អានតួអត្ថបទ
កម្ពុជា

ករណី​ពុល​ស្រា​ស្លាប់​មនុស្ស​នៅ​ខេត្តកំពង់ឆ្នាំង​ទាញ​សញ្ញា​អាសន្ន ពី​សុ​វត្តិភាព​ចំណីអាហារ​នៅ​កម្ពុជា

មាន​មនុស្ស ១៣នាក់​បាន​ស្លាប់ ក្នុង​ចំណោម​មនុស្ស ៦២នាក់ បាន​ពុល​ស្រាស នៅ​ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង។ នេះ​ជា​ករណី​ថ្មី​មួយទៀត​នៃ​ការពុល​ស្រាស ដែល​តែង​តែ​កើត​ឡើងជា​ញឹកញាប់​នា​រយៈពេល​ពេល​ពីរ​បី​ឆ្នាំ​កន្លងមកនេះ។ មិន​ត្រឹមតែ​ករណី​ពុល​ស្រាស​នេះ​ទេ មាន​ករណី​ផ្សេងទៀត​ដូចជា ពុល​ផ្អកត្រីប្រៃ ពុល​នំ​កញ្ចប់ ទឹកក្រូច ជាដើម។ បញ្ហា​នេះ​ជា​សញ្ញា​បញ្ជាក់​ប្រាប់ថា សុវត្តិភាព​ចំណីអាហារ និង​សុខភាព​សាធារណៈ​ជា​បញ្ហា​ដែល​ត្រូវ​ពិនិត្យមើល​ឡើងវិញ​ជាបន្ទាន់។

ករណីពុលស្រាស្លាប់មនុស្សនៅខេត្តកំពង់ឆ្នាំងទាញសញ្ញាអាសន្ន ពីសុវត្តិភាពចំណីអាហារនៅកម្ពុជា
ករណីពុលស្រាស្លាប់មនុស្សនៅខេត្តកំពង់ឆ្នាំងទាញសញ្ញាអាសន្ន ពីសុវត្តិភាពចំណីអាហារនៅកម្ពុជា ©វណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

នេះ​មិនមែន​ជា​លើក​ទី១ ហើយក៏​មិនមែនជា​រឿង​ថ្មី​ដែរ មាន​ករណី​ទាំង​អស់​នេះ​កើត​ឡើង។មាន​ហេតុផល​មួយ​ចំនួន​ ដែល​គេ​អាច​លើក​យក​មក​ពន្យល់​បាន។ ដួច​ជា​ចំណី​អាហារ​ខ្វះ​សុវត្ថិភាព និង​គុណភាព មានន័យថា ចំណីអាហារ​គ្រប់​ប្រភេទ​ ដែល​យើង​បរិភោគ​មិនដឹង​ជា​បង្កប់​ដោយសារ​ធាតុគីមី​ពុល​អ្វីខ្លះ​ទេ? ចំណី​អាហារ​ខ្លះ​ទៀត​ខូច​គុណភាព និង​ខ្វះ​អនាម័យ។

ជាក់​ស្តែង ក្រៅ​ពី​ពុល​ស្រាស ស្លាប់​មនុស្ស ១៣​នាក់ នៅ​ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃទី ៧ធ្នូ, ថ្ងៃ​ម្សិលមិញ​ក៏មាន​ដែរ ករណី​ពុល​ផ្អក​កូន​ត្រី​ប្រៃ នៅ​ខេត្តសៀមរាប ដែល​បណ្ដាល​ឲ្យ ពលរដ្ឋ ៣០​នាក់​ និង​ព្រះសង្ឃ​ ៦អង្គ មាន​អាការៈ​ក្អួតចង្អោរ​ធ្ងន់ធ្ងរ​ ហើយ​បាន​បញ្ជូន​ទៅ​ជួយ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​សៀមរាប។

ដោយឡែក កាលពី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ សិស្សានុសិស្សតូចៗ នៃ​សាលាបឋមសិក្សា​តា​តៃ ស្រុក​ត្រាំកក់ ខេត្តតាកែវ ប្រមាណ ៨០នាក់ មាន​អាការៈ​ពុល ក្អួតចង្អោរ រហូត​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ បន្ទាប់ពី​មាន​វិទ្យាស្ថាន​មួយ​បាន​ទៅ​ចែក​ម្ហូបអាហារ ដូចជា​បាយ​ឆា​កញ្ចប់ សាច់ក្រក និង​ទឹកដោះគោ​នៅ​ទីនោះ។

ករណី​ពុល​ស្រាស​ក្នុង​ខេត្តកំពង់ឆ្នាំង ករណី​ពុល​ផ្អកត្រីប្រៃ និង នំ​កញ្ជប់ ទឹកក្រូច ដែល​ធ្វើ​ឲ្យ​មនុស្ស​ឈឺ និង​ស្លាប់​បន្តបន្ទាប់​សុទ្ធសឹង​ជា​ឧទាហរណ៍​ជាក់ស្តែង​នៃ​កង្វះ​សុវត្ថិភាព​ចំណី​អាហារ។ បើទោះបីជា​ពេលខ្លះ​ផលវិបាក​មិនបាន​បង្ហាញភ្លាមៗ ប៉ុន្តែ ករណី​ខាងលើ​ដែល​កំពុង​កើតឡើង​នៅពេលនេះ​ជា​សញ្ញា​បញ្ជាក់ថា សុ​វត្តិភាព​ចំណីអាហារ និង សុខភាព​របស់​មនុស្ស​ទូទៅ​កំពុង​ចុះ​ទន់ខ្សោយ​គួរ​ឲ្យ​ព្រួយបារម្ភ ។

ប្រឈមមុខ​នឹង​បញ្ហា​នេះ អាជ្ញាធរ​សុខាភិបាល និង​សមត្ថកិច្ច​ផ្សេងទៀត​ ដែលមាន​តួនាទី​ត្រួត​ពិនិត្យ​សុខភាព និង​ចំណីអាហារ​ត្រូវតែ​បង្កើន​ការយកចិត្តទុកដាក់​ឲ្យ​បាន​ខ្លាំងក្លា​ទៅលើ​បញ្ហា​សុខភាព​សាធារណៈ ជាពិសេស​ការត្រួតពិនិត្យ​គុណភាព និង​សុវត្ថិភាព​ចំណីអាហារ​ដែល​ដាក់លក់​នៅលើ​ទីផ្សារ គឺជា​ការងារ​ចាំបាច់​មិនអាច​ខ្វះ​បាន ដើម្បី​ធានាថា ចំណីអាហារ​ដែល​គ្រប់គ្នា​បរិភោគ​មាន​ថាមពល​សម្រាប់​ទ្រទ្រង់​រាងកាយ តែ​មិនមែនជា​ថ្នាំពុល​ដែល​បំផ្លាញ​សុខភាព​នោះឡើយ។

ជាការ​កត់សម្គាល់ មួយថ្ងៃ​ក្រោយពី​មាន​ករណី​ពុល​ស្រា​ស្លាប់​មនុស្ស​នេះ ក្រសួង​សុខា​ភិបាល​​ក៏បាន​ធ្វើការ​ក្រើនរំលឹក ជូន​ដល់​ប្រជាជន​ទាំងអស់ ឱ្យមាន​ការប្រុងប្រយ័ត្ន​ការ​ពិសារ​ស្រា​ដែល​បាន​ផលិត ឬ​បាន​បិទ​ដោយ​មិនមាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ រួមទាំង​ការ​ការពារ​ផ្ទាល់ខ្លួន និង​ក្រុមគ្រួសារ​របស់ខ្លួន ដើម្បីឱ្យ​ជៀសផុត​ពី​ករណី​ពុល​ស្រា​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ