អានតួអត្ថបទ
កម្ពុជា

ក្រសួង​ធនធាន​ទឹក និង​ឧតុ​និយម ក្រើន​រំលឹក​ពលរដ្ឋ​ទៅ​លេង អង្គរ​សង្រ្កាន្ត ឲ្យ​ប្រុង​ប្រយត្ន​បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្រ្តាក់ នៅ​ថ្ងៃ​អាទិត្យ ទី​១៦ មេ​សា

ក្រសួង​ធនធាន​ទឹក និង​ឧតុ​និយម កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ជូន​ដំណឹង​ថា កម្ពុជា នឹង មាន​បាតុភូត​ភ្លៀង​កក់​ខែ អំឡុង​ពេល​​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ចាប់​ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃ​ទី​១៧ ខែ​មេសា ជា​ពិសេស​ភ្លៀង​ខ្លាំង​នៅ​ពេល​យប់​។ លោក ចាន់ យុត្ថា អ្នកនាំ​ពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​បញ្ជាក់​ថា នៅ​ខេត្ត​សៀមរាប នា​ថ្ងៃទី​១៦ មេសា ខាង​មុខ អាច​នឹង​មាន ភ្លៀង​កក់​ខែ​បន្តិច​បន្តួច តែ​អ្វី​ដែល​គួរ​ឲ្យ​បារម្ភ គឺ​បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្រ្តាក់ អាច​នឹង​​កើត​ឡើង​ព្រម​ជាមួយ​គ្នា​។ លោក ណែនាំ​ថា ប្រសិន​បើ ឃើញ​​មេឃ​រក​កល​ភ្លៀង ពពក​ខ្មៅអ៊ួ​រ​អាប់ សូម​ពលរដ្ឋ ប្រុង​ប្រយត្ន ហើយ​ត្រូវ​រត់​រក​កន្លែង​មាន​សុវត្ថិភាព​ទើប​ជា​ការ​ប្រសើរ​។​

រូបតំណាងឆ្នាំវក និងឆ្នាំរកា នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត
រូបតំណាងឆ្នាំវក និងឆ្នាំរកា នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត @Facebook
ផ្សាយពាណិជ្ជកម្ម

អ្នក​នាំ​ពាក្យ​​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក ចាន់ យុត្ថា បាន​​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ នៅ​ថ្ងៃ​សុក្រ​នេះ​ថា ថ្ងៃ​ចុង​ក្រោយ នៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ពោល​គឺ ថ្ងៃអាទិត្យ ទី​១៦ ខែ​មេសា ខាង​មុខ តំបន់​ទំនាប​កណ្តាល នៅ​ខេត្តសៀមរាប ដែល​កំពុង​រៀប​ចំ​ព្រឹត្តិ​ការណ៍​អង្គ​រ​សង្រ្កាន្ត អាច​នឹង​កើត​មាន បាតុភូត​ផ្គររន្ទះ និង​ខ្យល់​កន្រ្តាក់ ខណៈ កម្ពុជា កំពុង​រង​បាតុ​ភូត​ភ្លៀង​កក់ខែ លោក បន្ថែម​ថា ប្រសិ​ន​បើ​ឃើញ មេឃ​រក​កល​ភ្លៀង ពពក​ខ្មៅ​អ៊ួរអាប់ នៅ​ពេល​ថ្ងៃ សូម​ពលរដ្ឋ បង្កើន​ការ​ប្រុង​ប្រយត្ន ប្រញប់​រត់ រក​កន្លែង​មាន​សុវត្ថិភាព​ដូច​ជា ចូល​ជ្រក​នៅ​ក្នុង​ប្រាសាទ និង​​មិន​ត្រូវ​ឈរ​នៅ​ក្រោម​ដើម​ឈើ​ឡើយ​​។ យ៉ាងណា​ក៏ដោយ ស្ថាន​ភាព​អាកាស​ធាតុ តែង​មាន​ការ​ប្រែប្រួល​ពី មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដូច្នេះ ក្រសួង​នឹង ធ្វើ​បច្ចុប្បន្ន​ភាព ព័ត៌មាន​អាកាស​ធាតុ​រៀង​រាល់​ថ្ងៃ ហើយ​ប្រសិន​បើ​មាន អ្វី​ប្រែប្រួល​ខ្លាំង ក្រសួង និ​ង​ជូន​ដំណឹង​ជា​បន្ទាន់ ដើម្បី​រក្សា​សុវត្ថិភាព​ពលរដ្ឋ ដែល​កំពុង​ធ្វើ​ដំណើរ​កំសាន្ត​ក្នុង​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​។

បើ​តាម​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ក្នុង​អំឡុង​ពេល​​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ចាប់​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃទី​១៧ ខែ​មេសា កម្ពុជា អាច​នឹង​មាន​ភ្លៀងកក់​ខែ ពី​មធ្យម ទៅ​ច្រើន ជា​ពិសេស​នៅ​ពេល​យប់ នា​តំបន់​ខ្ពង់​រាប ចំណែក​តំបន់​ទំនាប​កណ្តាល និង​តំបន់​មាត់​សមុទ្រ អាច​នឹង​មាន​ភ្លៀង​កក់​ខែ ពី​តិច ទៅ​មធ្យម​។ បាតុភូត ភ្លៀង​កក់​ខែ​នេះ មិន​គ្រប់​ដណ្តប់​ទូទាំង​ប្រទេស​ទេ ហើយ​ខ្យល់​កន្ត្រាក់​ក៏​មិន​សូវ​កើត​មាន​ដែរ តែ​ក៏​អាច​កើត​មាន​ដោយ​កន្លែងៗ ជួន​ភ្លៀង​ពេល​ថ្ងៃ អាច​មាន​ខ្យល់​កន្ត្រាក់​ដែរ​។ ជា​ធម្មតា រដូវ​វស្សា​នៅ​កម្ពុជា តែង​ចាប់​ផ្តើម នៅ​សប្តាហ៍​ទីពីរ នៃ​ខែ​ឧសភា តែ​ក្នុង​ឆ្នាំ​២០១៧ នេះ រដូវ​វស្សា នឹង​ចាប់ផ្តើ​ម​នៅ​សប្តាហ៍​ទីមួយ ពោល​គឺ មក​លឿន​ជាង បណ្តា​ឆ្នាំ​កន្ល​ង​មក​។

អ្នក​នាំ​ពា​ក្យ​​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក ចាន់ យុត្ថា បាន​កត់​សម្គាល់​ថា ក្នុង​ឆ្នាំ​២០១៧​នេះ កម្ពុជា មាន​សីតុណ្ហភាព​អតិបរមា​មធ្យម​ ស្ថិត​ក្នុងរង្វង់ ៣៤ អង្សារសេ គឺ ល្អ​ប្រសើរ បើ​ធៀប​នឹង បណ្តា​១​០​ឆ្នាំក​ន្លង​មក ដែល​ឆ្នាំ​ខ្លះ អាច​កើន​ឡើង​ដល់ ៣៩ អង្សារសេ ឬ ៤១​អង្សារ​សេ​។

គួរ​ជម្រាប​ថា តាម​របាយការណ៍ របស់​ គណៈកម្មាធិការ​​ជាតិ​​គ្រប់គ្រ​ង​​គ្រោះ​មហន្តរាយ បាន​បង្ហាញ​​ថា កាលពី​ឆ្នាំមុន ភ្លៀង​កក់​​ខែ លាយឡំ​​នឹង​​ផ្គរ​រន្ទះ ខ្យល់​​កន្ត្រាក់ ចាប់​តាំង​​ពី​ពាក់​កណ្តាល​​ខែ​​មីនា រហូត​​ដល់​​ពាក់​​កណ្តាល​​ខែ​​មេសា ឆ្នាំ​២០១៦​ បាន​​កើត​​ឡើង ២១​លើក ក្នុង ១០​ខេត្ត ​បាន​​សម្លាប់​​ជីវិត​មនុស្ស ៦ នាក់ បង្ក​​របួស​ស្នាម ២៧នាក់ និង​ធ្វើ​ឲ្យ រលំផ្ទះ​ធ្ងន់​ធ្ងរ ១០៧​ ខ្នង​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ