អានតួអត្ថបទ
កម្ពុជា

ពលរដ្ឋ​ប៊ូឌីញ​«ស» ផ្តើម​រើ​ចេញ​ពី​លំនៅដ្ឋាន​ជា​បណ្តើរៗ

ពលរដ្ឋ​អគារ​ប៊ូឌីញ​«ស» នៅ​ថ្ងៃ​នេះ បាន​ផ្តើម​រើ​ចេញ​ពី​លំនៅដ្ឋាន​របស់​ខ្លួន​ជា​បណ្តើរៗ​ហើយ ទៅ​រស់​នៅ​លំនៅដ្ឋាន​ថ្មីៗ​រៀង​ខ្លួន ក្រោយ​យល់​ព្រម​ទទួល​សំណង​ទឹក​ប្រាក់​តម្លៃ ១៤០០ ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ ពី​ក្រុមហ៊ុន​អភិវឌ្ឍន៍​ជប៉ុន​អារ៉ាខាវ៉ា។ គិត​ត្រឹម​ម៉ោង ១១​ព្រឹក នេះ ប្រជាពលរដ្ឋ​អគារ​ប៊ូឌីញ ស ចំនួន ១០​បន្ទប់​ហើយ ដែល​បាន​មក​ទទួល​ប្រាក់​ទូទាត់​រួច​រាល់​ពី​ក្រុមហ៊ុន ។

ប្រជាពលរដ្ឋ​មក​ទទួលយកសែក​ប្រាក់​បន្ទាប់ពីចាក​ចេញ​ពី​អគារ
ប្រជាពលរដ្ឋ​មក​ទទួលយកសែក​ប្រាក់​បន្ទាប់ពីចាក​ចេញ​ពី​អគារ @facebook
ផ្សាយពាណិជ្ជកម្ម

តាម​គម្រោង​ដំបូង ក្រុមហ៊ុន​ជប៉ុន តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ រើ​ចេញ​ពី​អគារ​ប៊ូឌីញ​ស ក្នុង​ថ្ងៃ​តែ​មួយ​ដោយ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​៦ ខែ​មិថុនា រហូត​ដល់​ថ្ងៃ​ទី​៦ ខែ​កក្កដា ។ ក៏​ប៉ុន្តែ​អ្នកស្រី ឌី សុផាណា ម៉ារីណា ពលរដ្ឋ​អគារ​ប៊ូឌីញ ស បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា ក្រុមហ៊ុន​ជប៉ុន​បាន​ពន្យា​ពេល​ឲ្យ​ពលរដ្ឋ ដើម្បី​រើ​ចេញ​រហូត​ដល់​ថ្ងៃ​ទី ១៥ ខែ​កក្កដា ឯណោះ។

បន្ថែម​លើ​សំណង​ដែល​ប្រជាពលរដ្ឋ​នឹង​ត្រូវ​ទទួល​បាន​ទៅ​តាម​ទំហំ​បន្ទប់​របស់​ខ្លួន ក្រុមហ៊ុន​ជប៉ុន​អារ៉ាកាវ៉ា ក៏​នឹង​ឧបត្ថម្ភ​ទឹក​ប្រាក់ ១០០ ដុល្លារ​បន្ថែម​សម្រាប់​ការ​ដឹក​ជញ្ជូន។
លោក សៀ ភារម្យ នាយក​លេខាធិការដ្ឋាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន បាន​បញ្ជាក់​ថា ជុំវិញ​នីតិវិធី​នៃ​ការ​ប្រគល់​លុយ​ទៅ​ឲ្យ​ប្រជាពលរដ្ឋ គឺ​លុះ​ត្រា​តែ​ប្រជាពលរដ្ឋ​រើ​សម្ភារៈ​ចេញ​ពី​លំនៅដ្ឋាន​រួច​រាល់ បន្ទាប់​មក​ផ្តល់​ដំណឹង​មក​ក្រសួង​រៀបចំ​ដែនដី និង​តំណាង​ក្រុមហ៊ុន​ជប៉ុន។

គិត​ត្រឹម​ថ្ងៃ​ទី​៣០ ឧសភា ពលរដ្ឋ​រស់​នៅ​អគារ​ប៊ូឌីញ​ស សរុប ៤៦៤​បន្ទប់ ស្មើ​នឹង ៩៤% នៃ ចំនួន​សរុប ៤៩២​បន្ទប់ បាន​ចុះ​កិច្ច​សន្យា​លក់ ទិញ បន្ទប់​របស់​ខ្លួន ហើយ​ពលរដ្ឋ​ដែល​ចាក​ចេញ បាន​ព្រម​លក់​បន្ទប់​របស់​ខ្លួន ក្នុង​តម្លៃ ១៤០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ ទៅ​ឲ្យ​ក្រុមហ៊ុន​ជប៉ុន Arakawa ធ្វើ​ការ​អភិវឌ្ឍន៍ ។

សូម​បញ្ជាក់​ឡើង​វិញ​ថា អគារ​ប៊ូឌីញ ត្រូវ​បាន​កសាង​ឡើង​នៅ​ឆ្នាំ​១៩៦៣។ ជាមួយ​នឹង​អាយុកាល​ច្រើន​បែប​នេះ​ក្រសួង​ដែនដី​គ្រោង​នឹង​ធ្វើ​ការអភិវឌ្ឍ​ឡើង​វិញ​ជាមួយ​នឹង​ក្រុមហ៊ុន​ជប៉ុន Arakawa ក្នុង​តម្លៃ​៨០​លាន​ដុល្លារ​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ