អត្ថបទដោយ៖ អ៊ឹង ប៊ុនថន
“យើងមិនត្រូវអនុញ្ញាតឲ្យឧក្រិដ្ឋជនកាប់បំផ្លាញព្រៃឈើនៅកម្ពុជា គំរាមកំហែង និងបាញ់សម្លាប់ អ្នកការពារសម្បត្តិធម្មជាតិកើតឡើងជាថ្មីទៀតឡើយ”។ នេះជាការលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់អង្គការសមាគមអភិរក្សសត្វព្រៃ (WCS)។
នៅក្នុងសេចក្តីថ្លែងការណ៍ចំនួន២ទំព័រនោះ អង្គការអភិរក្សសត្វព្រៃ WCS បាននិយាយថា ជារៀងរាល់ថ្ងៃ មន្រ្តីឧទ្យានុរក្ស និងក្រុមអ្នកអនុវត្តច្បាប់ បានប្រថុយជីវិតរបស់ខ្លួនដើម្បីការពារសត្វព្រៃ និងព្រៃឈើ។
សូមបញ្ជាក់ថា អ្នកការពារព្រៃឈើចំនួន៣នាក់ គឺមានមន្រ្តីក្រសួងបរិស្ថាន មន្រ្តីកងរាជអាវុធហត្ថ និងបុគ្គលិកអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ត្រូវបានគេបាញ់សម្លាប់ នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ខណៈចុះល្បាតបទល្មើសព្រៃឈើ កាលពីរសៀលថ្ងៃទី៣០ខែមករា។
ក្រោយព្រឹត្តិការណ៍នេះ មានមន្រ្តីយោធា៣នាក់ និងមន្រ្តីនគរបាលនៅប៉ុស្តិ៍អូររលែម្នាក់ ត្រូវបានឃាត់ខ្លួន ដែលពាក់ព័ន្ធនឹងការបាញ់សម្លាប់អ្នកការពារព្រៃឈើនោះ ខណៈ ឈ្មោះ ផល ពេញ ដែលជាប្រធានប៉ុស្តិ៍នគរបាលព្រំដែនច្រកអូររលែ ដែលគេចោទថាជាជនដៃដល់នោះ ក៏ត្រូវបានចាប់ខ្លួនហើយដែរនៅថ្ងៃទី២ខែកុម្ភៈនេះ។ នេះបើតាម ឧត្តមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការរងនគរបាលខេត្តមណ្ឌលគិរីដែលត្រូវបានដកស្រង់សំដីដោយបណ្តាញសារព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាល។
បើតាមមន្រ្តីអាវុធហត្ថដែលចុះស៊ើបអង្កេតលើសំណុំរឿងនេះ ជនសង្ស័យទាំងនោះ ក៏មានការជាប់ពាក់ព័ន្ធករណីដែលអនុញ្ញាតឲ្យជនជាតិវៀតណាម ចូលមកកាប់ព្រៃឈើនៅក្នុងដីកម្ពុជាផងដែរ។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី បានប្រាប់វិទ្យុបារាំងRFIនៅព្រឹកថ្ងៃសុក្រនេះថា កម្លាំងសមត្ថកិច្ច កំពុងតែធ្វើកិច្ចការនេះ ប៉ុន្តែមិនទាន់អាចសន្និដ្ឋានថា មានជនជាប់ពាក់ព័ន្ធប៉ុន្មាននាក់ទាក់ទងនឹងឃាតកម្មនេះទេ ហើយក៏មិនទាន់អាចបញ្ជាក់ថា វាកើតចេញពីមូលហេតុអ្វីឲ្យពិតប្រាកដនោះដែរ៕