ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/09 12h00 GMT
កម្ពុជា

ក្រសួង​ធនធាន​ទឹក អំពាវនាវ​ពលរដ្ឋ​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ធម្មជាតិ​ក្នុង​សប្តាហ៍​នេះ​

media  
បាតុភូតរន្ទះ @RFI

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន ចំពោះ​បាតុភូត​ធម្មជាតិ​មួយ​ចំនួន ដូចជា ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ នៅ​ពេល​មេឃ​រក​កល​ភ្លៀង​។ ការ​ប្រកាស​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ដូច្នេះ បាន​ធ្វើ​ឡើង​ខណៈ​ដែល​ក្រសួង​ធនធាន​ទឹក​មើល​ឃើញ​ថា​ប្រទេស​កម្ពុជា​ត្រូវ​រង​នូវឥទ្ធិពល​សម្ពាធ​ទាប ចាប់​ពី​ថ្ងៃ​ទី ១៥ មេសា ដល់​ថ្ងៃ​ទី ២១ ឬ ២២​មេសា​។

យោងតាម​ការ​ព្យាករណ៍ របស់​ក្រសួង​ធនធានទឹក​ និ​ងឧតុនិយម បន្ទាប់​ពីបាន​ធ្វើការ​តាម​ដាន​ និង​សង្កេតលើ​ស្ថានភាពអាកាសធាតុ បាន​បង្ហាញ​ថា ឥទ្ធិពល​របស់​សម្ពាធ​ទាប​មួយ បាន​កើតឡើង និង​កំពុង​ស្ថិតនៅលើ​ភាគខាងជើងនៃប្រទេសកម្ពុជា ចាប់ពីព្រឹក​ថ្ងៃទី ១៥មេសា។ ហើយ​ឥទ្ធិពល​នៃ​សម្ពាធ​ទាបនេះ បាន​នឹងកំពុង​បង្កឲ្យ​មាន​ភ្លៀង​ធ្លាក់ពីមធ្យម​ទៅច្រើន ក្នុង​ក្របខ័ណ្ឌស្ទើរ​ទូទាំង​ប្រទេស រយៈពេល​ពេញ​មួយសប្តាហ៍នេះ។

ក្រសួង​ធនធានទឹក តាម​រយៈសេចក្តី​ជូនដំណឹងពីការ​ព្យាករណ៍អាកាសធាតុ​របស់​ខ្លួន បាន​អំពាវនាវឲ្យ​ប្រជាពលរដ្ឋ មានការ​ប្រុងប្រយ័ត្ន ចំពោះ​បាតុភូត​ ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ នៅពេល​មេឃរក​កល​ភ្លៀង ជាពិសេស​ចំពោះ​ពលរដ្ឋ ដែល​រស់នៅ​តាម​បណ្តាខេត្ត​តំបន់ទំនាប​​កណ្តាល ភាគ​ពាយ័ព្យ។ ខេត្ត​នៅ​តំបន់ទំនាបកណ្តាល អាច​មាន​ខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី ១៥ ដល់​ថ្ងៃទី ១៧មេសា។

អ្នក​នាំ​ពាក្យក្រសួង​ធនធាន​ទឹក លោក ចាន់ យុត្ថា បាន​ឲ្យ​ដឹងថា ដើម្បីការពារខ្លួន​ពីគ្រោះថ្នាក់​ផ្សេងៗ តាមរយៈបាតុភូតធម្មជាតិនេះ ពលរដ្ឋ​ ត្រូវ​រកកន្លែងសុវត្ថិភាពជ្រកកោន​ ពេល​ឃើញ​មេឃ​រក​កលភ្លៀង។ ជាពិសេស​ កុំ​ស្ថិតនៅក្រោម​ដើមឈើ​ ពេល​អាកាសធាតុ​ប្រែប្រួល ហើយ​ត្រូវ​ប្រុងប្រយ័ត្ន​ជានិច្ច​ចំពោះការ​ប្រើប្រាស់​គ្រឿងអេឡិចត្រូនិក ដូចជាទូរស័ព្ទដៃ ទូរទស្សន៍ជាដើម។

តាម​លោក​ចាន់ យុត្ថា បាតុភូត​ធម្មជាតិ មិន​អាច​ទប់ទល់​បានទេ ប៉ុន្តែអាចការពារខ្លួនបាន។ តាម​អ្នក​នាំពាក្យ​ក្រសួងធនធានទឹកដដែល ចាប់​តាំងពី​​​ល្ងាច​ថ្ងៃ​អាទិត្យមក​ មានខេត្តមួយចំនួននៃប្រទេសកម្ពុជា បាន​ចាប់ផ្តើម មាន​ភ្លៀងធ្លាក់ជាបណ្តើរៗហើយ ដូចជានៅខេត្តបាត់ដំបង ប៉ៃលិន ត្បូងឃ្មុំ និងខេត្តឧត្តរមានជ័យជាដើម៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ