ប្រព័ន្ធគ្រប់គ្រងទឹកគឺជាចំណុចស្លាប់រស់នៃវិស័យកសិកម្មខ្មែរ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:១៣
កសិកម្មគឺជាវិស័យអាទិភាពមួយរបស់រដ្ឋាភិបាលខ្មែរ។ ប៉ុន្តែវិស័យនេះដើរទៅមុខយឺតយ៉ាវណាស់ បើធៀបទៅនឹងវិស័យអាទិភាពដទៃទៀត។ នោះក៏ព្រោះតែវិស័យកសិកម្មស្រុកខ្មែរ ត្រូវជួបប្រទះនូវបញ្ហាប្រឈមសំខាន់ៗមួយចំនួន។ ក្នុងនោះកង្វះប្រព័ន្ធគ្រប់គ្រងទឹកសម្រាប់ស្រោចស្រពដំណាំ គឺជាបញ្ហាស្លាប់រស់សំខាន់ជាងគេ ដែលត្រូវដោះស្រាយជាចាំបាច់។
កសិកម្មគឺជាវិស័យដែលមានសារៈសំខាន់មួយ ក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាធានានូវសន្តិសុខស្បៀងរបស់ប្រទេស។ ខឿនសេដ្ឋកិច្ចជាតិកម្ពុជា ពឹងផ្អែកមួយផ្នែកធំលើវិស័យកសិកម្ម តាមរយៈពលរដ្ឋប្រមាណ ៨០ភាគរយរស់នៅជនបទ ប្រកបរបរកសិកម្មសម្រាប់ចិញ្ចឹមជីវិត។ ក្នុងន័យនេះហើយទើបរដ្ឋាភិបាលកម្ពុជា ចាត់ទុកកសិកម្មជាវិស័យអាទិភាព ដោយបានដាក់បញ្ចូលការអភិវឌ្ឍវិស័យនេះទៅក្នុងគោលនយោបាយយុទ្ធសាស្ត្រចតុកោណ។
យ៉ាងណាក៏ដោយ រហូតមកទល់ពេលនេះគេសង្កេតឃើញថា វិស័យកសិកម្មនៅកម្ពុជា ដើរទៅមុខយឺតយ៉ាវណាស់ បើធៀបទៅនឹងវិស័យអាទិភាពដទៃទៀត។ មានបញ្ហាប្រឈមមួយចំនួនដែលធ្វើឲ្យវិស័យកសិកម្មស្រុកខ្មែរ មិនអាចដើរលឿនទៅមុខបាន។ ប៉ុន្តែក្នុងចំណោមបញ្ហាទាំងនោះ កង្វះប្រព័ន្ធគ្រប់គ្រងទឹកសម្រាប់ស្រោចស្រពដំណាំ គឺជាបញ្ហាស្លាប់រស់សំខាន់ជាងគេនៃវិស័យកសិកម្មរបស់ខ្មែរ ដែលត្រូវដោះស្រាយជាចាំបាច់។
សព្វថ្ងៃនេះ ការធ្វើកសិកម្មនៅកម្ពុជា ពឹងផ្អែកទាំងស្រុងលើធម្មជាតិ។ មានន័យថា ការធ្វើស្រែដាំដំណាំមានសកម្មភាពច្រើននៅខែវស្សាដែលមានភ្លៀង។ ក្នុងរដូវវស្សា ទឹកនៅតាមតំបន់មួយចំនួនមានច្រើនលើសតម្រូវការ រហូតធ្វើឲ្យជន់លិចថែមទៀត។ លុះដល់ខែប្រាំង ដីប្រែបែកក្រហែងព្រោះខ្វះទឹក ចំណែកដំណាំសព្វមុខប្រែជាក្រៀមស្រពោន។ ដោយសារតែខ្វះទឹក កសិករខ្មែរភាគច្រើនត្រូវបង្ខំចិត្តផ្អាកធ្វើកសិកម្ម ហើយទុកដីឲ្យទំនេរចោលពេញមួយរដូវប្រាំងតែម្ដង។ នៅតំបន់ខ្លះដែលជួបប្រទះភាពរាំងស្ងួតខ្លាំងមែនទែន កុំថាឡើយដល់ទឹកធ្វើស្រែ សូម្បីតែទឹកសម្រាប់បម្រើដល់ការប្រើប្រាស់ប្រចាំថ្ងៃក៏រកមិនបានផង។
បើទោះបីជាកម្ពុជានៅមិនទាន់មានប្រព័ន្ធគ្រប់គ្រងទឹកសម្រាប់ស្រោចស្រពដំណាំដែលមានប្រសិទ្ធភាពដូច្នេះក្ដី គេសង្កេតឃើញថា រដ្ឋាភិបាលបានខិតខំប្រឹងប្រែងគួរឲ្យកត់សម្គាល់ដែរនាប៉ុន្មានឆ្នាំចុងក្រោយនេះ នៅក្នុងការពង្រីកផ្ទៃដីស្រោចស្រព។
ជាក់ស្ដែង ផ្ទៃដីស្រោចស្រពបានកើនឡើងជាង ៣រយពាន់ហិកតា នៅចន្លោះឆ្នាំ ២០០៩ដល់ឆ្នាំ ២០១៣ ធ្វើឲ្យផ្ទៃដីស្រោចស្រពសរុបមានចំនួនជិត ១លានហិកតាកន្លះ ស្មើនឹង ៣០ភាគរយនៃផ្ទៃដីដាំដុះទូទាំងប្រទេស។ ប៉ុន្តែ ក្នុងចំណោមផ្ទៃដីស្រោចស្រពចំនួន ១លានហិកតាកន្លះនេះ ២ភាគ ៣រួចទៅហើយដែលជាផ្ទៃដីស្រោចស្រពរដូវវស្សា។ ចំណែក ១ភាគ ៣ទៀត ជាផ្ទៃដីស្រោចស្រពរដូវប្រាំង។
ក្រសួងកសិកម្មខ្លួនឯង បានទទួលស្គាល់ថា ប្រព័ន្ធស្រោចស្រពដែលមានសព្វថ្ងៃ ដែលពុំបានគ្របដណ្ដប់លើផ្ទៃដីដាំដុះឲ្យបានទូលំទូលាយនេះ គឺជាបញ្ហាប្រឈម ដែលត្រូវដោះស្រាយ តាមរយៈការជំរុញឲ្យជីកស្ដារស្រះ ប្រឡាយ អាងស្តុកទឹក ដើម្បីរក្សាទឹកទុកបង្ការការខ្វះខាតនៅចុងរដូវ។ ក្រៅពីនោះ ការរៀបចំប្រព័ន្ធប្រឡាយបង្ហូរទឹកចូលទៅក្នុងស្រែដោយស្វ័យប្រវត្តិ ក៏ត្រូវពង្រីកឲ្យដល់ដីស្រែរបស់ប្រជាកសិករដែរ។
ប៉ុន្តែការងារនេះ មិនមែនជារឿងងាយស្រួលធ្វើទេ។ គោលនយោបាយគ្រប់គ្រងធនធានទឹកនៅកម្ពុជា ពាក់ព័ន្ធនឹងតួអង្គជាច្រើនក្នុងវិស័យសាធារណៈ វិស័យឯកជន និងសហគមន៍មូលដ្ឋាន ដែលបច្ចុប្បន្ន តួនាទីទាំងនេះពុំទាន់បានកំណត់ច្បាស់លាស់នៅឡើយ។ កង្វះខាតបច្ចេកទេសនិងជំនាញគ្រប់គ្រងចាំបាច់ ក៏ជាបញ្ហាប្រឈមផងដែរ នៅក្នុងការគ្រប់គ្រងធនធានទឹកនេះ។
ក្នុងបរិបទនេះ ការគាំទ្រផ្នែកបច្ចេកទេសជំនាញគួរតែបង្កើនថែមទៀត ដើម្បីជួយអ្នកពាក់ព័ន្ធលើការងារគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រនៅថ្នាក់មូលដ្ឋាន។ អ្នកជំនាញក៏បានណែនាំឲ្យពិចារណារៀបចំរចនាសម្ព័ន្ធច្បាស់លាស់មួយ ដើម្បីគ្រប់គ្រងធនធានទឹកនិងធារាសាស្ត្រប្រកបដោយប្រសិទ្ធភាព។
សរុបមកវិញ កង្វះប្រព័ន្ធគ្រប់គ្រងទឹក និងធារាសាស្ត្រសម្រាប់ស្រោចស្រពដំណាំ គឺជាបញ្ហាស្លាប់រស់សំខាន់ជាងគេ ដែលត្រូវដោះស្រាយជាចាំបាច់ ប្រសិនបើចង់អភិវឌ្ឍវិស័យកសិកម្ម។ ប្រឈមមុខនឹងធម្មជាតិ ជាពិសេសបញ្ហាប្រែប្រួលអាកាសធាតុសព្វថ្ងៃ រដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធគួរតែជួបជជែកគ្នាពីឥឡូវទៅឲ្យហើយ ដើម្បីដោះស្រាយបញ្ហាធនធានទឹកនិងប្រព័ន្ធ ធារាសាស្ត្រ ធ្វើយ៉ាងណាកុំឲ្យបញ្ហានេះក្លាយជាជំងឺធ្ងន់ធ្ងរពិបាកព្យាបាល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ