ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 06/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 06/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 06/12 12h00 GMT
កម្ពុជា

ក្រសួង​ដែនដី គ្រោង​ជំរឿន​ពលរដ្ឋ​អគារ​ប៊ូឌីញ​ស ដើម្បី​ឈាន​ដល់​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង

media  
ក្រសួងដែនដី គ្រោងជំរឿនពលរដ្ឋអគារប៊ូឌីញស ដើម្បីឈានដល់ការអភិវឌ្ឍនៅនឹងកន្លែង

ប្រសិន​បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ នៅ​សប្តាហ៍​ក្រោយ ក្រុម​ការងារ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នឹង​ចុះ​ទៅ​ដល់ អគារ​ប៊ូឌីញ​ស ដើម្បី​ធ្វើ​ជំរឿន​ប្រជាពលរដ្ឋ ដែល​កំពុង​រស់នៅ​ជាក់​ស្តែង មុន​ពេល​ចាប់​ផ្តើម​ការ​សាងសង់​អគារ​ប៊ូលឌិញ​ថ្មី​ ឬអភិវឌ្ឍន៍​នៅ​នឹង​កន្លែង​។ បើ​តាម​រដ្ឋ​មន្រ្តី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ នេះ​ជា​គម្រោង​សាកល្បង​រៀបចំ​គោល​នយោបាយ​លំនៅដ្ឋាន និង​សាងសង់​លំនៅដ្ឋាន​តម្លៃ​សមរម្យ​ ដែល​លោក ជា សុផារ៉ា កាន់​កាប់​ដោយ​ផ្ទាល់ ដើម្បី​អាច​ជួយ​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​ខ្វះ​សុវត្ថិភាព​ក្នុង​អគារ​វ័យ​ចំណាស់​កណ្តាល​ទីក្រុង​នេះ។

ក្រសួង​រៀបចំ​ដែនដី កំពុង​សិក្សា និង​ចរចា​ជាមួយ​ក្រុម​ហ៊ុន​ជប៉ុន​មួយ​ លើ​គម្រោង​អភិវឌ្ឍ​អគារ​ប៊ូឌីញ​ស​នៅ​នឹង​កន្លែង ក្នុង​ទំហំ​ទឹក​ប្រាក់​វិនិយោគ ប្រមាណ ៣០​លាន​ដុល្លារ​។ ​

ទេស​រដ្ឋ​មន្រ្តី រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​ និងសំណង់​ លោក ជា សុផារ៉ា បាន​បញ្ជាក់​ ប្រាប់​វិទ្យុ​បារាំង នៅ​ថ្ងៃ​ទី​៣០ សីហា នេះ​ថា នៅ​សប្តាហ៍​ក្រោយ ក្រសួង​នឹង​ចាប់​ផ្តើម​ធ្វើ​ជំរឿន នៅ​អគារ​ប៊ូឌីញស ដើម្បី​អោយ​ដឹង​ថា មាន​ប៉ុន្មាន​គ្រួសារ​កំពុង​ស្នាក់​នៅ ជាក់​ស្តែង​ និង​គ្រួសារ​នីមួយៗ​កាន់​កាប់​ទំហំ​ប៉ុន្មាន​ម៉ែត្រ​ការ៉េ ? នេះ​ជា​ ជំហាន​មួយ​ឆ្ពោះ​ទៅ​រក​ការ​សាកល្បង​អនុវត្ត​គម្រោង​សាងសង់​លំនៅដ្ឋាន​មាន​តម្លៃ​សមរម្យ​សម្រាប់​ពលរដ្ឋ​ ក្នុង​រាជធានី​ភ្នំពេញ​។

លោក ជា សុផារ៉ា បាន​បញ្ជាក់​ថា ក្រសួង​នឹង​ស្នើ​ជម្រើស​ពីរ ជូន​ពលរដ្ឋ ក្នុង​នោះ ជម្រើស​ទីមួយ ក្រសួង​នឹង ធ្វើ​ឯកសារ​ធានា​ជាក់​លាក់ ដើម្បី​បញ្ជាក់​ពី​សិទ្ធិ​ទទួល​លំនៅដ្ឋាន​ទំហំ​ដដែល​ ក្រោយ​ពី​ត្រឡប់​មក​ពី​កន្លែង​ស្នាក់​នៅ​បណ្តោះ​អាសន្ន​វិញ។ អំឡុង​ពេល​សាងសង់​អគារ​ប៊ូឌីញ ពលរដ្ឋ​នឹង​ស្នាក់​នៅ​លើ​អគារ​មួយ មាន​ទីតាំង​ក្រោយ​មន្ទីរ​ពេទ្យ​រ៉ូយ៉ាល់រតនៈ​ ក្នុង​សង្កាត់​ទឹក​ថ្លា រាជធានី​ភ្នំពេញ ដោយ​មិន​គិត​ថ្លៃ។ ចំណែក​ ជម្រើស​ទីពីរ ក្រសួង ឬ​ក្រុម​ហ៊ុន នឹង​ទទួល​ទិញ លំនៅដ្ឋាន​ណា ដែល​ពលរដ្ឋ​មាន​បំណង​លក់។

រដ្ឋមន្រ្តី​ក្រសួង​ដែនដី បាន​បន្ថែម​ថា ក្រុមហ៊ុន​ឯកជន​ ទទួល​ខុស​ត្រូវ​សាងសង់​អគារ​ប៊ូឌីញ​ឡើង​វិញ និង​រៀបចំ​ទីក​ន្លែង​ស្នាក់​នៅ​បណ្តោះ​អាសន្ន​ក្នុង​ទីក្រុង​ភ្នំពេញ​ ដោយ​មិន​គិត​ថ្លៃ​ជូន​ពលរដ្ឋ ​ ខណៈ​ក្រសួង នឹង​សហការណ៍​ជាមួយ អង្គការ​ក្រៅ​រដ្ឋាភិបាល ដូចជា UN Habitat ដើម្បី​សម្រប​សម្រួល​ជាមួយ​ពលរដ្ឋ មុន​ពេល​ដំណើរ​គម្រោង​សាងសង់​រយៈ​ពេល​យូរ ដែល​មាន​ក្រុមហ៊ុន​ជា​ច្រើន កំពុង​ចាប់​អារម្មណ៍​ដេញ​ថ្លៃ​នេះ។

នាយក​លេខាធិការដ្ឋាន​ អង្គការ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀរ ភារម្យ បាន​សាទរ​ចំពោះ​គម្រោង​អភិវឌ្ឍន៍​នេះ តែ​លោក​បារម្ភ​ថា ត្រឹម​កេរ្តិ៍​ឈ្មោះ​លោក ជា សុផារ៉ា មានសន្តាន​ចិត្ត ចង់​ជួយ​ពលរដ្ឋ​ នៅ​តែ​ពិបាក​អោយ​ពលរដ្ឋ​ទុក​ចិត្ត ដោយសារ​កន្លង​មក​មន្រ្តី​រដ្ឋាភិបាល​ខ្លះ ធ្លាប់​សាង​គំរូ​អាក្រក់​ និង​ធ្វើ​បាប​ពលរដ្ឋ​ក្រោម​លេស​អភិវឌ្ឍន៍។ លោក​បាន​បន្ថែម​ថា ពលរដ្ឋ​ត្រូវ​ការ​កិច្ច​ធានា​អះអាង​ពី​ក្រុមហ៊ុន​ជប៉ុន ឬ​អាមេរិក ឬ​អង្គការ អន្តរជាតិ ដែល​អះអាង​ថា ពលរដ្ឋ​អាច​វិល​ត្រឡប់​មក​វិញ ក្រោយ​បញ្ចប់​ការ​សាងសង់​ ហើយ​វា​អាច​ត្រូវ​ការ ពេល​វេលា​ច្រើន​ដើម្បី​ស្តារ​ជំនឿ​ចិត្ត​លើ​រដ្ឋាភិបាល​ឡើង​វិញ៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ