អានតួអត្ថបទ
កម្ពុជា

ជំនួប​រវាង​រដ្ឋមន្ត្រី និង​ពលរដ្ឋ​រស់​នៅ​អគារ​ប៊ូឌីញស ឈាន​ដល់​ការ​ជជែក​លើ​ចំនួន​ទឹក​ប្រាក់​ជា​ថ្នូរ​នឹង​ការ​ចាក​ចេញ

គិត​រហូត​មក​ដល់​ថ្ងៃ​នេះ នៅ​មិន​ទាន់​ការ​ស្រុះ​ស្រួល​គ្នា​ណា​មួយ​លើ​ការ​អភិវឌ្ឍ​អគារ​ប៊ូឌីញ​ស នៅ​ឡើយ​ទេ​បន្ទាប់​ពី លោក​ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរ​រូបនីយកម្ម និង​សំណង់ ​បាន​ជួប​ប្រជុំ​ជា​ថ្មី​ទៀត ជា​មួយ​ប្រជាពលរដ្ឋ​ជិត ៥០០​គ្រួសារ ដែល​កំពុង​រស់​នៅ​អគារ​ប៊ូឌីញ​ស នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ។ ត្បិត​តែ​មិន​ទាន់​មាន​ការ​ស្រុះ​ស្រួល​ណា​មួយ​ក៏​ពិត​មែន ប៉ុន្តែ​ជំនួប​នេះ ឈាន​ទៅ​ដល់​ការ​ជជែក​លើ​ចំនួន​ទឹក​ប្រាក់​ជា​ថ្នូរ​ក្នុង​ការ​ចាក​ចេញ។

អាគារប៊ូឌីងដ៏ចំណាស់ ដែលស្ថិតក្នុងសភាពចាស់ទ្រុឌទ្រោមខ្លាំង។
អាគារប៊ូឌីងដ៏ចំណាស់ ដែលស្ថិតក្នុងសភាពចាស់ទ្រុឌទ្រោមខ្លាំង។ @Vann Sokunthea
ផ្សាយពាណិជ្ជកម្ម

បើ​តាម​លទ្ធផល​បឋម​នៃ​កិច្ច​ប្រជុំ ភាព​មិន​ទាន់​ចុះ​សម្រុង​គ្នា​នេះ ដោយ​សារ​ប្រជាពលរដ្ឋ​បង្កើន​ទំហំ​ទឹក​ប្រាក់​សំណង​ដែល​មាន​ស្រាប់​ចំនួន ៦​ម៉ឺន​ដុល្លារ ។ លោក​ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ បាន​គូស​បញ្ជាក់​ថា ប្រសិន​បើ​ពលរដ្ឋ​ព្រម​ទទួល​សំណង ៦​ម៉ឺន​ដុល្លារ ជា​ថ្នូរ​ការ​ចាក​ចេញ​គឺ​ពលរដ្ឋ​នឹង​រស់​នៅ​ក្នុង ​ទំហំ​ផ្ទៃក្រឡា ៤៧,៥​ម៉ែត្រ​ការ៉េ​នៃ​បន្ទប់​ស្នាក់​នៅ។

លោក ជា សុផារ៉ា បាន​ជួយ​សម្រួល​ទៀត​ថា ប្រសិន​បើ​ពលរដ្ឋ​ទទួល​យក​សំណង​ទាំង​អស់​គ្នា​ជា​ថ្នូរ​ក្នុង​ការ​ចាក​ចេញ​នោះ​គឺ​លោក​មាន​គំនិត​បញ្ចូល​លុយ​ទៅ​ក្នុង​គណនី​ធនាគារ​ប្រជា​ពលរដ្ឋ​ទាំង​អស់​តែ​ម្ដង ដោយ​មិន​ប្រគល់​ជា​លុយ​សុទ្ធ​ផ្ទាល់​ដៃ​នោះ​ទេ​ក្រែង​ប្រជាពលរដ្ឋ​យក​ទៅ​ប្រើ​ប្រាស់​ខុស​គោលដៅ។

លោក សេង ឡូត អ្នក​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់​បាន​បន្ថែម​ថា ក្នុង​ចំណោម​ពលរដ្ឋ​ជិត ៥០០​គ្រួសារ​នេះ​គឺ ៨៨​ភាគ​រយ​ហើយ​ព្រម​ទទួល​លុយ​ជា​ថ្នូរ​ក្នុង​ការ​ចាក​ចេញ ១២​ភាគ​រយ​ដែល​ស្មើ​នឹង ៥៩​គ្រួសារ​ជំទាស់​មិន​ព្រម​ចាក​ចេញ​គឺ​ទទួល​យក​ការអភិវឌ្ឍ​នៅ​នឹង​កន្លែង។ ដោយ​សារ​តែ​បញ្ហា​នេះ​ហើយ ទើប​លោក ជា សុផារ៉ា ផ្ដល់​ឱកាស​ឲ្យ​ពលរដ្ឋ​ទៅ​ជជែក​គ្នា​សិន។
 

សូម​បញ្ជាក់​ថា គិត​រហូត​មក​ដល់​ពេល​នេះ អគារ​ប៊ូឌីញ​ស មាន​ភាព​ចាស់​ទ្រុឌ​ទ្រោម​ណាស់​ទៅ​ហើយ​ដោយ​កសាង​ឡើង​តាំង​ពី​ឆ្នាំ ១៩៦៣ ។ ប្រឈម​នឹង​អាយុកាល​ច្រើន​បែប​នេះ ទើប​ក្រសួង​ដែនដី គ្រោង​នឹង​ធ្វើការ​អភិវឌ្ឍ​ឡើង​វិញ​ជាមួយ​ក្រុមហ៊ុន​ជប៉ុន​Arakawa ក្នុង​តម្លៃ​ ៨០​លាន​ដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ