ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/09 12h00 GMT
កម្ពុជា

អគារ​ប៊ូ​ឌីញ“ស”៖ ក្រសួង​ដែន​ដី​កំណត់​តម្លៃ ១,៤០០​ដុល្លារ​/ម៉ែត្រ​ការ៉េ ខណៈ​ពល​រដ្ឋ​ខ្លះ​មិន​ព្រម

media  
លោកជា សុផារ៉ា នៅ​ក្នុង​ឳកាស​កិច្ច​ប្រជុំ​ពិភាក្សា​ស្តីពី​ការ​អភិវឌ្ឍ​អគារ​ប៊ូ​ឌីញ“ស” ថ្ងៃទី១២ ​ឧសភា RFI

លោក​ជា សុផារ៉ា​រដ្ឋ​មន្ត្រី​ក្រសួង​ដែន​ដី បាន​លើក​ឡើង​ថា​ប្រជា​ពលរដ្ឋ ដែល​រស់​នៅ​ក្នុង​អគារ​ប៊ូឌីញ“ស”​បានយល់​ព្រម​ទទួល​យក​ប្រាក់​ ១,៤០០ដុល្លារ/ម៉ែត្រ​ការ៉េ ជា​ថ្នូរ​នឹង​ការ​ចាក​ចេញ​ពី​អគារ​នេះ ដើម្បី​ឲ្យ​ក្រុម​ហ៊ុន​ជប៉ុន​អភិវឌ្ឍ​។ ប៉ុន្តែ​ប្រ​ជា​ពលរដ្ឋ​មួយ​ចំនួន​មិន​ពេញ​ចិត្ត​នឹង​ការ​ដាក់​តម្លៃ​អគារ​ ប៊ូឌីញ​បែប​នេះ​ទេ ដោយ​ពួកគាត់​ខ្លះ​លើក​ឡើង​ថា​គាត់​ចង់​បាន​ច្រើន​ជាង​នេះ​។

រដ្ឋ​មន្ត្រី​ក្រសួង​ដែន​ លោក​ជា សុផារ៉ា នៅ​ក្នុង​ឳកាស​កិច្ច​ប្រជុំ​ពិភាក្សា​ស្តីពី​ការ​អភិវឌ្ឍ​អគារ​ប៊ូ​ឌីញ​“ស”​ ថ្ងៃទី១២ ឧសភា បាន​បញ្ជាក់​ថា​ក្រសួង​បាន​កំណត់​តម្លៃ​អគារ​ប៊ូឌីញ ​១ពាន់​៤រយ​ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​ ហើយ​លោក​បាន​ស្នើ​សុំ​ឲ្យ​ប្រជា​ពល​រដ្ឋ​ទទួល​យក​តម្លៃ ដែល​បាន​កំណត់​ខាង​លើ​នេះ។ លោក​បន្ថែម​ថាតម្លៃ​នេះ គឺ​លើស​ពី​តម្លៃ​ទីផ្សារ​បច្ចុប្បន្ន បើ​ប្រៀប​ធៀប​នឹង​តំបន់​ក្បែរ​អគារ​ប៊ូឌីញ​នេះ។
 
លោក​ជា សុផារ៉ា បាន​ឲ្យ​ដឹង​ទៀត​ថា ប្រជា​ពលរដ្ឋ​ទាំង​អស់ ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​បាន​សម្តែង​ការសប្បាយ​ចិត្ត ក្រោយ​ពី​ការ​ដាក់​ចេញ​នូវ​តម្លៃ​ខាង​លើ ជា​ថ្នូរ​នឹង​ការ​ចាក​ចេញ​ពី​អគារ​ប៊ូឌីញ ​ដើម្បី​ឲ្យ​ក្រុម​ហ៊ុនជប៉ុន Arakawa ធ្វើ​ការ​វិនិ​យោគ។
 
បើ​តាម​លោក​ជា សុផារ៉ា អ្នក​យល់​ព្រម​តាម​ការ​កំណត់​នេះ អាច​មក​បំពេញ​បែប​បទ​ ដើម្បី​ទទួល​ប្រាក់​បាន និង​ផ្តើម​រើ​ចេញ​ពី​អគារ​ចាប់​ពី​ថ្ងៃទី​៦ ខែ​មថុនា រហូត​ដល់​ថ្ងៃ​ទី​៦ ខែ​កក្កដា ខាង​មុខ​នេះ​ ដោយ​ក្រសួង​នឹងឧបត្ថម​១០០​ដុល្លារ​បន្ថែម​លើ​ថ្លៃ​ដឹក​ជញ្ជូន​។
 
បច្ចុប្បន​នេះ​អគារ​ប៊ូឌីញ “ស” មាន​ប្រជា​ពលរដ្ឋ​ប្រមាណ​៤៩៣​គ្រួសារ​កំពុង​រស់​នៅ​។ ប្រជា​ពលរដ្ឋ​ដែល​បានចូល​រួម​នៅ​ក្នុង​កិច្ច​ប្រជុំ​នៅ​ទីស្តី​ការ​ក្រសួង​ដែន​ដី​ភាគ​ច្រើន​បាន​បង្ហាញ​ការ​យល់​ស្រប​ចំពោះ​តម្លៃ​ដែល​បានកំណត់​នៅ​ពេល​នេះ​។
 
លោក​ស្រី​ពុយ ស៊ី​បុប្ផា ដែល​រស់​នៅ​ក្នុង​អគារ​នេះ​ចាប់​តាំង​ពី​ឆ្នាំ​១៩៨០​មក លើ​ទំហំ​អគារ​៧៥​ម៉ែត្រការ៉េ​ បាន​លើក​ឡើង​ថា​លោក​ស្រី​យល់​ស្រប​ជា​មួយ​តម្លៃ​អគារ ដែល​ក្រសួង​បាន​កំនត់​នៅ​ពេល​នេះ​។ ប៉ុន្តែ​លោក​ស្រី​ក៏បាន​បង្ហាញ​ការ​យល់​ឃើញ​ថា​អ្នក​ដែល​មាន​ទំហំ​អគារ​តូច​ជាង​លោក​ស្រី គឺ​ពួក​គាត់​តែង​ចង់​បាន​តម្លៃ​ខ្ពស់​។​
 
អ្នក​រស់​នៅ​ក្នុង​អគារប៊ូឌីញ​ម្នាក់​ទៀត គឺ​លោក​ស្រី​ទូច រស្មី​បាន​លើក​ឡើង​ថា លោក​ស្រី​មិន​ពេញ​ចិត្ត​នឹង​ការ​កំណត់​របស់​ក្រសួង​នៅ​ពេល​នេះ​ទេ ដោយ​សារ​តែ​ប្រាក់​បាន​មក​ពី​ការ​ដោះ​ដូរ​នោះ​ មិន​អាច​យក​ទៅ​ទិញ​ផ្ទះ ឬ​កន្លែង​ស្នាក់​នៅ​ផ្សេង​ទៀត​បាន​ទេ​ក្នុង​រាជធានី​ភ្នំពេញ។ លោក​ស្រី​បញ្ជាក់​ថា លោក​ស្រី​ចង់​បាន​តម្លៃ២,២០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​។   
 
ចំពោះ​អ្នក​មិន​ទាន់​យល់​ស្រប​នឹង​ការ​ដាក់​តម្លៃ​នេះ លោក​រដ្ឋ​មន្ត្រី​ក្រសួង​ដែន​ដី​បញ្ជាក់​ថា​ពួក​គាត់​ដែល​មិនទាន់​យល់​ព្រម​នេះ គឺ​គាត់​គ្រាន់​តែ​និយាយ​ទេ តែ​យ៉ាង​ណា​ក៏​ដោយ​ពលរដ្ឋ​ភាគ​ច្រើន​គឺ​បាន​ឯក​ភាព​ហើយ​។
 
គិត​រហូត​មក​ដល់​ពេល​នេះ អគារ​ប៊ូឌីញ មាន​ភាព​ចាស់​ទ្រុឌ​ទ្រោម​ណាស់​ទៅ​ហើយ​ដោយ​កសាង​ឡើង​តាំង​ពីឆ្នាំ​១៩៦៣។ ប្រឈម​នឹង​អាយុ​កាល​ច្រើន​បែប​នេះ ទើប​ក្រសួង​ដែន​ដី​គ្រោង​នឹង​ធ្វើ​ការ​អភិវឌ្ឍ​ឡើង​វិញជា​មួយ​នឹង​ក្រុម​ហ៊ុន​ជប៉ុន​ Arakawa ក្នុង​តម្លៃ​៨០លាន​ដុល្លារ​អាមេរិក​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ