​ចំនួន​ ១​លាន​ហិកតា​កន្លះ​នេះ ២​ភាគ​ ៣រួច​ទៅ​ហើយ​ដែល​ជា​ផ្ទៃ​ដី​ស្រោច​ស្រព​រដូវ​វស្សា។ ចំណែក​ ១​ភាគ​ ៣​ទៀត ជា​ផ្ទៃ​ដី​ស្រោច​ស្រព​រដូវ​ប្រាំង​។

ក្រសួង​កសិកម្ម​ខ្លួន​ឯង បាន​ទទួល​ស្គាល់​ថា ប្រព័ន្ធ​ស្រោច​ស្រព​ដែល​មាន​សព្វ​ថ្ងៃ ដែល​ពុំ​បាន​គ្រប​ដណ្ដប់​លើ​ផ្ទៃ​ដី​ដាំ​ដុះ​ឲ្យ​បាន​ទូលំ​ទូលាយ​នេះ គឺ​ជា​បញ្ហា​ប្រឈម​ ដែល​ត្រូវ​ដោះ​ស្រាយ​ តាម​រយៈ​ការ​ជំរុញ​ឲ្យ​ជីក​ស្ដារ​ស្រះ ប្រឡាយ អាង​ស្តុក​ទឹក ដើម្បី​រក្សា​ទឹក​ទុក​បង្ការ​ការ​ខ្វះ​ខាត​នៅ​ចុង​រដូវ​។ ក្រៅ​ពី​នោះ ការ​រៀបចំ​ប្រព័ន្ធ​ប្រឡាយ​បង្ហូរ​ទឹក​ចូល​ទៅ​ក្នុង​ស្រែ​ដោយ​ស្វ័យ​ប្រវត្តិ ក៏​ត្រូវ​ពង្រីក​ឲ្យ​ដល់​ដី​ស្រែ​របស់​ប្រជា​កសិករ​ដែរ​។

ប៉ុន្តែ​ការងារ​នេះ មិន​មែន​ជា​រឿង​ងាយ​ស្រួល​ធ្វើ​ទេ​។ គោល​នយោបាយ​គ្រប់​គ្រង​ធនធាន​ទឹក​នៅ​កម្ពុជា ពាក់​ព័ន្ធ​នឹង​តួ​អង្គ​ជា​ច្រើន​ក្នុង​វិស័យ​សាធារណៈ វិស័យ​ឯកជន និង​សហគមន៍​មូលដ្ឋាន ដែល​បច្ចុប្បន្ន តួ​នាទី​ទាំង​នេះ​ពុំ​ទាន់​បាន​កំណត់​ច្បាស់​លាស់​នៅ​ឡើយ​។ កង្វះ​ខាត​បច្ចេកទេស​និង​ជំនាញ​គ្រប់​គ្រង​ចាំ​បាច់ ក៏​ជា​បញ្ហា​ប្រឈម​ផង​ដែរ នៅ​ក្នុង​ការ​គ្រប់​គ្រង​ធនធាន​ទឹក​នេះ​។

ក្នុង​បរិបទ​នេះ ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​ជំនាញ​គួរ​តែ​បង្កើន​ថែម​ទៀត ដើម្បី​ជួយ​អ្នក​ពាក់​ព័ន្ធ​លើ​ការងារ​គ្រប់​គ្រង​ប្រព័ន្ធ​ធារាសាស្ត្រ​នៅ​ថ្នាក់​មូលដ្ឋាន​។ អ្នក​ជំនាញ​ក៏​បាន​ណែនាំ​ឲ្យ​ពិចារណា​រៀបចំ​រចនា​សម្ព័ន្ធ​ច្បាស់​លាស់​មួយ ដើម្បី​គ្រប់​គ្រង​ធនធាន​ទឹក​និង​ធារាសាស្ត្រ​ប្រកប​ដោយ​ប្រសិទ្ធភាព​។

សរុប​មក​វិញ ​កង្វះ​ប្រព័ន្ធ​គ្រប់​គ្រង​ទឹក​ និង​ធារាសាស្ត្រ​សម្រាប់​ស្រោច​ស្រព​ដំណាំ គឺ​ជា​បញ្ហា​ស្លាប់​រស់​សំខាន់​ជាង​គេ​ ដែល​ត្រូវ​ដោះ​ស្រាយ​ជា​ចាំ​បាច់ ប្រសិន​បើ​ចង់​អភិវឌ្ឍ​វិស័យ​កសិកម្ម​។ ប្រឈម​មុខ​នឹង​ធម្មជាតិ ជា​ពិសេស​បញ្ហា​ប្រែ​ប្រួល​អាកាស​ធាតុ​សព្វ​ថ្ងៃ រដ្ឋាភិបាល​និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​តែ​ជួប​ជជែក​គ្នា​ពី​ឥឡូវ​ទៅ​ឲ្យ​ហើយ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ធនធាន​ទឹក​និង​ប្រព័ន្ធ ធារាសាស្ត្រ ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​បញ្ហា​នេះ​ក្លាយ​ជា​ជំងឺ​ធ្ងន់​ធ្ងរ​ពិបាក​ព្យាបាល​៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • បទយកការណ៍

    លោក​យន់ សុផាត ពី​ក្មេង​រស់​នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា​ក្លាយ​ជា​ម្ចាស់​ក្រុមហ៊ុន​ផលិត​ជី​កសិកម្ម

    ស្វែងយល់បន្ថែម

  • កម្ពុជា

    អង្គការ​កសិកម្ម​ស្វាគមន៍​វិធានការ​ទប់ស្កាត់​ការ​ប្រមូលទិញ​កសិផល​ក្នុង​តម្លៃ​ថោក

    ស្វែងយល់បន្ថែម

  • ភ្ញៀវប្រចាំថ្ងៃ

    បណ្ឌិត យ៉ង់ សាំងកុមារ៖ ដើម្បី​ដោះស្រាយ​​បញ្ហាកសិកម្ម ​មន្ត្រីជំនាញ​​ត្រូវចុះ​ទៅ​មូល​ដ្ឋាន ហើយ​ក្រសួងខ្លះ​គួរប្របាច់ចូល​គ្នា!

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ