អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

កម្ពុជា​ប្រារព្ធ​ទិវា​នារី​អន្តរជាតិ​មិន​ដែល​ខក​ខាន តែ​ក្រោម​រូបភាព​ពីរ​ផ្សេង​គ្នា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ដើម្បី​អបអរ​សាទរ​ដល់​ទិវា​អន្តរជាតិ​នៃ​សិទ្ធិ​ស្ត្រី ប្រទេស​កម្ពុជា​បាន​ប្រារព្ធ​ទិវា​នេះ​ជា​យូរ​មក​ហើយ ដូច​ជា​បណ្តា​ប្រទេស​នានា​លើ​សកល​លោក​ដែរ។ ក៏​ប៉ុន្តែ​រូបភាព​នៃ​ការ​ប្រារព្ធ​ពិធី​របស់​កម្ពុជា មាន​លក្ខណៈ មិន​ឯកភាព​គ្នា ពោល​គឺ​រដ្ឋាភិបាល​អបអរ​ពិធី​នេះ​ផ្សេង ហើយ​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ផ្សឹង ព្រម​ទាំង​លើក​ឡើង​ពី​ប្រធាន​បទ​ខុស​គ្នា​ដែរ។ សិទ្ធិ​សេរីភាព​ចង់​ឲ្យ​មាន​ការ​បើក​ទូលាយ ក្នុង​ការ​ប្រារព្ធ​ទិវា​ស្ត្រី​អន្តរជាតិ​ថ្ងៃ​ ៨​មីនា​នេះ​ ជា​ប្រធាន​បទ ដែល​មាន​ការ​ខ្វែង​គំនិត​គ្នា​រវាង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ និង​រដ្ឋាភិបាល​ផង​ដែរ។

ទិវា​សិទ្ធិនារី​អន្តរជាតិ​​ត្រូវបាន​ប្រារព្ធធ្វើ​ឡើងនៅទូទាំង​ប្រទេសកម្ពុជា​នាពេលកន្លងមក
ទិវា​សិទ្ធិនារី​អន្តរជាតិ​​ត្រូវបាន​ប្រារព្ធធ្វើ​ឡើងនៅទូទាំង​ប្រទេសកម្ពុជា​នាពេលកន្លងមក © សុវណ្ណរ៉ា
ផ្សាយពាណិជ្ជកម្ម

ផ្តើម​ចេញ​ពី​ចលនា​តស៊ូ​របស់​ស្ត្រី​នៅ​សហរដ្ឋ​អាមេរិក កាល​ពី​ចុង​សតវត្ស​ទី ១៩ ក្នុង​ការ​រំដោះ​ខ្លួន​ចេញ​ពី​ការ​កេងប្រវ័ញ្ច​នានា​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម ស្រ្តី​ត្រូវ​បាន​គេ​ទទួល​ស្គាល់ និង​ផ្តល់​សិទ្ធ​ពេញ​លេញ​នៅ​ក្នុង​ការងារ និង​សង្គម​ជា​បន្ត​បន្ទាប់។ កាល​ពី​ឆ្នាំ ១៩១០ សន្និបាត​អន្តរជាតិ​ស្តី​ពី​ស្ត្រី​ ដែល​មាន​ប្រទេស​ចំនួន ១៧ ចូល​រួម បាន​ធ្វើ​ឡើង​នៅ​ទី​ក្រុង កូប៉េន​ហាក ប្រទេស​ដាណាម៉ាក បាន​សម្រេច​យក​ថ្ងៃ​ទី ៨ មីនា ជា​ថ្ងៃ«ទិវា​នារី​អន្តរជាតិ»។ ជា​ថ្ងៃ​មហា​សាមគ្គី​តស៊ូ​របស់​ស្ត្រីពលករ​ទូទាំង​ពិភពលោក ដើម្បី​សេរីភាព ប្រជាធិបតេយ្យ ដោយ​ភា្ជប់​នូវ​ពាក្យ​ស្លោក​ថា«មួយ​ថ្ងៃ​ធ្វើ​ការ​ប្រាំ​បី​ម៉ោង» «ធ្វើ​ការ​ស្មើ​គ្នា បៀវត្សរ៍​ស្មើ​គ្នា» «ការពារ​សុខភាព​មាតា និង​ទារក»។

ចាប់​តាំង​ពី​ពេល​នោះ​មក ថ្ងៃ ៨ មីនា បាន​ក្លាយ​ជា​ថ្ងៃ​បុណ្យ​អន្តរជាតិ​នារី ដែល​រំលឹក​អំពី​ការ​តស៊ូ​របស់​នារី​ពលករ​ទូទាំង​សកល​លោក ដែល​ប្រឹង​ប្រែង​ដើម្បី​រំដោះ​ស្ត្រី ដោយ​ទាម​ទារ​ឲ្យ​អនុវត្ត​សិទ្ធិ​ស្មើ​ភាព​រវាង​បុរស និង នារី។

ដោយ​ឡែក​នៅ​ប្រទេស​កម្ពុជា បន្ទាប់​ពី​ប្រទេស​រួច​ផុត​ពី​ការ​កាប់​សម្លាប់​ពី​សំណាក់​របប​វាល​ពិឃាត​មក ការ​ប្រារព្ធ​សិទ្ធិ​នារី ត្រូវ​បាន​គេ​ចាប់​ផ្តើម​ធ្វើ​ឡើង​វិញ។ កាល​ពី​ទសវត្ស​ឆ្នាំ ៨០ និងទសវត្ស​ឆ្នាំ ៩០ ប្រទេស​កម្ពុជា​បាន​ប្រារព្ធ​ទិវា​ស្ត្រី​នេះ​ឡើង ភាគ​ច្រើន​នៅ​ក្នុង​ចំណោម​អង្គការ​មហាជន និង​ក្នុង​ក្របខ័ណ្ឌ​ស្ថាប័ន​សាធារណៈ​នានា​របស់​រដ្ឋ។

ជា​បន្ត​បន្ទាប់ ពោល​គឺ​ចាប់​តាំង​ពី​មាន​ការ​រៀប​ចំ​បោះ​ឆ្នោត​ដោយ​អង្គការ​សហប្រជាជាតិ នៅ​ឆ្នាំ ១៩៩៣ ការ​ប្រារព្ធ​ទិវា​នារី​អន្តរជាតិ នៅ​ប្រទេស​កម្ពុជា កាន់​តែ​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​ឡើង​ពី​សំណាក់​ស្ត្រី និង មហាជន​ទូទៅ ស្រប​ពេល​ដែល​ស្ត្រី​ខ្មែរ​តំណាង​ឲ្យ ៦​ភាគ​រយ នៃសមាជិក​រដ្ឋសភា​នា​សម័យ​នោះ។

សូម​រំលឹក​ថា​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​ ១៩៩៥ អង្គការ​សហប្រជាជាតិ​បាន​រៀប​ចំ​សន្និសីទ​នារី​ពិភព​លោក​លើក​ទី ៤​នៅ​ទី​ក្រុង​ប៉េកាំង ប្រទេស​ចិន ដោយ​ផ្តោត​ទៅ​លើ​ប្រធាន​បទ «សមភាព វឌ្ឍនភាព និងសន្តិភាព» ដែល​ក្នុង​នោះ​បាន​បន្ថែម​នូវ​កង្វល់​ចំនួន ១២ នៅ​ក្នុង​កិច្ច​ពិភាក្សា នោះ​គឺ «ភាព​ក្រីក្រ ការ​អប់រំ អំពើ​ហឹង្សា ផល​វិបាក​នៃ​ជម្លោះ អាវុធ នារី​ក្នុង​រចនា​សម្ព័ន្ធ​នយោបាយ និង​សេដ្ឋកិច្ច តួ​នាទី​នារី​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត យន្តការ​លើក​កម្ពស់​ការ​រីក​ចំរើន​របស់​ស្ត្រី សិទ្ធិ​នារី​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ បរិស្ថាន និង​បញ្ហា​កុមារី។ កាល​ពី​ឆ្នាំ ២០១៥ ប្រទេស​កម្ពុជា ក៏​បាន​រំលឹក​នូវ​ប្រធាន​បទ​នេះ​ឡើង​វិញ តាម​រយៈ​នៃ​ការ​ប្រារព្ធ​ទិវា​ស្ត្រី​អន្តរជាតិ ខួប​លើក​ទី ១០៤ ដែល​មាន​ប្រធាន​បទ​ថា«ដំណើរ​ឆ្ពោះ​ទៅ​មុខ​ស្ត្រី​កម្ពុជា​ក្រោយ​សន្និសីទ ស្ត្រី​ពិភព​លោក​ឆ្នាំ ១៩៩៥»។

មក​ដល់​ទសវត្ស​ឆ្នាំ ២០០០ និង​ ២០១០ ការ​ប្រារព្ធ​ទិវា​សិទ្ធិ​នារី កាន់​តែ​មាន​សភាព​ផុល​ផុស​ខ្លាំង​។ ផុល​ផុស ដោយ​សារ​តែ​វត្តមាន​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល កាន់​តែ​ច្រើន។ អង្គការ​ទាំង​អស់​នេះ​បាន​ធ្វើ​សកម្មភាព​ទូទៅ​ផង និង​ធ្វើ​សកម្មភាព​ដើម្បី​ជួយ​លើក​កំពស់​សិទ្ធិ និង​ជីវភាព​របស់​ស្ត្រី​ខ្មែរ​ផង។ ស្ត្រី​កាន់​តែ​មាន​ការ​ចូល​រួម​ក្នុង​សង្គម​កាន់​តែ​ច្រើន​ឡើងៗ ក្នុង​នោះ​មាន​វិស័យ​នយោបាយ សង្គម និង​សេដ្ឋកិច្ច។

ដោយបរិបទនយោបាយកម្ពុជា ពីមួយថ្ងៃទៅមួយថ្ងៃមើលទៅហាក់បង្ហាញពីភាពប្រេះឆា ជាហេតុ​ធ្វើ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល និង​រដ្ឋាភិបាល​កម្ពុជា​កាន់​តែ​មាន​គម្លាត​ពី​គ្នា​បន្តិច​ម្តងៗ​។​ ការ​មិន​ងាក​មុខ​ដាក់​គ្នា និង​មិន​ធ្វើ​ការ​ជាមួយ​គ្នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ធ្វើ​ឲ្យ​ខ្លឹម​សារ​ និង​សារសំខាន់ៗ​នៃ​ការ​ប្រារព្ធ​ទិវា​ស្ត្រី​អន្តរជាតិ មាន​លក្ខណៈ​ផ្សេង​ពី​គ្នា ហើយ​ការ​ប្រារព្ធ​ទិវា​ទៀត​សោធ ក៏​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​រូបភាព​ដោយ​ឡែកៗ​ពី​គ្នា​ដែរ។

មិន​ថា​តែ​ទិវា​សិទ្ធិ​នារី​ទេ ដែល​មិន​អាច​ធ្វើ​ពិធី​រួម​គ្នា​បាន​រវាង​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល ដូចជា​នៅ​ប្រទេស ១​ចំនួន​នៅ​លើ​ពិភពលោក ពោល​គឺ​គ្រប់​ទិវា​អន្តរជាតិ​សំខាន់ៗ ក៏​មិន​អាច​ដែរ។ បញ្ហា​នេះ ត្រូវ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ស្តី​បន្ទោស​ថា មាន​ការ​រិត​ត្បិត​សេរីភាព​ពី​អាជ្ញាធរ ក្នុង​នោះ​មាន​ការ​ដង្ហែរ​ក្បួន និង​ការ​ប្រារព្ធ​ធ្វើ​នៅ​ទី​សាធារណៈ។ ក៏​ប៉ុន្តែ​ខាង​រដ្ឋាភិបាល​ក៏​មាន​ទឡ្ហីករណ៍​ដែរ​ថា ការ​ហាម​ឃាត់​នានា​គឺ​ដើម្បី​សុវត្ថិភាព និង​សណ្តាប់​ធ្នាប់​សាធារណៈ។

ទោះ​យ៉ាង​ណា ក្រោម​ប្រធាន​បទ«ស្ត្រី​ដើម្បី​សុខ​សន្តិភាព និង​វឌ្ឍនភាព» ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​លើក​ឡើង​នៅ​ក្នុង​ឱកាស​ប្រារព្ធ​ខួប​លើក​ទី ១០៦​នៅ​ឆ្នាំ​នេះ ស្ត្រី​បាន​ចូល​រួម​ជាង ៤៥ភាគ​រយ នៅ​ក្នុង​វិស័យ​កសិកម្ម ជាង ៤៧​ភាគ​រយ នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម និង ៣៥,៥​ភាគ​រយ នៅ​ក្នុង​វិស័យ​សេវាកម្ម ដែល​ទាំង​អស់​នេះ​បង្ហាញ​ពី​ការ​ចូល​រួម​របស់​ស្ត្រី​នៅ​ក្នុង​វិស័យ​ដ៏​សំខាន់​របស់​ប្រទេស​គឺ​វិស័យ​សេដ្ឋកិច្ច។ ដោយ​ឡែក​ស្ត្រី​ចូល​រួម​ក្នុង​វិស័យ​នយោបាយ មាន​ប្រមាណ​ជាង ២០​ភាគ​រយ​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ